Saturday, January 18, 2025
Homeសង្គម និងជីវិតសល់តែ២០ថ្ងៃទៀតចូលរោងការ កូនក្រមុំបាត់ខ្លួន

សល់តែ២០ថ្ងៃទៀតចូលរោងការ កូនក្រមុំបាត់ខ្លួន

ខេត្តកំពង់ស្ពឺ ៖ យុវតីម្នាក់ បានភ្ជាប់ពាក្យមានគូដណ្តឹងរួចទៅហើយ និងត្រូវបានចាស់ទុំទាំងសងខាងកំណត់ជ្រើសយកពេលារៀបការ នៅមុនឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខ ដោយគិតទៅនៅសល់ត្រឹមតែ២០ថ្ងៃទៀតប៉ុណ្ណោះ ដល់ថ្ងៃចូលរោងការទៅហើយ ស្រាប់តែនៅសុខៗ ភាគីកូនក្រមុំបែរជាបាត់ខ្លួនចេញពីផ្ទះ ដោយគ្មានដំណឹង ធ្វើឱ្យក្រុមគ្រួសារដើរតាមស្វែងរកឆ្វែងឆ្វាត់ សព្វកន្លែងនៅតែមិនឃើញ រហូតដល់ឪពុកម្តាយធ្លាក់ខ្លួនឈឺ ដេកព្រួយរឿងបាត់កូនក្រមុំផង រឿងសងបណ្ណាការខាងប្រុសផង។

យុវតីដែលជិតដល់ថ្ងៃចូលរោងការទៅហើយ បែរជាបាត់ខ្លួនដោយគ្មានដំណឹងនេះ មានឈ្មោះពៅ ប៊ុនឡា អាយុ២០ឆ្នាំ មានលំនៅក្នុង ភូមិតាំងរបង ឃុំខ្ទុំក្រាំង ស្រុកសំរោងទង។ យុវតីរូបនេះ បានបាត់ខ្លួនចេញពីផ្ទះ តាំងពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ មកម៉្លេះ ហើយទោះជា ក្រុមគ្រួសារតាមរកយ៉ាងណា ក៏នៅតែមិនទាន់ទទួលបានដំណឹងសោះ មិនដឹងសុខទុក្ខយ៉ាងណាឡើយ។

តាមប្រភពពីសាច់ញាតិយុវតីខាងលើ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ ពោលគឺនៅសល់តែ ២០ថ្ងៃទៀតដល់ថ្ងៃចូលរោងការទៅហើយ ស្រាប់តែនាង ពៅ ប៊ុនឡា នៅសុខៗក៏បាត់ខ្លួនចេញពីផ្ទះ ដោយមិនផ្តល់ដំណឹងប្រាប់អ្នកណាម្នាក់ទាល់តែសោះ។

ភ្លាមៗនោះ ក្រុមគ្រួសារ សាច់ញាតិ ពិសេសខាងកូនកំលោះ បានចែកផ្លូវគ្នាតាមរកនាង ពៅ ប៊ុនឡា សព្វកន្លែងដែរ តែរកយ៉ាងណាក៏នៅតែមិនឃើញ ទើបធ្វើឱ្យមានការព្រួយបារម្ភ និងសង្ស័យថា អាចមានជនខិលខូចអូសទាញ នាងប៊ុនឡា ក្នុងផ្លូវមិនល្អណាមួយ ហើយល្បួងយកទៅ។

ប្រភពដដែលបន្តថា ដោយសារតែព្រួយបារម្ភពីសុខទុក្ខ និងសុវត្ថិភាពកូនស្រី ទើបឪពុកម្តាយ និងសាច់ញាតិបានដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ និងបានសំណូមពរឱ្យសមត្ថកិច្ច ជួយស្វែងរកកូនស្រីត្រឡប់មកផ្ទះវិញផង។ ព្រោះរាប់ចាប់តាំងពីកូនស្រីបាត់ខ្លួនទៅ ឪពុកបានធ្លាក់ខ្លួនឈឺជាទំងន់ ចំណែកក្រុមគ្រួសារកំពុងព្រួយបារម្ភ ទាំងសុវត្ថិភាពរបស់កូនស្រី និងបញ្ហាប្រឈមធំមួយទៀត គឺបើកូនស្រីនៅតែបាត់ខ្លួន រហូតមិនអាចចូលរោងការនៅពេលខាងមុខបាន ឪពុកម្តាយច្បាស់ជាប្រឈម រ៉ាប់រងសងថ្លៃបណ្ណាការដល់ខាងកូនកម្លោះជាក់ជាមិនខានឡើយ។

ទន្ទឹមនឹងនេះ ក្រុមគ្រួសារយុវតីខាងលើ បានអំពាវនាវដល់នាងពៅ ប៊ុនឡា បើបានដឹងដំណឹងនេះហើយ ត្រូវត្រឡប់មកផ្ទះវិញជាបន្ទាន់ ព្រោះឪពុកកំពុងមានជំងឺជាទំងន់ ព្រោះតែបារម្ភពីសុខទុក្ខកូនស្រី ហើយទោះជាមានរឿងអ្វីកើតឡើងក៏ដោយ ក៏ឪពុកម្តាយមិនប្រកាន់ទោសអូស ដំណើរអ្វីនឹងកូនស្រីឡើយ សំខាន់ឱ្យតែកូនស្រីត្រឡប់មកផ្ទះវិញប្រកបដោយសុវត្ថិភាព៕

RELATED ARTICLES