Saturday, January 18, 2025
Homeសង្គម និងជីវិតជាងសំណង់ឡើងរន្ទារៀបជញ្ជាំង បាក់ធ្លាក់ឥដ្ឋសង្កត់បែកក្បាលស្លាប់

ជាងសំណង់ឡើងរន្ទារៀបជញ្ជាំង បាក់ធ្លាក់ឥដ្ឋសង្កត់បែកក្បាលស្លាប់

ខេត្តកណ្តាល ៖ ជាងសំណង់១ក្រុម បាននាំគ្នារៀបចំតម្លើងរន្ទាឈើ រួចជញ្ជូនឥដ្ឋដាក់ពីលើរន្ទា ដើម្បីងាយស្រួលឡើងរៀបឥដ្ឋ ស្រាប់តែអកុសល ពេលកំពុងឡើងលើរន្ទារៀបជញ្ជាំងឥដ្ឋសុខៗ រន្ទាឈើនោះក៏បានបាក់ ធ្វើឱ្យធ្លាក់ទាំងមនុស្សទាំងឥដ្ឋមកដី បណ្តាលឱ្យឥដ្ឋសង្កត់ជាងសំណងម្នាក់បែកក្បាលស្លាប់ ចំណែកម្នាក់ទៀតទទួលរងរបួសធ្ងន់។

ហេតុការណ៍បាក់រន្ទាធ្លាក់ឥដ្ឋសង្កត់ជាងសំណង់ម្នាក់ស្លាប់ ចំណែកម្នាក់ទៀតរងរបួសធ្ងន់នេះ បានកើតឡើង កាលពីវេលាម៉ោង ៧ព្រឹក ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ នៅចំណុចការដ្ឋានសំណង់ផ្ទះល្វែងមួយកន្លែង ស្ថិតក្នុងភូមិព្រែកអំបិល ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។

បុរសរងគ្រោះដែលត្រូវរន្ទាឈើបាក់ធ្លាក់ឥដ្ឋសង្កត់ស្លាប់ មានឈ្មោះសាក់ ពូន អាយុ៤៨ឆ្នាំ មុខរបរជាងសំណង់ មានលំនៅភូមិព្រែកថ្មី ឃុំព្រែកអំបិល ស្រុកស្អាង។ ចំណែកបុរសរងគ្រោះដែលទទួលរងរបួសធ្ងន់ មានឈ្មោះហេង ឡា អាយុ៥៤ឆ្នាំ មុខរបរជាងសំណង់ (មេជាង)។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា នៅមុនពេលកើតហេតុ ក្រុមជនរងគ្រោះ បាននាំគ្នាទទួលម៉ៅការសាងសង់ផ្ទះឱ្យបុរសឈ្មោះហាយ ងុយ អាយុ៥៨ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ លុះមកដល់វេលាម៉ោង៧ព្រឹក ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ ជនរង គ្រោះ និងក្រុមការងារ បាននាំគ្នាមកធ្វើការដូចសព្វមួយដង។ នៅពេលមកដល់កន្លែងធ្វើផ្ទះ ជនរងគ្រោះឈ្មោះសាក់ ពូន និងជនរងគ្រោះឈ្មោះ ហេង ឡា ក៏ឡើងលើរន្ទាឈើកម្ពស់ជាង៣ម៉ែត្រ ថែមទាំងលើកដុំឥដ្ឋដាក់លើរន្ទាជាច្រើនដុំទៀត។ ស្រាប់តែពេលកំពុងរៀបឥដ្ឋសុខៗ រន្ទាឈើនោះបានបាក់ បណ្តាលឱ្យធ្លាក់ចុះមកក្រោម ទាំងឥដ្ឋទាំងមនុស្ស និងធ្វើឱ្យដុំឥដ្ឋទាំងនោះធ្លាក់សង្កត់លើជនរងគ្រោះឈ្មោះសាក់ ពូន ត្រូវមុខ និងក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ចំណែកជនរងគ្រោះឈ្មោះហេង ឡា ត្រូវរបួសត្រឹមចង្កេះចុះក្រោម និងត្រូវបានអ្នករួមការងារជួយដឹកបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យឯកជន។

ក្រោយពីទទួលបានព័ត៌មានខាងលើ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំបិល និងជំនាញពិនិត្យហេតុស្រុកស្អាង សហការណ៍ជាមួយលោកមេឃុំ មេភូមិ បានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះមានស្លាកស្នាមផុងលើផ្ទៃមុខ និងស្មាមជាំលើដើមទ្រូង ដោយសារដុំឥដ្ឋសង្កត់ ក្រៅពីនេះពុំមានស្លាកស្នាមអ្វីឡើយ។

តាមសម្តីម្ចាស់ផ្ទះ និងអ្នកជិតខាង បានបំភ្លឺថា ជនរងគ្រោះខាងលើពិតជាបានធ្លាក់ពីលើរន្ទាស្លាប់ប្រាកដមែន។

ក្រោយពិនិត្យរួចរាល់ សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES