ខេត្តបន្ទាយមានជ័យ ៖ ក្មេងប្រុសម្នាក់ ត្រូវឪពុកម្តាយយកមកផ្ញើឱ្យតាយាយជួយមើលថែ ព្រោះរវល់ចេញទៅរកស៊ីនៅស្រុកថៃ ស្រាប់តែអកុសល ពេលតាយាយរវល់ការងារភ្លេចខ្លួនមួយភ្លែត ស្រាប់តែចៅប្រុសបានដើរលេងនៅក្បែរមាត់អូរ ហើយក៏រអិលជើងធ្លាក់ទឹកលង់ស្លាប់ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ នៅចំណុចអូរទឹកមួយកន្លែង ស្ថិតក្នុងភូមិអូរ ឃុំផ្គាំ ស្រុកស្វាយចេក។
ក្មេងប្រុសរងគ្រោះដែលលង់ទឹកអូរស្លាប់ មានឈ្មោះបួន ធៀប អាយុ៤ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីតាយាយរបស់ក្មេងប្រុសរងគ្រោះ បានរៀបរាប់ប្រាប់ថា ដោយសារតែជីវភាពគ្រួសារទីទ័លក្រខ្លាំងពេក ហេតុនេះទើបឪពុកម្តាយរបស់ចៅប្រុសនេះ (ក្មេងប្រុសរងគ្រោះ) បាននាំគ្នាធ្វើចំណាកស្រុកចេញទៅរកស៊ីនៅស្រុកថៃ ដោយទុកកូនឱ្យនៅជាមួយពួកគាត់ជា តាយាយ ដើម្បីជួយមើលថែជំនួស។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ខណៈដែលពួកគាត់រវល់ការងារក្នុងផ្ទះភ្លេចខ្លួនបន្តិច ចៅប្រុសក៏បានដើរលេងនៅក្រៅផ្ទះ រួចក៏ដើរទៅក្បែរមាត់អូរខាងលិចផ្ទះ បន្ទាប់មកទំនងជារអិលជើង ឬចៅប្រុសចុះលេងទឹកមិនដឹង ក៏បណ្តាលឱ្យលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម ដោយគ្មានអ្នកណាម្នាក់បានប្រទះឃើញ ជួយទាន់ពេលវេលាឡើយ។
ប្រភពខាងលើ បញ្ជាក់ថា បន្ទាប់ពីរួចដៃពីការងារ ពួកគាត់ក៏នាំគ្នាដើររកចៅប្រុស តែមិនឃើញសោះ លុះសង្ស័យថាចៅប្រុសលង់ទឹក ក៏ស្រែកហៅអ្នកជិតខាងឱ្យជួយចុះរាវនៅក្នុងអូរ រហូតដល់ប្រទះឃើញចៅប្រុសលង់ទឹកស្លាប់បាត់ទៅហើយ ធ្វើឱ្យពួកគាត់ជាតាយាយរន្ធត់ចិត្ត ស្ទើរគាំងបេះដូងស្លាប់ និងបានត្រឹមយំសោកឱបសពចៅដោយក្តីស្រណោះអាល័យប៉ុណ្ណោះ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ក្មេងប្រុសរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន រួចក៏ប្រគល់សពទៅ់ឱ្យក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕