Saturday, January 18, 2025
Homeសង្គម និងជីវិតអាសូរណាស់! កុម្មង់គុយទាវមួយចានមិនទាន់បានហូបផង ស្រាប់តែធ្លាក់ពីលើកៅអីស្លាប់

អាសូរណាស់! កុម្មង់គុយទាវមួយចានមិនទាន់បានហូបផង ស្រាប់តែធ្លាក់ពីលើកៅអីស្លាប់

ខេត្តបាត់ដំបង ៖ បុរសវ័យចំណាស់ជាអ្នកសារព័ត៌មានម្នាក់ បានចូលទៅកម្មង់គុយទាវហូបនៅក្នុងហាងមួយកន្លែង លុះមិនទាន់បានគុយទាវហូបផង ក៏ស្រាប់តែអកុសល ធ្លាក់ចុះពីលើកៅអី បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង កាលពីវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨ នៅចំណុចហាងលក់គុយទាវ-កាហ្វេ យីហោ ហុង ម៉េងលាភ ស្ថិតក្នុងផ្សារបឹងឈូក ក្រុមទី៤២ ភូមិព្រែក មហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

បុរសរងគ្រោះមានឈ្មោះឆេង ឈៀវ អាយុ៦០ឆ្នាំ មុខរបរ អ្នកសារព័ត៌មាន និងរត់តាក់ស៊ី មានលំនៅផ្ទះលេខ១៥៦ ក្រុមទី០៣ ភូមិអំពឹប ឃុំមានជ័យ ស្រុកសំឡូត។

តាមសម្តីបុរសឈ្មោះង៉ែត ម៉េងគ្រី អាយុ៦៣ឆ្នាំ ជាម្ចាស់ហាងគុយទាវខាងលើ បានបញ្ជាក់ឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១០ និង១០នាទីព្រឹក ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨ ជនរងគ្រោះខាងលើ បានបើករថយន្តម៉ាកកាមរី ពណ៌ស ចូលមកអង្គុយកម្មង់ គុយទាវហូបនៅក្នុងហាងរបស់គាត់ តែមិនទាន់បានហូបទេ ស្រាប់តែជនរងគ្រោះអង្គុយសុខៗ ក៏ធ្លាក់ពីលើកៅអីតែម្តង ពេលនោះគាត់និងអ្នកនៅទីនោះនាំគ្នាជួយធ្វើចលនាសង្គ្រោះបឋម រួចដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពហុព្យាបាលសុខភាព តែពេលដឹកទៅដល់ គ្រូពេទ្យពិនិត្យហើយ ប្រាប់ថា ជនរងគ្រោះស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះ បានស្លាប់ដោយសារកើតអាការៈគាំងបេះដូង។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យ ស្ត្រីជាប្រពន្ធជនរងគ្រោះ ដឹកទៅកាន់ស្រុកកំណើត ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES