Saturday, January 18, 2025
Homeសង្គម និងជីវិតជម្លោះក្នុងវង់រាំ ភ្ញៀវកូនកំលោះ ចាក់ភ្ញៀវកូនក្រមុំធ្លាយ

ជម្លោះក្នុងវង់រាំ ភ្ញៀវកូនកំលោះ ចាក់ភ្ញៀវកូនក្រមុំធ្លាយ

ខេត្តព្រៃវែង ៖ ពិធីមង្គលការមួយកំពុងប្រព្រឹត្តទៅយ៉ាងសប្បាយរីករាយ ដោយមានភ្ញៀវផឹកស៊ីរាំលេងយ៉ាងគគ្រឹកគគ្រេង ស្រាប់តែក្មេងស្ទាវ២ក្រុមដែលផឹកស្រវឹងធ្លាក់ភ្នែកដូចគ្នា បានកើតមានជំលោះក្នុងវង់រាំ រហូតផ្ទុះជាហិង្សា ដោយក្មេងស្ទាវជាភ្ញៀវខាងកូនកំលោះបានទាញកាំបិតចាក់ភ្ញៀវខាងកូនក្រមុំ បណ្តាលឱ្យធ្លាយកំភួនដៃរងរបួសធ្ងន់ ចំណែកកម្មវិធីរាំលេងក៏ត្រូវបិទបញ្ចប់យ៉ាងទាន់ហន់។

ករណីភ្ញៀវកូនកំលោះស្រវឹង ឡើងរាំផ្ទុះជំលោះជាមួយភ្ញៀវកូនក្រមុំ រួចទាញកាំបិតចាក់បណ្តាលឱ្យរងរបួសធ្ងន់ម្នាក់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨ នៅចំណុចភូមិងែកងក ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច។

ជនរងគ្រោះដែលត្រូវជនសង្ស័យចាក់ឱ្យរងរបួសធ្ងន់ មានឈ្មោះទូក ឌឿ អាយុ២៦ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ ត្រូវជាភ្ញៀវខាងកូនក្រមុំ។ ចំណែកក្រុមជនសង្ស័យជាភ្ញៀវខាងកូនកំលោះ ដែលត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានចំនួន៤នាក់ រួមមានទី១-ឈ្មោះ គង់ ជៃ ហៅទិត្យ អាយុ២៥ឆ្នាំ រស់នៅភូមិឫស្សីទន្លេ ឃុំព្រះស្តេច ស្រុកព្រះស្តេច ទី២-ឈ្មោះគង់ គីម ហៅម៉ិ អាយុ២៥ឆ្នាំ ទី៣-ឈ្មោះមិន គឹមសាន់ ហៅហ៊ៅ អាយុ២១ឆ្នាំ និងទី៤-ឈ្មោះអ៊ីន អុល អាយុ២៨ឆ្នាំ អ្នកទាំង៣រស់នៅភូមិផុត ឃុំព្រះស្តេច ស្រុកព្រះស្តេច ជាមួយគ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨ មានអ្នកភូមិម្នាក់ឈ្មោះប៊ិន វី អាយុ៤៤ឆ្នាំ បានរៀបពិធីអាពាហ៍ពិពាហ៍កូនស្រី ដោយបានអញ្ជើញភ្ញៀវចូលរួមយ៉ាងច្រើនកុះករ។ លុះដល់វេលារសៀលថ្ងៃដដែល ក៏មានពិធីទទួលភ្ញៀវពិសាភោជនាហារ ព្រមទាំងបានដាក់ធុងបាស់ដើម្បីឱ្យភ្ញៀវចូលរួម បានរាំលេងកម្សាន្តសប្បាយ។

ប្រភពដដែលបន្តថា លុះមកដល់វេលាម៉ោងកើតហេតុខាងលើ គេឃើញក្រុមក្មេងស្ទាវ២ក្រុម ដែលម្ខាងជាក្រុមភ្ញៀវរបស់កូនកំលោះ ចំណែកម្ខាងទៀតជាក្រុមភ្ញៀវខាងកូនក្រមុំ បានឡើងរាំក្នុងវង់ជាមួយគ្នា ទាំងសភាពស្រវឹងធ្លាក់ភ្នែកដូចគ្នា។ លុះរាំលេងបានតែបន្តិច ក្មេងស្ទាវទាំង២ក្រុម បានកើតមានជំលោះនឹងគ្នា រហូតផ្ទុះជាអំពើហិង្សា ដោយភាគីខាងកូនកំលោះ បានទាញកូនកាំបិតចិតបន្លែចាក់ប្រហារទៅលើ ជនរងគ្រោះជាភ្ញៀវខាងកូនក្រមុំ បណ្តាលឱ្យរងរបួសត្រង់កំភួនដៃខាងឆ្វេងយ៉ាងធ្ងន់ធ្ងរ និងត្រូវបានក្រុមគួសារ ប្រញាប់ដឹកបញ្ជូនតៅសង្គ្រោះនៅ មន្ទីរពេទ្យប្រទេសវៀតណាម។

ក្រោយកើតហេតុការណ៍ចលាចលខាងលើ សមត្ថកិច្ចបានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុភ្លាមៗ និងចាប់ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកព្រះស្តេចដើម្បីសាកសួរ។

បច្ចុប្បន្ន ក្រុមជនសង្ស័យទាំង៤នាក់ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES