ភ្នំពេញ ៖ យុវតីវ័យក្មេងរូបស្រស់ម្នាក់ ព្រោះតែខឹងម្តាយរឿងមិនព្រមប្តូរស៊េរីម៉ូតូឱ្យ ស្រាប់តែបែកគំនិតរត់ចោលផ្ទះ ទៅសម្ងំរួមស្នេហ៍ក្នុងបន្ទប់ជួល ជាមួយសង្សារដែលទើបនឹងស្គាល់គ្នាតាមហ្វេសប៊ុកបាន១ខែ លុះ៥ថ្ងៃក្រោយមក ម្តាយតាមរកឃើញ ក៏ប្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួនខាងប្រុសនាំយកមកសាកសួរ និងចាត់ការតាមច្បាប់។
ករណីកូនស្រីរត់ចោលផ្ទះ៥ថ្ងៃ ទៅសម្ងំសោយសុខជាមួយប្រុសស្នេហ៍ តែត្រូវម្តាយតាមរកឃើញប្តឹងប៉ូលិសចាប់នេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ នៅតាមផ្លូវ ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ។
យុវជនជាសម្ងំរួមស្នេហ៍ជាមួយកូនស្រីគេ៥ថ្ងៃនេះ មានឈ្មោះសម្បត្តិ ចាន់សីហា អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់បន្ទប់ជួល សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ ចំណែកភាគីខាងស្រីមានឈ្មោះហ.ស.ថ.រ ហៅស.ន អាយុ១៩ឆ្នាំ ស្នាក់នៅបុរីលឹមឈាងហាក់ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។
តាមសម្តីបុរសជាឪពុករបស់ភាគីខាងស្រីី បានរៀបរាប់ប្រាប់សមត្ថកិច្ចថា រូបគាត់បានបាត់កូនស្រីចេញពីផ្ទះរយៈពេល៤-៥ថ្ងៃមកហើយ រួមជាមួយម៉ូតូ១គ្រឿង។ ក្រោយមកគាត់បានស្រាវជ្រាវតាមរយៈមិត្តភក្តិកូនស្រីគាត់ ទើបដឹងពីកន្លែងដែលកូនស្រីជួលបន្ទប់ស្នាក់នៅម្តុំសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ទើបគាត់តាមរកឃើញយុវជនខាងលើ រួចក៏នាំខ្លួនយកមកប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍អូបែកក្អម ទើបសមត្ថកិច្ចនាំខ្លួន យុវជននោះទៅរកកូនស្រីគាត់ឃើញ ហើយនាំគ្នាមកដោះស្រាយនៅប៉ុស្តិ៍នគរបាលអូបែកក្អមវិញ។
តាមសម្តីយុវតីដែលរត់ចេញពីផ្ទះ ទៅរស់នៅជាមួយប្រុសស្នេហ៍ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា មូលហេតុដែលនាំឱ្យនាងចេញពីផ្ទះ គឺដោយសារតែនាងខឹងរឿងម្តាយមិនព្រមប្តូរសេរីម៉ូតូឱ្យ ទើបនាងចេញទៅរស់នៅជាមួយនឹងប្រុសស្នេហ៍បែបនេះ ដែលប្រុសស្នេហ៍នេះ ទើបតែស្គាល់គ្នាបានរយៈពេល១ខែតែប៉ណ្ណោះ។ នាងបានបញ្ជាក់ទៀតថា ការដែលនាងសម្រេចចិត្តបែបនេះ គឺគ្មានការបង្ខិតបង្ខំពីភាគីខាងប្រុសនោះទេ តែជាការស្ម័គ្រចិត្តដោយខ្លួនឯង។
ដោយឡែកភាគីខាងប្រុសវិញបានឱ្យដឹងថា រូបគេបានស្គាល់យុវតីខាងលើ តាមរយៈហ្វេសប៊ុក ក្រោយមកនាងក៏បានជិះម៉ូតូ១គ្រឿង ម៉ាក Zoomer-X មិនចាំស្លាកលេខ មករករូបគេ។
ក្រោយមក រូបគេបានយកម៉ូតូនោះទៅបញ្ចាំបានលុយចំនួន៤០០ដុល្លារ ចាយវាយជាមួយនារី ជាស្រីស្នេហ៍អស់ទៅហើយ។ លុះដល់ថ្ងៃកើតហេតុ ពេលគេកំពង់ដើរតាមផ្លូវ ក៏ស្រាប់តែត្រូវឪពុកភាគីខាងស្រីប្រទះឃើញ ចាប់ខ្លួនយកមកប្រគល់ឱ្យសមត្ថកិច្ចដោះស្រាយនៅប៉ុស្តិ៍តែម្តង។
ក្រោយកើតហេតុ ភាគីខាងប្រុស ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅឃុំជាបណ្តោះអាសន្ននៅអធិការនគរបាលខណ្ឌសែនសុខ ដើម្បីរង់ចាំ ចាត់ការបន្តតាមនីតិវិធី៕