Saturday, January 18, 2025
Homeសង្គម និងជីវិតម៉ែឪមិននៅ ពួកម៉ាកប្រុសស្នេហ៍ចាប់រំលោភកូនស្រី

ម៉ែឪមិននៅ ពួកម៉ាកប្រុសស្នេហ៍ចាប់រំលោភកូនស្រី

ខេត្តកំពង់ធំ ៖ នារីវ័យក្មេងម្នាក់ នៅចាំផ្ទះជាមួយនឹងក្មួយតូចៗ២នាក់ ខណៈដែលឪពុកម្តាយមិននៅ ស្រាប់តែមានយុវជនម្នាក់ ត្រូវជាមិត្តភក្តិរបស់សង្សារនាង បានមកអង្គុយជជែកគ្នាលេងរហូតដល់យប់ជ្រៅ ក្មេងៗដេកលក់អស់ ក៏ធ្វើសកម្មភាពចាប់រំលោភរហូតដល់បានសម្រេច កាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី៣១ ខែមីណា ឆ្នាំ២០១៨ នៅចំណុចភូមិសណ្តាន់ ឃុំចំណាក្រោម ស្រុកស្ទោង។

ជនសង្ស័យល្មោភកាមដែលចាប់រំលោភសង្សារមិត្តភក្តិនេះ មានឈ្មោះឃឹម ដារ៉ូ អាយុ២៦ឆ្នាំ មានលំនៅភូមិត្រពាំងថ្ម ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ បច្ចុប្បន្នមកធ្វើជាកម្មករបើកឡានដឹកដីធ្វើផ្លូវលំ នៅក្នុងភូមិឃុំកើតហេតុខាងលើ និងស្នាក់នៅជិតផ្ទះនារីរងគ្រោះ។ ចំណែកនារីរងគ្រោះ មានឈ្មោះញ.ស.ខ អាយុ២៣ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមសម្តីរបស់នារីរងគ្រោះ បានរៀបរាប់ប្រាប់ថា តាមពិតរូបនាងបានស្រលាញ់គ្នាជាមួយនឹងកម្លោះម្នាក់ឈ្មោះសាក់ ចំណែកជនសង្ស័យ ដែលបានចាប់រំលោភនាង គឺជាមិត្តភក្តិរបស់សង្សារនាង ហើយកន្លងមក យុវជនជាសង្សារក៏ធ្លាប់ណែនាំជនសង្ស័យឱ្យនាងស្គាល់ដែរ ហើយជនរងគ្រោះក៏ធ្លាប់បានមកលេងផ្ទះរបស់នាងដែរ ព្រោះកន្លែងដែលជនសង្ស័យធ្វើការ និងស្នាក់នៅ ស្ថិតនៅក្បែរផ្ទះរបស់នាង។

នារីរងគ្រោះ បន្តថា លុះមកដល់វេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ ខណៈដែលឪពុកម្តាយរបស់នាងមិននៅផ្ទះ ហើយនាងនៅកំពុងនៅចាំផ្ទះជាមួយក្មួយតូចៗ២នាក់ទៀត ស្រាប់តែលេចមុខជនសង្ស័យបានចូលមកលេងនៅផ្ទះរបស់នាង និងបានអង្គុយនិយាយ គ្នាលេងជាមួយនាង រហូតដល់យប់ជ្រៅបន្តិច ខណៈដែលក្មួយៗរបស់នាងដេកលង់លក់អស់ ស្រាប់តែជនសង្ស័យ ក៏ចាប់ផ្តើមធ្វើសកម្មភាពចាប់ រំលោភសេពសន្ថវៈមកលើនាងទាំងកំរោល រហូតដល់បានសម្រេចតែម្តង។

នារីរងគ្រោះបន្តថា នៅអំឡុងពេលដែលជនសង្ស័យចាប់នាងរំលោភនោះ តាមពិតនាងក៏ព្យាយាមស្រែកដែរ តែស្រែកមិនរួច ដោយសារតែជនសង្ស័យចាប់ខ្ទប់មាត់នាងជាប់ ណាមួយទោះជានាងប្រឹងរើបម្រះយ៉ាងណា ក៏គ្មានលទ្ធផលដែរ ព្រោះតែជនសង្ស័យមានមាឌធំ ចំណែក នាងតូចល្អិតមិនឈ្នះកម្លាំងរបស់គេទេ។ ក្រោយមក ពេលដែលជនសង្ស័យធ្វើសកម្មភាពរួច នាងក៏បានរត់ចុះពីលើផ្ទះ ទៅហៅអ្នកជិតខាងឱ្យជួយ ធ្វើឱ្យជនសង្ស័យភ័យខ្លួន ក៏ចុះរត់គេចខ្លួនបាត់ស្រមោល។ បន្ទាប់មក នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ នាងក៏ត្រូវបានក្រុមគ្រួសារ នាំទៅ ដាក់ពាក្យបណ្តឹង រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យតែម្តង។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា ក្រោយទទួលបានពាក្យបណ្តឹងពីនារីរងគ្រោះភ្លាម សមត្ថកិច្ចក៏បានចុះធ្វើការស្រាវជ្រាវ ចាប់ខ្លួន ជនសង្ស័យនាំយកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានរួមរ័កជាមួយនឹងនារីរងគ្រោះបានសម្រេចម្តងមែន តែមិនមែនជាការបង្ខិតបង្ខំអ្វីនោះទេ គឺជាការព្រមព្រៀងទាំងសងខាងប៉ុណ្ណោះ។

យ៉ាងណាក្តី សមត្ថកិច្ចនៅតែរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES