ភ្នំពេញ ៖ រថយន្តស៊េរីទំនើបមួយគ្រឿង កំពុងបើកបរនៅលើដងផ្លូវសុខៗ ស្រាប់តែមានដុំថ្មមួយដុំទំហំតូចល្មម បានធ្លាក់ចុះពីលើការដ្ឋានសំណង់អគារខ្ពស់ ចំកញ្ចក់រថយន្តផ្នែកខាងមុខ បណ្តាលឱ្យបែកកញ្ចក់ ប៉ុន្តែមិនមានអ្នកណាម្នាក់ ចេញមកមកធ្វើការដោះស្រាយ ឬទទួលខុសត្រូវសោះឡើយ។
ហេតុការណ៍ដុំថ្មធ្លាក់ចេញពីសំណង់អគារខ្ពស់ បណ្តាលឱ្យបែកកញ្ចក់រថយន្តអ្នកដំណើរតាមផ្លូវ តែគ្មានអ្នកទទួលខុសត្រូវនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ នៅចំណុចខាងមុខការដ្ឋានសំណង់អគារខ្ពស់ មួយកន្លែង ស្ថិតនៅអគារលេខ៤៦ តាមបណ្តោយផ្លូវលេខ៣១០ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន។
រថយន្តទំនើបដែលទទួលរងការខូចខាត ដោយសារធ្លាក់ដុំថ្មចេញពីការដ្ឋានសំណង់អគារខ្ពស់នេះ ម៉ាក HANTAI ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AS-2559 បើកបរដោយបុរសម្នាក់មានវ័យ៣៧ឆ្នាំ។
តាមសម្តីបុរសជាអ្នកបើកបររថយន្ត បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ លោកបានបើករថយន្តរបស់លោកម៉ាក HANTAI ក្នុងទិសដៅពីលិចទៅកើតតែម្នាក់ឯង។ លុះមកដល់ចំណុចខាងមុខការដ្ឋានសំណង់អគារមួយកន្លែងខាងលើ ក៏ស្រាប់តែមានដុំថ្មមួយដុំធ្លាក់ពីលើ មកត្រូវកញ្ចក់ខាងមុខរថយន្តរបស់លោក បណ្តាលឱ្យស្រាំបែកកញ្ចក់តែម្តង។
បុរសជាអ្នកបើករថយន្តបន្តថា ភ្លាមៗនោះដោយសារតែមានរថយន្ត និងម៉ូតូច្រើនពេក ទើបលោកមិនបានឈប់រថយន្តភ្លាមទេ ដោយបន្តបើកទៅខាងមុខបន្តិច ទើបរកកន្លែងបត់ត្រឡប់ក្រោយ មកឈប់ខាងមុខការដ្ឋានខាងលើវិញ ដើម្បីរកមេការខាងការដ្ឋានមកធ្វើការដោះស្រាយគ្នា។ ពេលនោះ រូបលោកក៏បានទៅសួរកម្មករសំណង់ម្នាក់ បំណងរកមេការការដ្ឋានសំណង់អគារខាងលើ ប្រាប់ពីរឿងនេះ ដើម្បីធ្វើការដោះស្រាយគ្នាផងដែរ តែមិនមានអ្នកណាម្នាក់ចេញមុខមកធ្វើការដោះស្រាយគ្នាជាមួយនិងរូបគាត់ឡើយ។ ដោយមិនមានអ្នកមើលការខុសត្រូវណាម្នាក់ចេញមុខមកធ្វើការដោះស្រាយគ្នានោះ រូបលោកក៏ប្តឹងកម្លាំងមានសម្ថកិច្ចមូលដ្ឋាន ចុះមកដល់កន្លែងកើតហេតុភ្លាមដែរ ដើម្បីជួយអន្តរាគមន៍ តែនៅតែមិនមានអ្នកណាម្នាក់ចេញមកធ្វើការដោះស្រាយដដែល ដោយគ្រាន់តែបានប្រាប់ឱ្យរូបលោកទៅដាក់ពាក្យបណ្តឹងនៅសាលាសង្កាត់ប៉ុណ្ណោះ។
ក្រោយពេលកើតហេតុ បុរសជាម្ចាស់រថយន្តស៊េរីទំនើបរងគ្រោះ ក៏បានទៅដាក់ពាក្យបណ្តឹង ដោយខាងសាលាសង្កាត់បឹងកេងកងទី១ ដើម្បីធ្វើការកោះហៅម្ចាស់ការដ្ឋានសំណង់អគារខាងលើ ដើម្បីមកធ្វើការដោះស្រាយគ្នានាពេលក្រោយផងដែរ។
ជុំវិញករណីខាងលើ នេះប្រជាពលរដ្ឋអ្នកដំណើរបានសម្តែងនូវការភ័យខ្លាច និងព្រួយបារម្ភពីសុវត្ថិភាពរបស់ខ្លួន ខណៈដែលធ្វើដំណើរទៅមកឆ្លងកាត់ពីក្រោមការដ្ឋានសំណង់អគារខ្ពស់ៗទាំងនោះ ហើយនេះចាត់ទុកថាជាសំណាងធំណាស់ ដែលដុំថ្មតូចធ្លាក់ត្រូវរថយន្តបែកកញ្ចក់ ចុះបើធ្លាក់ចំមនុស្សដែលកំពុងជិះម៉ូតូវិញ តើនឹងបង្កគ្រោះថ្នាក់យ៉ាងណា? បើត្រឹមតែខូចខាតរថយន្តតិចតួច មិនមានអ្នកចេញមកដោះស្រាយឱ្យផង ចុះទម្រាំមានអ្នកបាត់បង់ជីវិត មិនអាសារបង់ទទេ។
ជាមួយនេះប្រជាពលរដ្ឋ បានទទូចស្នើសុំដល់អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធមេត្តាត្រួតពិនិត្យឱ្យបានតឹងរឹង នូវរាល់ការដ្ឋានសំណង់ទាំងឡាយណាដែលសាងសង់នៅក្បែរផ្លូវធ្វើដំណើររបស់ប្រជាពលរដ្ឋ ចាំបាច់ត្រូវពង្រឹងសុវត្ថិភាពឱ្យបានម៉ត់ចត់ ចៀសវាងកើតមានបញ្ហាជាយថា ហេតុណាមួយ ព្រោះរាល់ថ្ងៃសំណង់អគារខ្ពស់ៗក្នុងរាជធានីភ្នំពេញរីកលូតលាស់ដូចផ្សិត តែការដ្ឋានខ្លះ ក៏មានការគិតគូរ ការពារសុវត្ថិដល់អ្នកដំណើរ តែខ្លះហាក់ដូចធ្វេសប្រហែស ជាក់ស្តែងមានការដាក់ទុកសម្ភារៈសំណង់នៅលើចិញ្ចើមផ្លូវ លើកស្ទូចដែករំលងផ្លូវ ជាដើម ដែលរូបភាពបែបនេះពិតជាងាយនឹងបង្កគ្រោះថ្នាក់ខ្លាំងណាស់៕