Saturday, January 18, 2025
Homeសង្គម និងជីវិតរៀបការបាន៣ខែ ប្តីវ៉ៃជាំសាច់ ប្រពន្ធខឹងប្តឹងសុំលែង

រៀបការបាន៣ខែ ប្តីវ៉ៃជាំសាច់ ប្រពន្ធខឹងប្តឹងសុំលែង

ភ្នំពេញ ៖ ប្តីប្រពន្ធ២នាក់ ទើបនឹងរៀបការរួមរស់នឹងគ្នាបាន៣ខែ ក៏ត្រូវភាគីប្រពន្ធសម្រេចចិត្តប្តឹងលែងលះ ដោយអះអាងថា មិនអាច ទ្រាំនឹងអំពើហិង្សារបស់ប្តីបានឡើយ ជាក់ស្តែងគ្រាន់តែខឹងប្រពន្ធមិនមកហូបបាយជាមួយក៏ទៅចាំវ៉ៃប្រពន្ធដល់មុខហាង លុះប្រពន្ធគេចចេញតាម ផ្លូវក្រោយត្រឡប់មកដល់បន្ទប់ជួល ក៏ត្រូវប្តីកំណាចយកមួកសុវត្ថិភាពវាយរហូតដល់បែកមួកអស់២ និងធ្វើឱ្យស្ត្រីជាប្រពន្ធ រងរបួសយ៉ាងដំណំ។

ហេតុការណ៍បុរសជាប្តីប្រើហិង្សាដាក់ប្រពន្ធ រហូតដល់ទ្រាំលែងបានប្តឹងសុំលែងលះនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលា ម៉ោង៨និង៣០នាទីយប់ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨ នៅចំណុចមុខបន្ទប់ជួល ស្ថិតក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

ស្ត្រីរងគ្រោះជាប្រពន្ធដែលត្រូវប្តីវ៉ៃដំគ្មានត្រាប្រណី មានឈ្មោះឆេង ស្រីម៉ៅ អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកហាងមួយកន្លែង មានស្រុកកំណើតនៅភូមិអណ្តូងក្រសាំង ឃុំឆ្មាំព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។ ចំណែកជនបង្កហេតុជាប្តីមានឈ្មោះឡេង ចាន់ថន អាយុ៣១ឆ្នាំ មុខរបរ បើកបររថយន្ត មានស្រុកកំណើតនៅភូមិងិល ឃុំតាងិល ស្រុកកំពង់សៀម ខេត្តកំពង់ឆ្នាំង។ ប្តីប្រពន្ធទាំង២នាក់ខាងលើនេះ ស្វពថ្ងៃស្នាក់នៅ ក្នុងបន្ទប់ជួលកើតហេតុខាងលើ។

តាមសម្តីស្ត្រីរងគ្រោះជាប្រពន្ធ បានរៀបរាប់ប្រាប់ថា នាងនិងប្តីហេងស៊យខាងលើ ទើបនឹងរៀបការជាមួយគ្នា បានជាង៣ខែប៉ុណ្ណោះ ហើយតាំងពីចាប់ដៃគ្នាមក ប្តីនេះតែងតែប្រើអំពើហិង្សាមកលើនាងជាច្រើនដង រហូតដល់នាងបានដាក់ពាក្យបណ្តឹងនៅឯស្រុកកំណើត ដើម្បីឱ្យ សមត្ថកិច្ចជួយអន្តរាគមន៍ ហៅប្តីកំណាចនេះទៅធ្វើកិច្ចសន្យាបញ្ឈប់អំពើហិង្សាទៀតផង ប៉ុន្តែទោះជាយ៉ាងណា ប្តីនេះនៅតែមិនកែចរិត ឬរាង ចាលទាល់តែសោះ ផ្ទុយទៅវិញ ហាក់កាន់តែខ្លាំងដៃលើសដើម រហូតដល់នាងទ្រាំលែងបាន ក៏សម្រេចចិត្តប្តឹងសុំលែងតែម្តង។

ស្ត្រីរងគ្រោះ បន្តថា នៅមុនពេលកើតហេតុ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨ នាងបានទៅធ្វើការនៅហាងមួយកន្លែងដូចសព្វដង ចំណែកប្តីរបស់នាងបានទៅផឹកស៊ីនៅផ្ទះបងប្អូននៅម្តុំជម្ពូវ័ន លុះដល់ពេលរសៀលប្តីបានទូរស័ព្ទមកនាង ហើយនាងក៏ប្រាប់ថា មិនបានទៅហូប បាយជាមួយទេ ស្រាប់តែភ្លាមនោះ ប្តីបានជាជេរប្រទេចនាងតាមទូរស័ព្ទយ៉ាងចាស់ដៃ។ រហូតដល់វេលាម៉ោង៦ព្រលប់ ថ្ងៃដដែលនាងមិនទាន់ បានចេញពីធ្វើការផង ស្រាប់តែប្តីរបស់នាង បានមករករឿងនាងដល់កន្លែងធ្វើការ ធ្វើឱ្យនាងខ្មាស់បុគ្គលិករួមការងារជាមួយគ្នាយ៉ាងខ្លាំង។

ស្ត្រីរងគ្រោះ បានឱ្យដឹងទៀតថា រហូតមកដល់វេលាម៉ោង៨យប់ ពេលដែលនាងរៀបចេញពីធ្វើការ ម្តាយក្មេករបស់នាង បានទូរស័ព្ទមក ប្រាប់នាងថា ឱ្យប្រយ័ត្ន ព្រោះប្តីនាងកំពុងមួម៉ៅខ្លាំងណាស់ រង់ចាំរករឿង និងចង់សម្លាប់នាងចោលទៀតផង។ លឺបែបនេះ ធ្វើឱ្យនាងភិតភ័យ យ៉ាងខ្លាំង ហើយក៏ចាកចេញពីកន្លែងធ្វើការវិញតាមទ្វារក្រោយ រួចក៏ជិះម៉ូតូឌុប រត់ទៅប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ បន្ទាប់មកសមត្ថកិច្ចបាន ឱ្យលេខទូរស័ព្ទ ដើម្បីទំនាក់ទំនង ព្រោះមិនទាន់កើតហេតុនៅឡើយ។

ស្ត្រីរងគ្រោះ បានបញ្ជាក់ថា លុះមកដល់វេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃដដែល ខណៈដែលនាងជិះម៉ូតូឌុបទៅដល់ផ្ទះជួល កំពុងឈរ រាប់លុយឱ្យថ្លៃម៉ូតូឌុប ស្រាប់តែត្រូវប្តីស្ទុះចេញមកយកមួកសុវត្ថិភាពនៅលើម៉ូតូវាយដំនាងជាច្រើនមួក បណ្តាលឱ្យបែកមួកអស់១ ហើយក៏យកមួក១ទៀតមកវាយនាងបន្ថែមទៀត រហូតទាល់តែបែកមួកទាំង២តែម្តង។ ភ្លាមៗនោះនាងក៏បានទូរស័ព្ទទៅសមត្ថកិច្ច ហើយប្តីរបស់នាងបាន យកទូរស័ព្ទពីនាង ទៅនិយាយជាមួយសមត្ថកិច្ចយ៉ាងគំរោះគំរើយទៀតផង។

ក្រោយកើតហេតុ ប្តីប្រពន្ធខាងលើ បានជិះម៉ូតូដឹកគ្នាទៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ៣ ដោយបុរសជាប្តីបានឱ្យប្រពន្ធឌុប ចំណែកខ្លួន ជាប្តីអង្គុយពីខាងក្រោយ ហើយបានបោចសក់ប្រពន្ធពីក្រោយបណ្តើរ ជេរបណ្តើរ រហូតដល់ប៉ុស្តិ៍នគរបាល។

នៅចំពោះមុខសមត្ថកិច្ច ស្ត្រីរងគ្រោះខាងលើ បានបញ្ជាក់ជំហរប្រាប់សមត្ថកិច្ចថា នាងមិនអាចរស់នៅជាមួយប្តីហេងស៊យរូបនេះ បានទៀតឡើង ព្រោះតែប្តីជាមនុស្សមានចរិតកោងកាច ឃោរឃៅ តែប្រើកម្លាំងបាយវាយដំច្រំធាក់នាងរាល់ថ្ងៃ ពោលគឺតែធ្វើបាបនាងទាំង ផ្លូវកាយ និងផ្លូវចិត្ត រហូតពេលនេះនាងទ្រាំតទៅទៀតលែងបានហើយ មានតែជ្រើសយកវិធីលែងលះគ្នាប៉ុណ្ណោះ ទើបនាងអាចរស់នៅបានសុខ។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ៣ បានណែនាំប្តីប្រពន្ធខាងលើថា ប្រសិនបើភាគីទាំងពីរចង់លែងលះគ្នា គឺអាចទៅដាក់ពាក្យបណ្តឹងនៅសាលាសង្កាត់វិញ ព្រោះសមត្ថកិច្ចមិនមានសិទ្ធិដោះស្រាយលើបណ្តឹងលែងលះបានឡើយ៕

RELATED ARTICLES