Saturday, January 18, 2025
Homeសង្គម និងជីវិតម៉ែឪក្រីក្រពេក កូនស្រីរត់ចេញពីផ្ទះ ដើរសុំការងារធ្វើ

ម៉ែឪក្រីក្រពេក កូនស្រីរត់ចេញពីផ្ទះ ដើរសុំការងារធ្វើ

ខេត្តព្រៃវែង ៖ ក្មេងស្រីម្នាក់នេះ ដោយសារតែឃើញឪពុកម្តាយហត់នឿយ ប្រឹងរកប្រាក់ចិញ្ចឹមកូនទាំងត្រដាបត្រដួស ក៏សម្រេចចិត្តបោះបង់ចោលការសិក្សា លួចជិះកង់ចេញពីផ្ទះទៅសុំការងារគេធ្វើ គ្រាន់បានប្រាក់មកជួយសម្រាលបន្ទុកគ្រួសារ ធ្វើឱ្យក្រុមគ្រួសារភ័យឆោឡោ ដើរតាមស្វែងរកស្ទើរខ្សោះខ្យល់។

ក្មេងស្រីដែលមានសន្តានចិត្តចង់ជួយសម្រាលបន្ទុកក្រុមគ្រួសារ បែរជាសម្រេចចិត្តជិះកង់ចេញពីផ្ទះ ទៅរកការងារធ្វើដោយមិនផ្តល់ដំណឹងឱ្យឪពុកម្តាយ បានដឹងនេះ មានឈ្មោះយ័ន ឌីណា ជាសិស្សរៀនថ្នាក់ទី ៧G នៃវិទ្យាល័យហ៊ុន សែន កំពង់ពពិល។

យោងតាមគណនីហ្វេសប៊ុកឈ្មោះ Sivan Touch កាលពីល្ងាចថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ បានបង្ហោះសារមួយថា “ សូមបងប្អូន មិត្តភក្តិទាំងអស់ មេត្តាជួយផ្តល់ព័ត៌មានតាមរយៈលេខទូរស័ព្ទ ៣ប្រព័ន្ធដូចបានឃើញស្រាប់ក្នុងកាតសិស្សរូបនេះ នៅពេលបានឃើញ និងជួបប្រទះនៅទីណានោះ ពីព្រោះប្អូនស្រីម្នាក់នេះ (ស្លៀកខោខូវប៊យ អាវសដៃវែង) បានចេញពីផ្ទះវេលាម៉ោង៥ល្ងាច ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨ ហើយនាងបានប្រាប់ប្អូនស្រីខ្លួនដែលឈរជាប់នៅខាងឆ្វេងដៃថា នាងទៅរកការងារធ្វើហើយឱ្យប្អូនជួយប្រាប់ម៉ាក់ផង។ ប្អូនស្រីតូចបានជិះកង់តាមហៅបងស្រីឱ្យត្រឡប់ទៅផ្ទះវិញ ពីភូមិតាំងរលាង រហូតដល់ភូមិពហ៊ារ ក៏ត្រូវបានបងស្រីបណ្តេញប្អូនឱ្យមកផ្ទះវិញ ឯបងស្រីខ្លួនបានជិះកង់ពណ៌ក្រហម បន្តដំណើរមកបាត់រហូតដល់ថ្ងៃនេះទើបម្តាយឪពុកមកផ្តល់ព័ត៌មានដល់សាលាឱ្យជួយរក ។ ដូច្នេះសូមបងប្អូនមេត្តាជួយទាំងអស់គ្នាផង សូមជួយស៊ែរបន្តផង សូមអរគុណ…”។

ក្រោយពីបានបង្ហោះព័ត៌មានខាងលើនេះភ្លាម ក៏មានគណនីហ្វេសប៊ុកមួយឈ្មោះ SokNgim Cheab បានបញ្ជាក់ប្រាប់ថា “ម៉ាកគាត់បានរកឃើញហើយបង គាត់មកផ្ទះខ្ញុំសុំការងារធ្វើតែឥឡូវម៉ាក់គាត់ថា ផ្ញើខ្ញុំឱ្យជួយមើលថែគាត់ផង ឥឡូវជួបហើយ ឥឡូវនៅផ្ទះខ្ញុំនឹងលោកគ្រូ នៅហាងបាយពូហួរ…”។

ម្ចាស់គណនីខាងលើ បញ្ជាក់ទៀតថា “គាត់មកមុនដំបូង គាត់ថាសុំការងារធ្វើ តែមុនដំបូងមិនឱ្យទេ ព្រោះអត់ឃើញមានអ្នកណានាំមក ហើយដល់ពេលកាន់តែយប់ទៅៗ ដេញគាត់ឱ្យទៅផ្ទះគាត់មិនទៅទេ គាត់បែរជាយំ យំរហូតដល់តែខ្ញុំឱ្យនៅ ក្រោយមកក៏គាត់ទៅផ្ទះយកខោអាវមកនៅដល់ពេលឥឡូវ ម្តាយគាត់ដឹងបានអង្វរខ្ញុំឱ្យខ្ញុំជួយមើលថែគាត់ផង ហើយឱ្យកូនគាត់នឹងនៅជាមួយខ្ញុំទៅ ឱ្យខ្ញុំជួយទុកដាក់កូនគាត់ផង ហើយឥឡូវនឹងគាត់នៅជាមួយខ្ញុំ គាត់មិនអីនោះទេ ម្តាយគាត់បានរកឃើញគាត់ហើយ…”។

ក្រោយការរកឃើញក្មេងស្រីខាងលើ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ូកជាច្រើននាក់បានសម្តែងនូវការត្រេកអរ និងបានកោតសរសើរចំពោះទឹកចិត្តរបស់ក្មេងស្រីរូបនោះ ជាទឹកចិត្តកម្ររកបាន ចេះអាណិតស្រលាញ់ក្រុមគ្រួសារ មិនចង់ឱ្យឪពុកម្តាយលំបាកដោយសារខ្លួន សុខចិត្តប្រថុយប្រថានទៅរកការងារធ្វើតែម្នាក់ឯង ហើយខ្លួនជាក្មេងស្រីទៀតនោះ ប្រសិនបើជួបមនុស្សអាក្រក់ មិនដឹងថាវាសនានាងទៅជា យ៉ាងណានោះទេ៕

RELATED ARTICLES