ភ្នំពេញ ៖ បុរសជាជនជាតិម៉ាឡេស៊ីម្នាក់ កំពុងតែចូលរួមសិក្ខាសាលាមួយ នៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ស្រាប់តែកើតមានអាការៈខ្យល់គរ បណ្តាលឱ្យដួលសន្លប់បាត់ស្មារតី និងត្រូវអ្នកចូលរួមសិក្ខាសាលាប្រញាប់ដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ស្រាប់តែអកុសល ពេលដឹកទៅដល់គ្រូពេទ្យបានប្រាប់ថា ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
ហេតុការណ៍ខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៣និង២០នាទីរសៀល ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ នៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ តាមផ្លូវសហព័ន្ធរុស្សី ស្ថិតក្នុងក្រុមទី៦២ ភូមិ១៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។
បុរសរងគ្រោះដែលខ្យល់គរដួលស្លាប់ក្នុងបន្ទប់សិក្ខាសាលានេះ មានឈ្មោះមហាម៉ាត់ហ្សាមរី (MOHAMAD ZAMRI BIN BAHADUN) អាយុ៥៣ឆ្នាំ ជាជនជាតិម៉ាឡេស៊ី មុខរបរជំនួយការរដ្ឋបាលសាកលវិទ្យាល័យ យូថារ៉ា (UTARA) នៃប្រទេសម៉ាឡេស៊ី ស្នាក់នៅបណ្តោះអាសន្ន ក្នុងផ្ទះសំណាក់រាំងភ្នំ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
តាមសម្តីបុរសឈ្មោះអើ ស្អារីពិន សល់ឡេះ អាយុ៤៨ឆ្នាំ ជាជនជាតិខ្មែរឥស្លាម មុខរបរគ្រូបង្រៀន សាលានរ៉ុនអីម៉ាន់ នៅឃុំឬស្សី ជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល បានរៀបរាប់ប្រាប់ថា កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល១០ព្រឹក ជនរងគ្រោះ បានមកពីប្រទេសម៉ាឡេស៊ី ក្នុងគោលបំណងមកទស្សនកិច្ចនៅសាលានរ៉ុនអីម៉ាន់ នៅឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ លុះដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល១៤រសៀល ជនរងគ្រោះបានមកចូលរួមសិក្ខាសាលានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមានការចូលរួមពីជនជាតិម៉ាឡេស៊ីចំនួន៣០នាក់ និងជនជាតិខ្មែរ១២នាក់។ លុះពេលកំពុងប្រជុំ នៅវេលាម៉ោងប្រហែល២និង៤០នាទីរសៀល ជនរងគ្រោះស្រាប់តែកើតមានអាការខ្យល់គរដួលសន្លប់បាត់ស្មារតី ធ្វើឱ្យអ្នកចូលរួមមានការភ្ញាក់ផ្អើល និងប្រញាប់ដឹកបញ្ជូនយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈ ស្រាប់តែអកុសលពេលដឹកទៅដល់មន្ទីរពេទ្យ គ្រូពេទ្យពិនិត្យរួចបានប្រាប់ថា ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
តាមការអះអាងពីស្ត្រីឈ្មោះ ZANI TABTOTHMAN អាយុ៥៣ឆ្នាំ ជាជនជាតិម៉ាឡេស៊ី និងត្រូវជាប្រពន្ធរបស់ជនរងគ្រោះ បានបញ្ជាក់ប្រាប់ថា ប្តីរបស់គាត់ (សព) មានជំងឺលើសឈាម និងជំងឺបេះដូង ដោយត្រូវលេបថ្នាំជាប់ជាប្រចាំ។
តាមការពិនិត្យរបស់ការិយាល័យនគរបាលបច្ចេកទេសកោសល្យវិច័យ និងវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញ បានបញ្ជាក់ថា ជនរងគ្រោះស្លាប់បណ្តាលមកពីការគាំងបេះដូង អាចបណ្តាលមកពីជំងឺបេះដូង និងជំងឺលើសឈាម។
បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រនគល់ទៅឱ្យក្រុមគ្រួសារដើម្បីចាត់ចែងបន្ត៕