Saturday, January 18, 2025
Homeសង្គម និងជីវិតស្រីស្នេហ៍សុំបែក ឈឺចិត្តស្អិតទ្រូងពេក ចងកសម្លាប់ខ្លួន

ស្រីស្នេហ៍សុំបែក ឈឺចិត្តស្អិតទ្រូងពេក ចងកសម្លាប់ខ្លួន

ខេត្តរតនគិរី ៖ យុវជនជាជនជាតិទំពួនម្នាក់ ព្រោះតែឈឺចិត្តស្អិតទ្រូងរឿងស្នេហា ត្រូវសង្សារសុំបែកចែកផ្លូវ ក៏សម្រេចចិត្តចងកសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ នៅចំណុចភូមិយ៉ែម ឃុំស៊ើង ស្រុកបរកែវ។

យុវជនគំនិតខ្លី ដែលចងកធ្វើអត្តឃាតរូបនេះ មានឈ្មោះក្លោង ញុល អាយុ១៨ឆ្នាំ មុខរបរធ្វើចម្ការ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានឱ្យដឹងថា នៅក្នុងរង្វង់ក្រុមគ្រួសាររបស់ពួកគាត់មិនមានបញ្ហាអ្វី ឬជំលោះអ្វីនឹងគ្នា ដែលនាំឱ្យជនរងគ្រោះអាក់អន់ស្រពន់ចិត្តនោះទេ គឺរស់នៅប្រាស័យទាក់ទងគ្នាល្អធម្មតាទាំងអស់ ប៉ុន្តែប៉ុន្មានថ្ងៃមុនពេលកើតហេតុ ពួកគាត់បានកត់សម្គាល់ឃើញថា ជនរងគ្រោះដូចជាមានអារម្មណ៍មិនល្អសោះ ចេះតែស្រងូតស្រងាត់ប្លែក។ យ៉ាងណា ពួកគាត់មិនចាប់អារម្មណ៍សួរនាំអ្វីច្រើនដែរ ព្រោះនឹកស្មានថាជនរងគ្រោះ គ្រាន់តែមានអារម្មណ៍មិនល្អធម្មតាៗ ដឹងអី ស្រាប់តែមកដល់ថ្ងៃកើតហេតុ ជនរងគ្រោះបែរជាដាច់ចិត្តចងកសម្លាប់ខ្លួនទាំងមិនដឹងមូលហេតុបែបនេះតែម្តង។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ក្រោយពីហូបបាយល្ងាចរួច ជនរងគ្រោះក៏ដើរចេញពីផ្ទះបាត់ រហូតដល់យប់ជ្រៅបន្តិចទៅ ហើយនៅតែមិនទាន់ឃើញជនរងគ្រោះត្រឡប់មកផ្ទះវិញទៀត ទើបក្រុមគ្រយសារបាននាំគ្នាដើរតាមស្វែងរក ស្រាប់តែប្រទះឃើញជនរងគ្រោះ បានចងកសម្លាប់ខ្លួននៅលើដើមស្វាយចន្ទី ស្លាប់បាត់ទៅហើយ ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោដល់អ្នកភូមិនាំគ្នាចោមរោមមើល និងកាត់ខ្សែចំណង ដាក់សពចុះមកក្រោម រួចសែងយកមកផ្ទះ រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍តែម្តង។

តាមប្រភពពីមិត្តជិតស្និតរបស់ជនរងគ្រោះ បានបង្ហើបប្រាប់ថា មូលហេតុដែលជនរងគ្រោះ មានគំនិតខ្លីបែបនេះ គឺដោយសារតែជនរងគ្រោះខកបំណងរឿងស្នេហា ត្រូវសង្សារសុំបែក ទើបធ្វើឱ្យយុវជនរងគ្រោះឈឺចិត្តស្អិតទ្រូង ដាច់ចិត្តគិតខ្លីបែបនេះ។

ដោយឡែក ប្រភពមួយផ្សេងទៀត បានអះអាងថា មូលហេតុដែលជនរងគ្រោះចងកសម្លាប់ខ្លួន គឺអាចមកពីខុសអារក្ស ទើបធ្វើឱ្យមានខ្មោចនាំឱ្យជនរងគ្រោះទៅចងកបែបនេះ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសពរួចបញ្ជាក់ថា ជនរងគ្រោះពិតជាចងកសម្លាប់ខ្លួន ប្រាកដមែន រួចក៏ប្រគល់សាកសពទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES