Sunday, February 2, 2025
Homeសង្គម និងជីវិតបុរស២នាក់ដើរឆក់ត្រី ភ្លាត់ស្នៀតឆក់ស្លាប់១

បុរស២នាក់ដើរឆក់ត្រី ភ្លាត់ស្នៀតឆក់ស្លាប់១

ខេត្តមណ្ឌលគិរី ៖ បុរស២នាក់ បាននាំគ្នាដើរឆក់ត្រីនៅក្នុងអូរទឹកខាងក្រោយភូមិ ស្រាប់តែងកុសល ភ្លាត់ស្នៀត ឆក់ខ្លួនឯង បណ្តាលឱ្យស្លាប់ម្នាក់ ចំណែកម្នាក់ទៀតរងរបួសស្រាល កាលពីវេលាម៉ោង១ និង៥០នាទីរសៀល ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ នៅចំណុចអូរខាងក្រោយភូមិ ស្ថិតក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង។

បុរសរងគ្រោះ ដែលឆក់ត្រីភ្លាត់ស្នៀតបែរជាឆក់ស្លាប់ខ្លួនឯង មានឈ្មោះតេង ចាន់ អាយុ២០ឆ្នាំ មុខរបរកសិករ។ ចំណែកជនរងគ្រោះ ដែលទទួលរងរបួសស្រាល មានឈ្មោះស៊ឹម វ៉ាន់នឿន អាយុ២៦ឆ្នាំ មុខរបរកសិករ។ ជនរងគ្រោះទាំង២នាក់ មានលំនៅក្នុងភូមិឃុំកើតហេតុ ខាងលើជាមួយគ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំង២នាក់ខាងលើ បាននាំគ្នាចេញទៅដើរឆក់ត្រី ដោយក្នុងនោះជនរងគ្រោះឈ្មោះតេង ចាន់ ជាអ្នកស្ពាយអាគុយ និងឧបករណ៍ឆក់ជាប់ខ្លួន ចំណែកជនរងគ្រោះឈ្មោះស៊ឹម វ៉ាន់នឿន ជាអ្នកកាន់ធុងសម្រាប់ដាក់ត្រី។ លុះក្រោយពីដើរឆក់ត្រីនៅក្នុងអូរទីតាំងកើតហេតុ បានមួយសន្ទុះ ស្រាប់តែជនរងគ្រោះឈ្មោះស៊ឹម វ៉ាន់នឿន បានរត់ត្រឡប់មកភូមិវិញទាំងត្រហេបត្រហប ស្រែកឆោឡោថា ជនរងគ្រោះឈ្មោះតេង ចាន់ ឆក់ត្រីភ្លាត់ស្នៀត ឆក់ខ្លួនឯងស្លាប់បាត់ទៅហើយ ចំណែករូបគេនៅក្បែរនោះដែរ គ្រាន់តែរងរបួសស្រាល និងបានស្ទុះក្រោកចេញពីទឹកទាន់ពេល ទើបមិនប៉ះពាល់ដល់អាយុជីវិត។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារតែឆក់ត្រីភ្លាត់ស្នៀត បណ្តាលឱ្យឆក់ខ្លួនឯងស្លាប់ប្រាកដមែន។

សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ច ប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES