ខេត្តបន្ទាយមានជ័យ ៖ យុវតីម្នាក់ នៅសុខៗក៏បានបាត់ខ្លួនចេញពីផ្ទះដោយគ្មានដំណឹង ធ្វើឱ្យក្រុមគ្រួសារភ័យឆោឡោ តាមស្វែងរកសព្វកន្លែង តែមិនមានដំណឹងទាល់តែសោះ ទើបសម្រេចចិត្តរត់ទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។
យុវតីដែលបាត់ខ្លួនចេញពីផ្ទះដោយគ្មានដំណឹង មានឈ្មោះមឿន ស្រីណែត អាយុ១៨ឆ្នាំ មានឪពុកឈ្មោះសាន មាន អាយុ៤០ឆ្នាំ ម្តាយឈ្មោះគ្រួច ស្រីនួន អាយុ៣៨ឆ្នាំ និងមានលំនៅក្នុងភូមិឈ្នួរ ឃុំឈ្នួរ ស្រុកព្រះនេត្រព្រះ។ យុវតីខាងលើ បានចេញបាត់ពីផ្ទះ តាំងពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨។
តាមប្រភពពីក្រុមគ្រួសារយុវតីខាងលើ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ យុវតីខាង លើ បានចេញពីផ្ទះបាត់ ដោយមិនបានប្រាប់អ្នកណាម្នាក់ថានាងទៅណានោះទេ។ លុះមួយសន្ទុះក្រោយមក មិនឃើញយុវតីរូបនេះ ត្រឡប់មកផ្ទះវិញ ក្រុមគ្រួសារក៏ចែកផ្លូវគ្នាដើរតាមស្វែងរក តែមិនឃើញសោះ មិនដឹងទៅដល់ណាជាមួយអ្នកណាឡើយ។
ប្រភពដដែលបន្តថា ក្រោយពីដើរកយុវតិខាងលើអស់ចិត្តអស់ចង់រួចមក ឃើញថា មិនទទួលបានតម្រុយអ្វីទាំងអស់ ជាហេតុធ្វើឱ្យឪពុក ម្តាយមានការព្រួយបារម្ភ ក៏រត់ទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តាមស្វែងរក។ ជាមួយនេះ ក្រុមគ្រួសារសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ប្រសិនជាបានឃើញយុវតីដែលមានភិនភាគដូចក្នុងរូបថត មេត្តាជួយផ្តល់ដំណឹងមកក្រុមគ្រួសារ តាមរយៈទូរស័ព្ទលេខ ០៩៧ ៧៧ ៨០ ១៦៣ ឬ ០៧១ ៩៩៩៩៩ ៧៦៕