ខេត្តកណ្តាល ៖ សាកសពស្ត្រីម្នាក់ ស្ថិតក្នុងសភាពហើមស្អុយរលួយ និងមានខ្សែចំណងជាប់នឹងដៃផងនោះ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែតមកទើនឹងច្រាំងទន្លេ និងសង្ស័យថាជាករណីឃាតកម្ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧និង១៥នាទីព្រឹក ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨ នៅចំណុចច្រាំងមាត់ទន្លេមេគង្គ ចំណុចដីរបស់ឈ្មោះប៉ោង ឡាង ភូមិពាមតាឯក ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម។
សាកសពស្ត្រីរងគ្រោះ ដែលអណ្តែតទឹកហើមស្អុយរលួយ មានឈ្មោះហ៊ាន ផល្លា អាយុ៣៣ឆ្នាំ ជាកម្មការិនីរោងចក្រស៊ីម៉ូនី អេស៊ីសី ខឺលេកសិន (ខេមបូឌា) ខូលអិលធីឌី SIMONE ACC COLLECTION (CAMBODIA) CO,LTD មានលំនៅផ្ទះលេខ១២៥ ផ្លូវលំ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ មានបុរសម្នាក់ឈ្មោះប៉ាន់ ប៉េង អាយុ៥០ឆ្នាំ មានលំនៅភូមិពាមតាឯក ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម បានដើរទៅបត់ជើងនៅមាត់ច្រាំងទន្លេ ក៏ស្រាប់តែធុំក្លិនស្អុយភាយៗចម្លែក ទើបបានឈរសម្លឹងមើលពីលើច្រាំងមាត់ទន្លេ ក៏ប្រទះឃើញសាកសពនៅមាត់ទឹក ធ្វើឱ្យកើតមានការផ្អើលឆោឡោ ប្រញាប់រាយការណ៍មកសមត្ថកិច្ចនគរបាលស្រុក នគរបាលប៉ុស្តិ៍ពាមឧកញ៉ាអុង ឱ្យចុះមកពិនិត្យដល់កន្លែងកើតហេតុ។
ក្រោយទទួលបានព័ត៌មានខាងលើ កម្លាំងការិយាល័យជំនាញខេត្ត ស្រុក ប៉ុស្តិ៍ក្រុមប្រឹក្សាឃុំ ភូមិ និងវេជ្ជបណ្ឌិតផ្នែកបច្ចេកទេស មន្ទីរពេទ្យបង្អែកស្រុក បានចុះដល់ទីតាំងកើតហេតុដើម្បីពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា សម្លៀកបំពាក់របស់សាកសពមានសភាពធម្មតា អាវពណ៌ស មូរដៃសងខាង ខោយឺតជើងវែងពណ៌ខៀវ ធ្មេញខាំអណ្តាត ភ្នែកលៀន មានលាមកចេញ ពោះប៉ោង។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញសាកសពមិនមានស្លាកស្នាមអ្វីគួរកត់សំគាល់ដែលជាប់សង្ស័យនឹងករណីឃាតកម្មនោះទេ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ សាកសពអាចស្លាប់ដោយសារលង់ទឹក។ ក្រោយពីការពិនិត្យចប់សព្វគ្រប់ សាកសពស្ត្រីរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមប្រឹក្សាឃុំពាមឧកញ៉ាអុង បញ្ចុះនៅកន្លែងកើតហេតុ ដើម្បីរង់ចាំស្រាវជ្រាវរកសាច់ញាតិ៕