ភ្នំពេញ៖ កម្មករសំណង់ម្នាក់ ស្លាប់បាត់ជីវិត ក្រោយពីដឹកបញ្ជូនទៅដល់មន្ទីរពេទ្យ សង្រ្គោះអស់លទ្ធភាពជាង១០ម៉ោង បន្ទាប់ពីជួបនូវឧប្បត្តិហេតុ ធ្លាក់ពីលើអគារជាន់ទី៣សំណង់ថ្មី នៅដីឡូតិ៍មួយកន្លែងផ្លូវលំ ក្បែរកន្លែងលក់ទឹកត្នោតជូរ ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ ។
ជនរងគ្រោះគ្រាន់តែស្គាល់ឈ្មោះ ត្រេន អាយុ១៨ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាកើនៅក្នុងការដ្ឋាន មានស្រុកកំណើត ខាងខេត្តកំពង់ចាម ។
តាមសម្តីបុរសឈ្មោះ សៅ សាវី អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់ដូចគ្នា ស្នាក់នៅក្នុងការដ្ឋាន មានស្រុកកំណើត ភូមិស្រែរាន ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង បានឲ្យដឹងថា គាត់មិនបានស្គាល់អត្តសញ្ណាណជនរងគ្រោះច្បាស់ឡើយ គ្រាន់តែអ្នករួមការងារជាមួយគ្នា ហើយមុនពេលកើតហេតុ ខណៈដែលកំពុងធ្វើការងារ ជនរងគ្រោះ ឈរនៅជាន់ទី៣ រងចាំទទួលធុងខ្សាច់ នៅវេលាម៉ោងខាងលើ ពេលដែលកម្មករទាញខ្សែររ៉ត យោង ធុងខ្សាច់ឡើងដល់លើជាន់ទី៣ ហើយជនរងគ្រោះ ឱនឈោងចាប់ធុង ស្រាប់តែដាប់ដូងធ្លាក់ចុះមកដល់ដី បណ្តាលឲ្យរងរបួសធ្ងន់ ។
ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានកម្មករដូចគ្នា ដឹកតាមម៉ូតូកង់បី ទៅគ្លីនិកឯករាជ្យ ផ្លូវវេងស្រេង តែមិនហ៊ានទទួលមើល ក៏ដឹកបញ្ជូនមកគ្លីនិកអង្គរ ហើយគ្លីនិកក៏មិនហ៊ានទទួលមើលទៀត ដោយសារស្ថានភាពរបួសធ្ងន់ធ្ងរ ក៏សម្រេចចិត្ត ដឹកតាមម៉ូតូកង់បី ឆ្ពោះទៅមន្ទីរពេទ្យព្រះកុសមៈ ក្នុងស្ថានភាព បាក់ចង្កេះ បែកប្លោកនោម គ្រូពេទ្យ សង្រ្គោះអស់លទ្ធភាព រហូតដល់វេលាម៉ោង៤និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែសីហា នេះជនរងគ្រោះដាច់ខ្យល់ស្លាប់ ទៅហើយ ។
សព ក្រោយពីក្រុមគ្រូពេទ្យ ចេញលិខិតបញ្ជាក់ មរណភាពរួច កម្មករផ្សេងៗទៀត ចាកចេញទៅបាត់អស់ សល់តែកម្មករម្នាក់ ឈ្មោះ សៅ សាវី សម្រេចដឹកសាកសព មកតំណល់នៅវត្តពោធិ៍ចិនតុង រៀបចំធ្វើបុណ្យតាមប្រពៃណី ៕