ភ្នំពេញ ៖ ក្មេងស្ទាវចំនួន២ក្រុម បាននាំគ្នាចូលទៅផឹកស៊ីរាំលេងនៅក្នុងក្លឹបមួយកន្លែង រួចក៏កើតមានជំលោះនឹងគ្នា ស្រាប់តែភាគីម្ខាង ដែលអាងថាមានគ្នាច្រើនជាង បាននាំគ្នាស្តោះទឹកមាត់ឌឺដងដាក់ភាគីជំលោះដែលមានគ្នាតិចជាង ទើបធ្វើឱ្យគូទំនាស់ចងគំនុំ ចេញពីក្លឹបវិញ ក៏ជិះ ម៉ូតូដេញតាមកាប់បណ្តាលឱ្យយុវជនម្នាក់រងរបួសធ្ងន់ រួចក៏ប្លន់យកម៉ូតូ១គ្រឿងទៅបាត់ទៀត ខណៈដែលមិត្តភក្តិជនរងគ្រោះ ភ័យស្លន់ស្លោរត់ចោលម៉ូតូទាំងភ្លេចដកសោ។
ករណីក្រុមក្មេងស្ទាវផ្ទុះហិង្សា បណ្តាលឱ្យយុវជនម្នាក់រងបួសធ្ងន់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៤និង៤០នាទី ទៀបភ្លឺ ថ្ងៃទី១០ ខេមេសា ឆ្នាំ២០១៨ នៅចំណុចភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ ។
យុវជរងគ្រោះដែលត្រូវគូទំនាស់កាប់ឱ្យរងរបួសធ្ងន់ មានឈ្មោះឆែន នាត អាយុ២១ឆ្នាំ មានលំនៅក្នុងភូមិប៉ប្រកខាងជើង សង្កាត់រកា១ ខណ្ឌពោធិ៍សែនជ័យ។ ដោយឡែកម្ចាស់ម៉ូតូដែលត្រូវជនសង្ស័យបន្លំប្លន់យកទៅបាត់នោះ ឈ្មោះព្រឿន ប៊ុនណាក់ អាយុ២១ឆ្នាំ ស្នាក់នៅផ្ទះជួល មានទីលំនៅប៉ប្រកខាងត្បូង សង្កាត់រកា១ ខណ្ឌពោធិ៍សែនជ័យ ជាម្ចាស់ម៉ូតូម៉ាកស្កុបពី។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ភាគីខាងជនរងគ្រោះមានគ្នា១៣នាក់ (មានស្រី មានប្រុស) ធ្វើការនៅក្នុងក្លឹបអាវ៉ាលូនជាមួយគ្នា បាននាំគ្នាទៅផឹកស៊ីរាំលេងនៅក្លឹបផ្លែន នៅតាមផ្លូវ២០០៤ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ។ លុះពេលកំពុងរាំលេងក្នុងក្លឹប ក៏កើតមានទំនាស់ជាមួយនឹងក្មេងស្ទាវមួយក្រុម ដែលមានគ្នាតិចជាង រហូតឈានដល់ការស្តោះទឹកមាត់ដាក់គ្នាទៀតផង។
ប្រភពដដែលបន្តថា លុះពេលចេញពីក្លឹបមកវិញ ក្រុមក្មេងស្ទាវនោះ ក៏បានរករឿងឈ្លោះ រហូតកើតជាអំពើហិង្សវាយតប់គ្នានៅមុខក្លឹប ម្តងរួចមកហើយ ទើបធ្វើឱ្យបក្ខពួករបស់ជនរងគ្រោះ បានជិះម៉ូតូបែកផ្លូវគ្នាអស់ នៅសល់តែជនរងគ្រោះដែលជាម្ចាស់ម៉ូតូ រួមទាំងជនរងគ្រោះ ដែលគេកាប់ដេរនោះជិះម៉ូតូ២គ្រឿងដើររកគ្នា ក៏ប្រទះជាមួយក្រុមជនសង្ស័យ និងត្រូវគេព្រួតកាប់ទៅលើជនរងគ្រោះបណ្តាលឱ្យរងរបួសធ្ងន់តែម្តង ចំណែកជនរងគ្រោះម្នាក់ទៀត ភ័យពេក ក៏រត់ទៅចោលម៉ូតូ ទើបធ្វើឱ្យជនសង្ស័យមានឱកាសយកម៉ូតូអស់១គ្រឿង។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានគេដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ និងត្រូវគ្រូពេទ្យដេរមុខរបួសអស់៩៥ថ្នេរ។
ជុំវិញករណីខាងលើនេះ ជនរងគ្រោះជាម្ចាស់ម៉ូតូបានមកដាក់ពាក្យបណ្តឹង ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍៕