ខេត្តសៀមរាប៖ បុរសម្នាក់បានកើតមានជំងឺពងកោប និងជាមនុស្សញៀនស្រា តែងផឹកស្រាស្រវឹងជារៀងរាល់ថ្ងៃ លុះបន្ទាប់ពីកើតមានអាការៈចុកពោះខ្លាំងពេកទ្រាំមិនបាន ក៏ត្រូវក្រុមគ្រួសារហៅគ្រូពេទ្យប្រចាំភូមិ មកពិនិត្យព្យាបាល ដោយបានព្យួរសេរ៉ូមឱ្យ១ប្លោក ស្រាប់តែអកុសល មួយសន្ទុះក្រោយមក ក៏ដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័មតែម្តង។
ករណីបុរសចុកពោះ ហៅពេទ្យដាក់សេរ៉ូម១ប្លោក បែរជាដាច់ខ្យល់ស្លាប់ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣និង ៣០នាទីរសៀល ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ នៅចំណុចភូមិដំបូកខ្ពស់ ឃុំតាសៀម ស្រុកស្វាយលើ។
បុរសរងគ្រោះដែលកើតអាការៈចុកពោះ លុះគ្រូពេទ្យព្យួរសេរ៉ូមឱ្យ១ប្លោក បែរជាដាច់ខ្យល់ស្លាប់ មានឈ្មោះពែង សុក អាយុ៥២ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះបានរៀបរាប់ប្រាប់ថា ជនរងគ្រោះ បានកើតមានជំងឺពងកោបប្រចាំកាយ ហើយថែមទាំងជាមនុស្សញៀនស្រា តែងផឹកស្រាស្រវឹងអួទីនួ សឹងរាល់ថ្ងៃ។ នៅមុនពេលកើតហេតុ កាលពីរសៀល ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ ជនរងគ្រោះ បានត្អូញថា គាត់មានអាការៈចុកក្នុងពោះខ្លាំងណាស់ លុះក្រោយមក ដោយឃើញសភាពរបស់ជនរងគ្រោះធ្ងន់ពេក ទើបក្រុមគ្រួសារបានសម្រេចរត់ទៅហៅគ្រូពេទ្យប្រចាំភូមិឱ្យមកជួយពិនិត្យព្យាបាល។
ប្រភពដដែលបន្តថា លុះគ្រូពេទ្យមកដល់ ក៏បានពិនិត្យរួច បានព្យួរសេរ៉ូមឱ្យជនរងគ្រោះ១ប្លោក ស្រាប់តែមួយសន្ទុះក្រោយមក មិនដឹងជាយ៉ាងម៉េច ជនរងគ្រោះ ក៏បានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័មតែម្តង។
ក្រោយកើតហេតុ ក្រុមគ្រូសារជនរងគ្រោះ មិនបានធ្វើការប្តឹងផ្តល់អ្វីនោះទេ ដោយយល់ថា ជនរងគ្រោះមានជំងឺប្រចាំកាយផង ណាមួយផឹកស្រារាល់ថ្ងៃផង ហេតុនេះមូលហេតុដែលនាំឱ្យជនរងគ្រោះស្លាប់ គឺអាចមកពីជំងឺប្រចាំកាយច្រើនជាងប្រតិកម្មថ្នាំ។ តែយ៉ាងណា រវាងគ្រូពេទ្យ និងក្រុមគ្រួសារជនរងគ្រោះ បានធ្វើការចរចារគ្នាផ្ទៃក្នុងខ្លះៗផងដែរ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារជំងឺប្រចាំកាយ រួចក៏ប្រគល់សាកសពទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕