ខេត្តតាកែវ ៖ ជារឿងគួរឱ្យសង្វេគបំផុត សម្រាប់នារីវ័យក្មេងរូបនេះ ខណៈដែលកំពុងបន្តការសិក្សាសុខៗ ស្រាប់តែកើតមានជំងឺហើមជើងដើរមិនរួច ត្រូវក្រុមគ្រួសារបញ្ជូនទៅក្រៅប្រទេសវះកាត់រួចរាល់ បែរជាកើតមានជំងឺកាចសាហាវថែមទៀត គឺជំងឺរលាកស្រោមខួរ និងរបេងខួរក្បាល រហូតដល់ក្រុមគ្រូពេទ្យជំនាញអស់លទ្ធភាពព្យាបាល បណ្តាលឱ្យនិស្សិតស្រីរូបស្រស់ម្នាក់នេះ បានលាចាកលោកទាំងវ័យក្មេង ធ្វើឱ្យទាំងក្រុមគ្រួសារ រួមនឹងមិត្តភក្តិ បានសម្តែងនូវទឹកចិត្តស្រណោះអាល័យរកទីបំផុតគ្មាន។
និស្សិតស្រីអភ័ព្វ ដែលត្រូវជំងឺដ៏កាចសាហាវឆក់យកជីវិតទៅទាំងវ័យក្មេង មានឈ្មោះ ហ៊ាន ដាលីន (Dalin Hean) ជានិស្សិតឆ្នាំទី២ វេនយប់ នៃដេប៉ាតឺម៉ង់ភាសាជប៉ុន នៃវិទ្យាស្ថានភាសាបរទេស (IFL) សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងមានស្រុកកំណើតនៅភូមិទន្លាប់ ឃុំសឹង្ហ ស្រុកសំរោង។ ប្អូនស្រី ហ៊ាន ដាលីន បានទទួលមរណភាពកាលពីវេលាម៉ោង៥ និង១៤នាទីទៀបភ្លឺ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហៅពេទ្យរុស្ស៊ី ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
យោងតាមគណនីហ្វេសប៊ុក របស់ព្រះតេជគុណ Moun Rotha កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ បានបង្ហោះរូបភាពរបស់ប្អូនស្រី ហ៊ាន ដាលីន ចំនួន៣សន្លឹក ដែលរូបទី១បង្ហាញពីស្ថានភាពរបស់ប្អូនស្រីកាលពីនៅមានសុខភាពធម្មតា មិនទាន់មានជំងឺ រូបទី២ ស្ថិតក្នុងស្ថានភាព ពេលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ និងរូបភាពទី៣ស្ថានភាពចុងក្រោយ បន្ទាប់ពីបាត់បង់ជីវិត ព្រមទាំងបង្ហោះសារមួយថា “សូមចូលរួម រំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះប្អូនស្រី Hean Dalin ដែលប្អូនស្រីបានបាត់បង់ជីវិតនៅមន្ទីរពេទ្យរុស្សី កាលពីរំលងអធ្រាត្រ។ បញ្ជាក់ សពរបស់ ប្អូនស្រីដាលីន ប្រារឰធ្វើនៅភូមិទន្លាប់ ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ។ អាស្រ័យដូចនេះ សូមព្រះករុណាម្ចាស់ ញោមញាតិ និងមិត្តភក្តិ ព្រមទាំងអ្នកដែលតែងតែស្គាល់ប្អូនស្រី ដែលមានចិត្តអាណិតអាសូរ សូមនិមន្ត និងអញ្ជើញចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព តាមកម្លាំងសទ្ធាជ្រះថ្លា។ ថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០១៨…”។
ចំណែកម្ចាស់គណនីហ្វេសប៊ុក Dara Sambath បានបង្ហោះសារក្រៀមក្រំមួយថា “សូមចូលរួម រំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះប្អូនស្រី Hean Dalin ដែលប្អូនស្រីបានបាត់បង់ជីវិតនៅមន្ទីរពេទ្យរុស្សី កាលពីរំលងអធ្រាត្រ សូមុឱ្យវិញ្ញាណក្ខន្ធរបស់ប្អូនស្រីបានកាន់សុគតិភពផងចុះ ហើយសូមប្អូនស្រីកើតជាតិណាៗសូមមានអាយុយឺនយូរ កុំឱ្យអាយុខ្លីដូចជាតិនេះ…”។
ជាមួយនេះ គណនីហ្វេសប៊ុក Bora Sry ក៏បានបង្ហោះសារក្រៀមក្រំមួយផងដែរថា “បងលីនបានទទួលមរណភាពចោលពួកយើងហើយ សម្លេងស្រែកយំសោកស្តាយរបស់ក្រុមគ្រួសារសព ទាមទារឱ្យបងស្រីត្រលប់មកវិញ តែវាមិនអាច សូមឱ្យបងទៅបានសុខ ជាតិនេះជាតិក្រោយ កើតជាមនុស្សល្អ កុំដូចជាតិនេះ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៥ និង១៤នាទីទៀបភ្លឺ…”។
ដោយឡែក ម្ចាស់គណនី Chomroeun Heang បានបង្ហោះសារមួយថា “សេចក្តីថ្លែងអំណរគុណ ជាដំបូងខ្ញុំបាទ សូមគោរពជំរាបសួរពុកម៉ែ បងប្អូនទាំងអស់គ្នាជាទីរាប់អាន! ខ្ញុំសូមជម្រាបជូនដល់សប្បុរសជនទាំងអស់គ្នា ដែលបានជួយសប្បុរសធម៌ចំពោះបងស្រី ដាលីន កន្លងមក ឱ្យបានជ្រាបជាពត៌មានថា បងស្រី ដាលីន បានលាចាកលោកនេះហើយ ក្នុងវ័យ២៣ឆ្នាំ កាលពីវេលាម៉ោង ៥ៈ១៤នាទីព្រឹក ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨។
ក្រុមគ្រូពេទ្យបានប្រឹងប្រែងជួយសង្គ្រោះគាត់អស់ពីសមត្ថភាពហើយ ប៉ុន្តែដោយសារតែជងឺនេះ មានសភាពធ្ងន់ធ្ងរពេក ទើបក្រុមគ្រូពេទ្យមិនអាចជួយបាន។ ហើយសពបងស្រី បានយកទៅតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ដែលមានទីតាំងស្ថិតនៅភូមិទន្លាប់ ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ។
តាងនាមខ្ញុំបាទ ជំនួសមុខឱ្យក្រុមគ្រួសារបងស្រីដាលីន ផ្ទាល់ ខ្ញុំបាទសូមលើកម្រាមដៃទាំងដប់ សូមថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅទៅកាន់សប្បុរសជន លោកគ្រូអ្នកគ្រូ ពិសេសលោកគ្រូអ្នកគ្រូប្រធានដេប៉ាតឺម៉ង់ភាសាជប៉ុន សិស្សច្បង សិស្សប្អូន ព្រមទាំងមិត្តភក្តិនៃដេប៉ាតឺម៉ង់ English DIS Japanese IBM ទេសចរណ៍ (RUPP) នៃវិទ្យាស្ថានភាសាបរទេស (RUPP) សប្បុរសជនដែលនៅជប៉ុន កូរ៉េ និងអាមេរិក មិត្តភក្តិឆ្ងាយជិតទាំងអស់គ្នាខ្លាំងណាស់ ដែលបានផ្តល់នូវកម្លាំងចិត្ត និងជំនួយជាប្រាក់ឧបត្ថម្ភនិងទឹកចិត្តកន្លងមក។ នេះពិតជាទឹកចិត្តយ៉ាងធំធេងរបស់បងប្អូនជនរួមជាតិ ដែលឈឺឆ្អាលជួយសង្គ្រោះដល់ក្រុមគ្រួសារបងស្រី ហ៊ាន ដាលីន ដែលជាមិត្តរួមថ្នាក់របស់ខ្ញុំបាទ។ ជាចុងក្រោយ ខ្ញុំបាទសូមគោរពជូនពរបងប្អូនសប្បរសជនទាំងអស់ឱ្យជួបតែសេចក្តីសុខ និងសុភមង្គលគ្រប់ប្រការជានិរន្ត…”។
យោងតាមប្រភពពីមិត្តភក្តិជិតស្និទ្ធរបស់កញ្ញា ហ៊ាន ដាលីន បានបញ្ជាក់ឱ្យដឹងថា កន្លងមក នៅអំឡុងពេលដែលកំពុងបន្តការសិក្សានៅភ្នំពេញ ដាលីន បានកើតមានបញ្ហានៅត្រង់ប្រអប់ជើងខាងស្តាំ ដោយចេះតែហើម និងពិបាកដើរ និងមិនអាចសន្និដ្ឋានបានថាជាជំងឺអ្វី (ប្រមាណជា២ឆ្នាំ)។
បន្ទាប់មក ដាលីន បានផ្អាកការសិក្សាប្រមាណជា៣ខែមុន (ពេលចូលដល់ជិតពាក់កណ្តាលឆមាសទី១នៃឆ្នាំសិក្សាទី២)។ ដោយសារអាការៈជើងកាន់តែធ្ងន់ធ្ងរ ទើបនៅក្នុងខែមីនានេះ ក្រុមគ្រួសារបានបញ្ចូន ដាលីន ទៅមន្ទីរពេទ្យឯខេត្តសុរិន្ទ ប្រទេសថៃ ដើម្បីធ្វើការ ព្យាបាល នឹងវះកាត់នៅត្រង់ប្រអប់ជើងខាងស្តាំនោះ ប៉ុន្តែលទ្ធផលគ្រូពេទ្យនៅតែមិនអាចបញ្ជាក់បានថា ជាជម្ងឺអ្វីឱ្យប្រាកដឡើយ។
បន្ទាប់ពីវះកាត់ជើងប៉ុន្មានថ្ងៃក្រោយ ស្រាប់តែកញ្ញា ហ៊ាន ដាលីន បានលេចចេញនូវអាការៈថ្មីមួយទៀត ប៉ះពាល់នឹងខួរក្បាល ដែលបណ្តាលឱ្យ ដាលីន បាត់បង់ស្មារតី រវើរវាយនិយាយមិនដឹងខ្លួន។ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ ក្រុមគ្រួសារបានបញ្ជូនទៅពិនិត្យតាមដានអាការៈបន្តនៅមន្ទីរពេទ្យកាល់ម៉ែត ក្នុងរាជធានីភ្នំពេញ តាមរបាយការណ៍ការពិនិត្យចុងក្រោយ ខាងមន្ទីរពេទ្យ ប្រាប់ថា ដាលីន បានកើតមានជម្ងឺរលាកស្រោមខួរ និងរបេងខួរក្បាល។
ដោយសារតែស្ថានភាពជំងឺរបស់កញ្ញា ហ៊ាន ដាលីន ចេះតែធ្ងន់ធ្ងរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ជាហេតុធ្វើឱ្យក្រុមគ្រួសារត្រូវសម្រេចចិត្ត លក់ទ្រព្យសម្បត្តិមួយចំនួន ដើម្បីដោះស្រាយថ្លៃព្យាបាល តែការចំណាយនៅមានការខ្វះខាតខ្លាំងណាស់ ជាមួយនេះមិត្តរួមថ្នាក់ លោកគ្រូអ្នកគ្រូ រួមនឹងសប្បុរសជននានាជាច្រើន បានព្យាយាមជួយឧបត្ថម្ភតាមលទ្ធភាពរៀងៗខ្លួនដែលអាចធ្វើបានដែរ ដោយសារតែគ្រប់គ្នាមានទឹកចិត្តអាណិត ស្រលាញ់ ដាលីន ដែលជាមនុស្សល្អ ស្លូតបូត ចេះជួយអ្នកដទៃ និងមានសណ្តានចិត្ត តែទីបំផុត សូម្បីតែក្រុមគ្រូពេទ្យជំនាញក៏អស់លទ្ធភាពនឹង ជួយសង្គ្រោះជីវិតរបស់ ដាលីន បានដែរ រហូតដល់ ដាលីន ត្រូវចាកចោលក្រុមគ្រួសារ មិត្តភក្តិ មនុស្សធ្លាប់ស្រលាញ់រាប់អានគ្នា ទាំងវ័យក្មេង រហូតធ្វើឱ្យគ្រប់គ្នាស្ទើរមិនអាចធ្វើចិត្តទទួលយកការពិតបាន៕