ខេត្តប៉ៃលិន ៖ បុរសជាអ្នកកាប់ជ្រូកម្នាក់ បានជិះម៉ូតូដួលតាមផ្លូវដោយខ្លួនឯង បណ្តាលឱ្យរងរបួស រួចក៏ត្រូវក្រុមគ្រួសារដឹកទៅសម្រាកនៅផ្ទះ ដោយមិនបានដឹកទៅព្យាបាលនៅមន្ទីរពេទ្យនោះទេ លុះ២ថ្ងៃក្រោយមក ជនរងគ្រោះក៏ដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។
បុរសរងគ្រោះ ដែលជិះម៉ូតូដួលស្លាប់ មានឈ្មោះចយ វុទ្ធី អាយុ៤១ឆ្នាំ មុខរបរកាប់ជ្រូក មានលំនៅក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។
តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨ ជនរងគ្រោះបានជិះម៉ូតូដួលដោយខ្លួនឯងនៅចំណុចភូមិអូរតាពុកលើ សង្កាត់ទួលល្វា ក្រុងប៉ៃលិន បណ្តាលឱ្យរងរបួសយ៉ាងដំណំ។ ក្រោយកើតហេតុ ក្រុមគ្រួសារមិនបានដឹកបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលនោះទេ តែបានដឹកមកសម្រាកនៅផ្ទះវិញ រហូតមកដល់វេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ ជនរងគ្រោះក៏ដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័មតែម្តង។
ក្រោយកើទហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារតែរបួស ដួលម៉ូតូប្រាកដមែន ពោលគឺមិនពាក់ព័ន្ធទៅនឹងករណីអ្វីផ្សេងឡើយ។
សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕