ខេត្តកោះកុង ៖ សាកសពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែតក្នុងទឹកសមុទ្រ ដោយមិនមាន សម្លៀកបំពាក់អ្វីជាប់ខ្លួនទាំងអស់ ក្រៅពីខោលីអូ១ប៉ុណ្ណោះ ចំណែកសាកសពមានសភាពហើមស្អុយរលួយទៅហើយ បង្កឱ្យមានការភ្ញាក់ផ្អើល ឡើង កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨ នៅចំណុចផែរបស់លោកឧកញ៉ា កុក អាន កោះស្មាច់ ស្ថិតក្នុងភូមិ កោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ។
សាកសពបុរសដែលអណ្តែតទឹកសមុទ្រ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគ មានវ័យជាង៣០ឆ្នាំ ស្លៀកខោស្លីបពណ៌ខ្មៅ និងមានសភាពហើមរលួយទៅហើយ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ មានប្រជាពលរដ្ឋបានប្រទះឃើញសាកសពជនរងគ្រោះខាងលើ អណ្តែតតាមទឹកសមុទ្រ មកទើរនៅចំណុចផែរបស់លោកឧកញ៉ា កុកអាន ទើបកើតមានការភ្ញាក់ផ្អើល ប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះ មកជួយពិនិត្យភ្លាមៗតែម្តង។
ក្រោយពីទទួលបានព័ត៌មាន លោកអធិការនគរបាលស្រុកគិរីសាគរ បានចាត់កម្លាំងជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍កោះស្តេច ពេទ្យមណ្ឌលសុខភាពគិរីសាគរ អាជ្ញាធរភូមិ-ឃុំ ចុះធ្វើការពិនិត្យឃើញថា សពជាមនុស្សប្រុស គ្មានអាវ និងខោស្លៀកខោស្លីបពណ៌ខ្មៅ និងមានសភាពហើម រលួយស្អុយ ពុំស្គាល់អត្តសញ្ញាណ។
តាមការសន្និដ្ឋានសពជាកម្មករទូក អណ្តែតមកពីសមុទ្រក្រៅ បច្ចុប្បន្នសពត្រូវបានយកទៅកប់ទុកនៅក្បែរនោះ (លើកោះស្មាច់) ដើម្បីរង់ចាំសមត្ថកិច្ចជំនាញ ធ្វើការស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕