Saturday, January 18, 2025
Homeសង្គម និងជីវិតកូនស្រីបាត់ខ្លន១យប់ មិនដឹងទៅណា ម្តាយភ័យរត់ប្តឹងប៉ូលិស

កូនស្រីបាត់ខ្លន១យប់ មិនដឹងទៅណា ម្តាយភ័យរត់ប្តឹងប៉ូលិស

ខេត្តប៉ៃលិន ៖ ក្មេងស្រីម្នាក់ ត្រូវក្រុមគ្រួសារអះអាងថា ត្រូវមនុស្សស្រីម្នាក់ ល្បួងហៅឱ្យឡើងជិះម៉ូតូ រួចដឹកចេញទៅបាត់អស់រយៈពេល១យប់ មិនឃើញត្រឡប់មកផ្ទះវិញសោះ ជាហេតុធ្វើឱ្យស្ត្រីជាម្តាយភ័យបារម្ភពីសុវត្ថិភាពកូនស្រី ក៏រត់ទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ តាមស្វែងរកកូនស្រីត្រឡប់មកផ្ទះវិញ។

ក្មេងស្រីដែលបាត់ខ្លួនចេញពីផ្ទះដោយគ្មានដំណឹង មានឈ្មោះឆោម សុធាវី អាយុ១៥ឆ្នាំ មុខរបរជាងអ៊ុតសក់នៅផ្សារសាលាក្រៅ មានលំនៅក្នុងភូមិលាវ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ។ ក្មេងស្រីរូបនេះ បានបាត់ខ្លួនតាំងពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨។

តាមសម្តីស្ត្រីជាម្តាយក្មេងស្រីដែលបាត់ខ្លួនខាងលើ បានរៀបរាប់ប្រាប់ថា កូនស្រីរបស់គាត់រៀនមិនបានចប់ចុងចប់ដើមនោះទេ ដោយនាងប្រាប់ថា រៀនមិនចូល រួចក៏សុំគាត់ទៅរៀនអ៊ុតសក់ ព្រោះនេះជាបំណងប្រាថ្នារបស់នាង។ ចំណែកគាត់ជាម្តាយ ក៏មិនរារាំងអ្វីដែរ ដោយបាន បញ្ជូនឱ្យកូនស្រីរៀនអ៊ុតសក់តាមចំណូលចិត្ត រហូតដល់ចេះស្ទាត់ជំនាញ ក៏ធ្វើជាជាងអ៊ុតសក់នៅផ្សារសាលាក្រៅរហូតមក។

ស្ត្រីជាម្តាយរូបនេះបន្តថា នៅមុនពេលកើតហេតុ កាលពីព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ កូនស្រីនេះ បានចេញពីផ្ទះ ទៅកន្លែងអ៊ុតសក់នៅផ្សារសាលាក្រៅដូចសព្វដង។ រហូតដល់វេលាម៉ោង១០ព្រឹកថ្ងៃដដែល ក៏មានគេឃើញកូនស្រីរបស់គាត់ បានឈរនិយាយគ្នាជាមួយមនុស្ស ស្រីម្នាក់ មិនស្គាល់ឈ្មោះទំនងជាមិត្តភក្តិ ឬជាអ្នកស្គាល់គ្នា។ បន្ទាប់មកកូនស្រីរបស់គាត់ ក៏បានឡើងជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៨ ជាមួយមនុស្សស្រីម្នាក់នោះ ចេញទៅបាត់តែម្តង មិនដឹងជាមានគោលដៅទៅណានោះទេ ហើយក៏មិនឃើញត្រឡប់មកផ្ទះវិញ ដែរ។

ស្ត្រីជាម្តាយ បានអះអាងថា នៅពេលបាត់ខ្លួនទៅនេះ កូនស្រីរបស់គាត់មានសម្ភារៈ និងទ្រព្យសម្បត្តិជាប់ខ្លួន រួមមាន ចិញ្ចៀនចំនួន ១វង់ ខ្សែដៃចំនួន១ខ្សែ និងខ្សែកចំនួន១ខ្សែទៀតផង។
ក្រោយពីតាមរកកូនស្រីអស់លទ្ធភាព នៅតែមិនទទួលបានលទ្ធផល ទើបស្ត្រីជាម្តាយ បានសម្រេចកាន់រូបថតរត់ទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជំនាញ ជួយធ្វើការស្រាវជ្រាវ និងស្វែងរកកូនស្រីរបស់គាត់ ដើម្បីនាំត្រឡប់មកផ្ទះវិញ។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ម្តាយក្មេងស្រីរងគ្រោះ សមត្ថកិច្ចបានធ្វើការផ្សព្វផ្សាយដល់បណ្តាប៉ុស្តិ៍នគរបាលនានា ដើម្បីឱ្យជួយឃ្លាំមើល និងតាមរកក្មេងស្រីខាងលើ ដើម្បីនាំមកប្រគល់ឱ្យក្រុមគ្រួសារវិញ៕

RELATED ARTICLES