Friday, January 17, 2025
Homeសង្គម និងជីវិតរឿងមិនគួរនឹកស្មានសោះ! ឌុបកម្មករទៅបិទស្លាកបូមលូ ឃើញឳកាសល្អ បែកគំនិតរឹតកថៅកែស្រីប្លន់ទ្រព្យសម្បត្តិ

រឿងមិនគួរនឹកស្មានសោះ! ឌុបកម្មករទៅបិទស្លាកបូមលូ ឃើញឳកាសល្អ បែកគំនិតរឹតកថៅកែស្រីប្លន់ទ្រព្យសម្បត្តិ

ខេត្តសៀមរាប ៖ ស្ត្រីជាថៅកែបូមលូបង្គន់ម្នាក់ បានជិះម៉ូតូដឹកយុវជនជាកម្មករម្នាក់ ដើរបិទស្លាកយីហោបូមលូ លុះដល់កន្លែងស្ងាត់ ក៏ត្រូវជនសង្ស័យជាកម្មករបែកគំនិតធ្វើសកម្មភាពរឹតកប្លន់យកលុយកាក់ គ្រឿងអលង្ការ រួមនឹងម៉ូតូជិះគេចខ្លួន តែភ្លាមៗនោះក៏ត្រូវបានសមត្ថកិច្ច ប្រដេញតាមចាប់ខ្លួនបានយកមកចាត់ការតាមច្បាប់។

ហេតុការណ៍កម្មកររឹតកប្លន់ថៅកែស្រីបូមលូបង្គន់ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២ និង៣០នាទី ថ្ងៃត្រង់ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ នៅចំណុចទំនប់៧៨ ស្ថិតក្នុងភូមិក្រសាំងរលើង សង្កាត់សៀមរាប ក្រុងសៀមរាប។

ស្ត្រីរងគ្រោះដែលត្រូវកម្មកររបស់ខ្លួនរឹតកប្លន់យកទ្រព្យសម្បត្តិនេះ មានឈ្មោះហន ពៅធីតា អាយុ៣២ឆ្នាំ ជាថៅកែបូមលូបង្គន់។ ចំណែកជនសង្ស័យ មានឈ្មោះសឿន សុលាភ ហៅវីត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករបូមលូបង្គន់។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញស្ត្រីរងគ្រោះខាងលើ បានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ សៀមរាប 1Q-7329 ដឹកជនសង្ស័យពីក្រោយ ដើម្បីដើរបិទស្លាកបូមលូបង្គន់ និងលេខទូរស័ព្ទ នៅតាមផ្លូវសាធារណៈ។ លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ដែលជាកន្លែងស្ងាត់ ស្រាប់តែជនសង្ស័យ បានធ្វើសកម្មភាពរឹតកស្ត្រីរងគ្រោះ ធ្វើឱ្យស្ត្រីរងគ្រោះដួលម៉ូតូ ហើយភ្លាមនោះ ជនសង្ស័យបានប្លន់យកកាបូបស្ពាយ និងគ្រឿងអលង្ការ ព្រមទាំងម៉ូតូរបស់ស្ត្រីរងគ្រោះ១គ្រឿង រួចជិះរត់គេចចេញពីកន្លែងកើតហេតុភ្លាមៗ។

ប្រភពដដែលបន្តថា ក្រោយកើតហេតុ ស្ត្រីរងគ្រោះបានស្រែកឆោឡោ ផ្អើលដល់ប្រជាពលរដ្ឋក្បែរកន្លែងកើតហេតុ ជួយរាយការណ៍ប្តឹងសមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍ និងប្រដេញតាម រហូតឈានដល់ការចាប់ជនសង្ស័យខាងលើបាន បន្ទាប់ពីកើតហេតុភ្លាមៗ និងបានដកហូត ទ្រព្យសម្បត្តិមកប្រគលក់ជូនស្ត្រីរងគ្រោះវិញ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេ គឺជាកម្មកររបស់ស្ត្រីរងគ្រោះ ហើយនៅមុនពេលកើតហេតុ ថៅកែស្រី (ស្ត្រីរងគ្រោះ) បានហៅឱ្យរូបគេឡើងជិះម៉ូតូជាមួយ ដើម្បីចេញទៅដើរបិទស្លាកយីហោបូមលូបង្គន់ និងលេខទូរស័ព្ទនៅតាមទីសាធារណៈ។ លុះក្រោយពីធ្វើដំណើរទៅដល់ចំណុចកើតហេតុខាងលើ ដែលជាកន្លែងស្ងាត់ល្អ ទើបធ្វើឱ្យរូបគេបែកគំនិត ចាប់ច្របាច់កថៅកែស្រីប្លន់ទ្រព្យសម្បត្តិតែម្តង តែសំណាងមិនល្អ រត់គេចមិនរួច ក៏ត្រូវសមត្ថកិច្ចចាប់ក្របួចជាប់។

សមត្ថកិច្ចបានឱ្យដឹងថា បន្ទាប់ពីចាប់ខ្លួនជនសង្ស័យបាន សមត្ថកិច្ចបានដកហូតវត្ថតាងរួមមាន ម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ មួយគ្រឿង ប្រាក់ដុល្លារចំនួន១៣១៥ដុល្លារ ប្រាក់រៀលចំនួន ១ ១៤០ ០០០រៀល កងដៃ១ឈុត, ចិញ្ចៀន២វង់ រួមនឹងក្រវឹល១គូផងដែរ។
ទ្រព្យសម្បត្តិ លុយុកាក់ គ្រឿងអលង្ការ រួមនឹងម៉ូតូ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យស្ត្រីរងគ្រោះ ជាម្ចាស់ដើមវិញអស់ហើយ។

ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចរៀបចំ កសាងសុំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធិី៕

RELATED ARTICLES