Saturday, January 18, 2025
Homeសង្គម និងជីវិតកូនប្រុស វ៉ៃឪចុង១ដុំថ្មបាក់ក្តោងច្រមុះ

កូនប្រុស វ៉ៃឪចុង១ដុំថ្មបាក់ក្តោងច្រមុះ

ខេត្តប៉ៃលិន ៖ បុរសពិការជើងម្នាក់បានឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ ស្រាប់តែត្រូវកូនប្រុសស្ទុះទៅទាញដុំថ្ម មកវាយចំផ្ទៃមុខបណ្តាល ឱ្យបាក់ក្តោងច្រមុះ រងរបួសធ្ងន់សន្លប់ស្តូកស្តឹង តាំងពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ នៅចំណុចក្បែរផ្សារត្រីថ្មី ក្បែរផ្ទះជួលស្នាក់នៅរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ប៉ុន្តែជនរងគ្រោះទើបនឹងដាច់ចិត្តទម្លាយរឿងរ៉ាវ កាលពីរសៀល ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨។

បុរសរងគ្រោះដែលត្រូវកូនចុងវាយ១ដុំថ្មបាក់ក្តោងច្រមុះ មានឈ្មោះស៊ុម វណ្ណៈ ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរកម្មករ រងរបួសបាក់ក្តោងច្រមុះ។ ចំណែកជនដៃដល់ជាកូនចុង មានឈ្មោះម៉ៅ ស្នា អាយុ២៦ឆ្នាំ មុខរបរកម្មករ។ អ្នកទាំងពីរ មានលំនៅក្នុងភូមិកើតហេតុខាងលើ ជាមួយគ្នា។

តាមសម្តីបុរសរងគ្រោះ បានរៀបរាប់ប្រាប់ថា គាត់បានយកម្តាយរបស់ជនបង្កជាប្រពន្ធបានប៉ុន្មានឆ្នាំមកហើយ ហើយនៅមុនពេលកើតហេតុ គាត់បានស្តីបន្ទោសឱ្យប្រពន្ធ (ម្តាយជនសង្ស័យ) ពីរឿងដែលប្រពន្ឌមិនព្រមយកលុយដែលរកបានមកចាយវាយ សម្រាប់ទិញម្ហូបអាហារ ផ្គត់ផ្គង់ក្រុមគ្រួសារទេ បែរជាយកទៅឱ្យកូនរបស់ខ្លួន (ជនដៃដល់) ដែលជាអ្នកញៀនថ្នាំ យកលុយទៅទិញថ្នាំញៀនជក់ជាមួយមិត្តភក្តិទៅវិញ។

បុរសរងគ្រោះបន្តថា ក្រោយពីឈ្លោះគ្នាតឹងសរសៃក គាត់និងប្រពន្ធក៏បានច្រានគ្នាចុះឡើង តែមិនដល់ថ្នាក់ប្រើអំពើហិង្សានោះទេ ស្រាប់តែភ្លាមនោះ កូនចុងរបស់គាត់ (ជនដៃដល់) ដែលនៅក្បែរនោះ បានស្ទុះទាញយកដុំថ្ម១ដុំវាយមកលើផ្ទៃមុខរបស់គាត់ បណ្តាលឱ្យបាក់ក្តោងច្រមុះដួលសន្លប់នៅនឹងកន្លែងតែម្តង។

ក្រោយពេលកើតហេតុ អ្នកជិតខាងបានឃើញ ក៏ជួយដឹកបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត។ ចំណែកជនដៃដល់ គិតមកដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ មានរយៈពេលជិត១សប្តាហ៍ទៅហើយ នៅមិនទាន់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួននៅឡើយ។

បុរសរងគ្រោះ បានបញ្ជាក់ថា គាត់ហាក់អស់ជំនឿលើសមត្ថកិច្ចមូលដ្ឋានខ្លាំងណាស់ ហើយប្រសិនបើសមត្ថកិច្ចមិនចាត់ការជនដៃដល់ ដែលជាកូនចុងរបស់គាត់នោះទេ ថ្ងៃណាមួយនឹងបង្ករឿងជាមួយអ្នកជិតខាង ជាក់ជាមិនខាន ព្រោះគេមានមិត្តភក្តិ៤-៥នាក់សុទ្ធតែជាអ្នកប្រើ ប្រាស់គ្រឿងញៀន។

ជុំវិញករណីខាងលើនេះ “នគរធំ” មិនទាន់អាចទាក់ទងសុំការបំភ្លឺពីសមត្ថកិច្ចមូលដ្ឋាន បាននៅឡើយទេ៕

RELATED ARTICLES