ភ្នំពេញ ៖ បុរសជាប្តីចិត្តកំណាចឃោរឃៅម្នាក់ គ្រាន់តែខឹងនឹងប្រពន្ធតិចតួច ក៏ប្រើអំពើហិង្សាវាយដំប្រពន្ធបណ្តាលឱ្យជាំភ្នែក និងរបួសដៃ លុះយប់ឡើងដើរផឹកអស់ចិត្ត ស្រវឹងធ្លាក់ភ្នែកត្រឡប់មកផ្ទះវិញ ស្រែកហៅប្រពន្ធ និងឪពុកក្មេក មិនបើកទ្វារឱ្យចូលផ្ទះ ក៏ផ្ទុះកំហឹង ធាក់របងផ្ទះ រួចជេរបញ្ចោរប្រពន្ធ និងរាលដាលដល់ឪពុកក្មេកបែកផ្សែង ធ្វើឱ្យបុរសជាឪពុកក្មេកទ្រាំលែងបាន ក៏ប្តឹងសមត្ថកិច្ចឱ្យចុះមកឃាត់ខ្លួន កូនប្រសាកំណាចនាំយកទៅសាកសួរ។
ហេតុការណ៍បុរសកំណាចវ៉ៃប្រពន្ធមិនអស់ចិត្ត ជេរប្រមាថឪក្មេកថែមទៀតនេះ បានកើតមានការភ្ញាក់ផ្អើលឡើង តាំងពីវេលាម៉ោង៩យប់ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ មុខផ្ទះគ្មានលេខ ភូមិឬស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ លុះបុរសជាឪពុកក្មេកដាក់ពាក្យប្តឹង ក៏ត្រូវសមត្ថកិច្ចហៅមកបំភ្លឺទាំង២នាក់ប្តីប្រពន្ធ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨។
ជនសង្ស័យជាប្តី មានឈ្មោះប៉ាត់ ប៉ូលីន អាយុ២៨ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅសង្កាត់វាលវង់ ខណ្ឌ៧មករា។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធមានឈ្មោះយិនសុនី មុនីរ៉ា អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះគ្មានលេខ ភូមិឬស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យបានយកម៉ូតូរបស់ប្រពន្ធទៅជិះ លុះប្រពន្ធតាមទៅយកម៉ូតូមកវិញ ក៏ត្រូវជនសង្ស័យជាប្តីផ្ទះកំហឹង វាយដំទៅលើប្រពន្ធបណ្តាលឱ្យរបួសជាំភ្នែកខាងស្តាំ និងជាំដៃខាងឆ្វេង និងត្រូវក្រុមគ្រួសារនាំទៅ ព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។ លុះដល់វេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ ជនសង្ស័យបានផឹកស្រាស្រវឹង ដើរមកផ្ទះឪពុកក្មេក ដើម្បីហៅជនរងគ្រោះឱ្យបើកទ្វារ តែជនរងគ្រោះ និងឪពុកក្មេកមិនបើកទ្វារឱ្យ ទើបជនសង្ស័យជាប្តីបានធាក់របងផ្ទះ រួចជេរប្រមាថ និងគម្រាមកំហែងស្រែកឡូឡាពេញភូមិ រហូតដល់បុរសជាឪពុកក្មេក ទ្រាំលែងបាន ក៏ប្តឹងសមត្ថកិច្ចចុះទៅឃាត់ខ្លួនមកប៉ុស្តិ៍ ធ្វើការ សាកសួរតែម្តង។
ក្រោយពីសមត្ថកិច្ចហៅបុរសខាងលើមកសួរនាំ និងអប់រំរួចរាល់ហើយ ក៏តម្រូវឱ្យធ្វើកិច្ចសន្យាបញ្ឈប់អំពើហិង្សាក្នុងគ្រួសារ រួចក៏អនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញបាត់ទៅ៕