ខេត្តសៀមរាប ៖ ក្មេងប្រុសម្នាក់ ឃើញគេបូមទឹកស្រះចាប់ត្រីរីងមួយចំហៀង នៅសល់មួយចំហៀង ក៏បានចុះទៅចាប់ត្រីតែម្នាក់ឯង បណ្តាលឱ្យរអិលជើងធ្លាក់ចូលទឹកជ្រៅ លង់ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ នៅចំណុចស្រះទឹកមួយកន្លែង ស្ថិតក្នុងភូមិទន្លេស ឃុំនគរភាស ស្រុកអង្គរជុំ។
ក្មេងប្រុសរងគ្រោះ ដែលលង់ទឹកស្លាប់ មានឈ្មោះដា ធាន អាយុ៧ឆ្នាំ រស់នៅក្នុងបន្ទុកឪពុកម្តាយ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីកន្លេងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ អ្នកភូមិបាននាំគ្នាដាក់ម៉ាស៊ីនបូមទឹកចេញពីក្នុងស្រះទីតាំងកើតហេតុ ខាងលើដោយបូមរីងមួយចំហៀង ដើម្បីចាប់ត្រី នៅសល់មួយចំហៀងទៀតមិនទាន់បានបូមទឹកចេញនៅឡើយ។ លុះមកដល់វេលាម៉ោង កើតហេតុខាងលើ ក្មេងប្រុសរងគ្រោះ បានដើរទៅលេងនៅក្បែរស្រះទឹកនោះ លុះទំនងជាឃើញត្រីក្នុងស្រះទឹកមួយចំហៀងដែលមិនទាន់ បូមទឹកចេញ ក៏ចុះទៅចាប់ ទើបធ្វើឱ្យលង់ទឹកស្លាប់យ៉ាងអាណោចអាធ័មបែបនេះតែម្តង។
ក្រោយកើតហេតុ ក្រុមគ្រួសារ បាត់កូនប្រុស ក៏នាំគ្នាដើរតាមរក លុះសង្ស័យថាកូនប្រុសធ្លាក់ចូលស្រះទឹក ក៏នាំគ្នាចុះរាវរក ស្រាប់តែប្រទះឃើញកូនប្រុសលង់ទឹកស្លាប់បាត់ទៅហើយ។
បន្ទាប់ពីចុះពិនិត្យ និងធ្វើកោសល្យវិច័យសពរួចរាល់ សមត្ថកិច្ចជំនាញបានបញ្ជាក់ថា ក្មេងប្រុសរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹក ប្រាកដមែន។
សាកសពក្មេងប្រុសរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕