ខេត្តកណ្តាល ៖ បុរសម្នាក់ក្រោយពីលែងលះជាមួយប្រពន្ធរួច ក៏មកស្នាក់នៅជាមួយម្តាយ និងចេះតែនិយាយស្តីរវើរវាយ ចង់ក្លាយជា មនុស្សសរសៃប្រសាទ រហូតដល់ដាច់ចិត្តចងកសម្លាប់ខ្លួន កាលពីវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨ នៅចំណុចភូមិកោះចាស់ ឃុំព្រែកស្តី ស្រុកកោះធំ។
បុរសគំនិតខ្លីដែលចងកសម្លាប់ខ្លួន មានឈ្មោះជ្រា ចំរើន អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមសម្តីស្ត្រីឈ្មោះស ជា ត្រូវជាម្តាយជនរងគ្រោះ បានឱ្យដឹងថា កូនប្រុសរបស់គាត់ (ជនរងគ្រោះ) មានប្រពន្ធឈ្មោះលីន រស់នៅខេត្តបាត់ដំបង និងមានកូនប្រុសស្រី២នាក់។ ក្រោយមក ប្តីប្រពន្ធកូនប្រុសនេះ រស់នៅមិនចុះសម្រុងនឹងគ្នាសោះ តែមានជំលោះនឹងគ្នាមិនឈប់ រហូតដល់ប្រពន្ធទ្រាំលែងបាន ក៏សម្រេចចិត្តលែងលះគ្នា ហើយកូនរបស់គាត់បានមករស់នៅជាមួយគាត់វិញ។
ស្ត្រីជាម្តាយជនរងគ្រោះបន្តថា នៅរយៈពេលប្រមាណ៧ថ្ងៃចុងក្រោយនេះ គាត់សម្គាល់ឃើញកូនប្រុស ហាក់ និយាយស្តីរវើរវាយ និងមានស្មារតីវង្វេងម្តងៗ ទើបគាត់បានប្រាប់អ្នកជិតខាងឱ្យជួយមើលៗជនរងគ្រោះផង ហើយគាត់ក៏បាននាំកូនប្រុសទៅឱ្យព្រះសង្ឃស្រោចទឹក រំដោះគ្រោះដែរ តែអាការៈហាក់មិនបានធូរស្បើយសោះ។
ស្ត្រីជាម្តាយបន្តថា រហូតមកដល់វេលាម៉ោង៥ទៀបភ្លឺថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨ ខណៈដែលគាត់ក្រោកពីដំណេក ក៏ប្រទះឃើញកូនប្រុស ចងកជាប់នឹងឃ្នាបផ្ទះស្លាប់បាត់ទៅហើយ ទើបធ្វើឱ្យគាត់ស្រែកឆោឡោឡើង និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាចងកធ្វើអត្តឃាតប្រាកដមែន ដោយប្រើខ្សែអង្រឹងចងកភ្ជាប់នឹងឃ្នាបផ្ទះ។
សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគលក់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕