ពេលគាត់ធ្លាក់ខ្លួនពោះម៉ាយ ត្រូវបានកូនស្រីទី៣ យកមកចិញ្ចឹម ឱ្យរស់ស្រណុកដឹងតែទៅវត្តរក្សាសីល មិននឿយរកស៊ីអ្វីទេ ប៉ុន្តែ ហេតុតែភ្លើងតណ្ហាដុតរោល តាសម្រេចចិត្តយកប្រពន្ធទី២ នៅក្មេង ក៏ជំពាក់ជំពិននឹងរឿងលោកិយ ឱបបង្វេចដើររកស៊ីជាមួយប្រពន្ធ ចេញពីស្រុកមួយចូលស្រុកមួយ វេទនាស្ទើរលៀនភ្នែក ក៏គាត់មិន អាចកាត់ផ្តាច់ចំណងកាមកិលេសបានឡើយ…។
លោកតាខឹម ម៉ាង អាយុ៧០ឆ្នាំ រស់នៅភូមិតាតៃ ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ បានរៀបរាប់ថា មួយឆាកជីវិតនេះ គាត់ធ្លាប់មានប្រពន្ធ២នាក់ហើយ។ កាលនៅកំលោះ គាត់បានរៀបការជាមួយនារី ម្នាក់អាយុស្របាលគ្នាឈ្មោះទឹម ទាម ដោយចាប់ដៃគ្នាកសាងគ្រួសារជាង៤០ឆ្នាំឯណោះ ជាមួយនឹងមុខរបរ ធ្វើស្រែចម្ការ ដោយបង្កើតបានកូនប្រុសស្រី៨នាក់។ លុះចូលដល់វ័យកណ្តាល ភរិយានោះ មានជំងឺធ្ងន់ព្យាបាល មិនជា ក៏ទទួលមរណភាពទៅ ទុកឱ្យគាត់នៅពោះម៉ាយកាយរងាម្នាក់ឯង។ ពេលធ្លាក់ខ្លួនពោះម៉ាយ ក៏ត្រូវកូនស្រីទី៣ ដែលមានគ្រួសារយកមកនៅជាមួយចិញ្ចឹមគាត់ឱ្យនៅស្រណុក មិនឱ្យឪពុកនឿយលំបាកក្នុងការងារស្រែចម្ការអ្វ្វីទេ ដឹងតែដល់ថ្ងៃសីលទៅវត្ត ជាការស្រេច។ គាត់ពោះម៉ាយ៥ឆ្នាំ គ្មានគិតគូរអ្វីក្រៅពីកាន់សៀវភៅ រៀនទន្ទេញធម៌ ជួនកាលក៏ទៅជួយបោសសំរាមឯវត្តទន្លេនាម ប្តូរយកកុសលផលានិសង្ស ជួនកាលក៏មានគេ ពឹងឱ្យជួយធ្វើអាចារ្យយោគី ក្នុងពេលបូជាសពផងដែរ។ និយាយរួម គាត់រស់នៅក្រោមបន្ទុករបស់កូនស្រី បានស្រណុកខ្លួនណាស់ ឯលុយកាក់ក៏អាចរកបានខ្លួនឯងខ្លះពីការធ្វើអាចារ្យដុតខ្មោច បានចាយវាយ មិនដែលដាច់ឡើយ។
លោកតាខឹម ម៉ាង បន្តទៀតថា គាត់មានទូរស័ព្ទណូគា ធុនថោក១គ្រឿង សម្រាប់ប្រើប្រាស់ លុះយប់មួយ ស្រាប់តែមានស្រីមេម៉ាយម្នាក់ច្រឡំលេខចូលទូរស័ព្ទគាត់។ នាងនោះឈ្មោះជ័យ សាវ៉ុន អាយុប្អូនគាត់៣៤ឆ្នាំ ជាស្រីមេម៉ាយ២ភ្លើង ស្រុកកំណើតនៅភូមិបុស្សមន ឃុំធ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង។ នាងត្អូញត្អែរតាមទូរស័ព្ទថា នៅមេម៉ាយ យ៉ាប់ណាស់ ដោយចង់បានប្តីម្នាក់ជាបង្អែក គ្រាន់បានមើលថែ ទាំគ្នាយប់ព្រលប់ បណ្តាលចិត្តគាត់ឱ្យអាណិតនាងជាពន់ពេក។ ឆ្លើយឆ្លងរាល់យប់ពេកទៅ ធ្វើឱ្យភ្លើងតណ្ហាដែលរលត់៥ឆ្នាំនេះ ឆាបឆេះឡើងវិញ រហូតដល់ទ្រាំមិនបានគាត់ក៏សុំខ្លួនធ្វើជាប្តីអ្នកមេម៉ាយនោះ ដោយធានាយកនាងមួយជីវិត និងឱ្យនាងមកជួបកុំខាន។ ដោយចរចាត្រូវផ្លែត្រូវផ្កាគ្នា មិនបានប៉ុន្មាន ថ្ងៃក៏លេចមុខអ្នកមេម៉ាយមកដល់ផ្ទះកូនគាត់ ទើបគាត់សម្រេច យកធ្វើប្រពន្ធទៅ ដោយហៅកូនមកជុំគ្នាជួយសែនព្រេនឱ្យឪ ទោះជាមានកូនខ្លះជំទាស់ ក៏មិនឈ្នះចិត្តគាត់ដែរ។
លោកតាខឹម ម៉ាង បន្តទៀតថា គាត់បានផ្សំដំណេកជាមួយ ប្រពន្ធទី២ នេះនៅក្នុងផ្ទះកូន ខណៈដែលកូនស្រីនោះ មិនពេញចិត្តម៉ែចុង។ តាំងពីពេលនោះមក ដោយសារប្រពន្ធបានយកកូនតូចម្នាក់តាមមក ជាមួយផងនោះ ក៏នៅមិនចុះជាមួយកូនស្រីទី៣ របស់គាត់ ឧស្សាហ៍ឈ្លោះ គ្នាណាស់ រហូតប្រពន្ធទ្រាំមិនបានក៏សុំលាគាត់ទៅស្រុកវិញ តែគាត់ស្រលាញ់ប្រពន្ធ ក្មេងនេះពេក មិនព្រមបែក ក៏សុខចិត្តឱបបង្វេចតាមទៅជាមួយ។ មុនដំបូងបានទៅ ដល់ស្រុកកំណើតប្រពន្ធឯខេត្តស្វាយរៀង បន្ទាប់មក ក៏នាំគ្នាទៅស៊ីឈ្នួលបេះម្រេចឱ្យគេនៅខេត្តកំពង់ចាម។
ក្រោយមកទៀត ទៅស៊ីឈ្នួលចាំផ្ទះឱ្យគេនៅទីក្រុង និងស៊ីឈ្នួលគេផ្សេងៗទៀត ឬដើរធ្វើខ្ញុំគេតាមប្រពន្ធ ទោះជាលំបាកវេទនាយ៉ាងណា ឱ្យតែបាននៅក្បែរប្រពន្ធ ទើបអស់ចិត្ត។ គាត់គ្មានឱកាសកាន់សៀវភៅធម៌ ឬចូលវត្តវ៉ារក្សាសីលដូចកាលនៅជាមួយកូនស្រី ទៀតទេ ហើយទីបំផុត គាត់បាននាំប្រពន្ធនេះ មកស្រុក របស់គាត់សង់ខ្ទមរស់នៅ ដោយចេញទៅស៊ីឈ្នួល ធ្វើត្រីឱ្យគេ ដើម្បីច្នៃជាត្រីងៀត។ គាត់ធ្លាប់សុំសីល៥ លុះតាមប្រពន្ធ ក៏ហ៊ានវាយក្បាល ត្រីស្រកា វះពោះ ធ្វើយ៉ាងណាឱ្យតែបានលុយទិញអង្ករច្រកឆ្នាំងលែង គិតពីបាបបុណ្យអ្វីទៀតហើយ។
ដោយឡែក អ្នកស្រីជ័យ សាវ៉ុន អាយុ៤៦ឆ្នាំ ជាប្រពន្ធបានឱ្យដឹងថា មួយជីវិតនេះ គាត់ឆ្លងកាត់ប្តី៣ នាក់ទៅហើយ គឺប្តីទី១ឈ្មោះពុធ សារ៉ែម អាយុ ស្របាលគ្នារួមរស់ជាមួយគ្នាជាង១០ឆ្នាំ បង្កើតបានកូន ៣នាក់ (ស្រី២ ប្រុស១) ប្តីនោះលួចមានប្រពន្ធចុង ក៏លែងលះគ្នាទៅ។ បន្ទាប់មក គាត់យកប្តីទី២ ឈ្មោះរាជ ឈន អាយុស្របាលគ្នាដែរ បង្កើតបានកូន២ នាក់ទៀត ជាអកុសល ប្តីនោះមានជំងឺធ្ងន់ បានស្លាប់ ចោលគាត់ទៅ។ លុះធ្លាក់ខ្លួនមេម៉ាយ២ភ្លើង គាត់ផ្សង ស្នេហ៍តាមទូរស័ព្ទ ក៏បានជួបប្តីចាស់សព្វថ្ងៃនេះ ដែលជាអាចារ្យយោគី ក៏ត្រូវរ៉ូវគ្នាទៅ។ គាត់បានប្តីចាស់ នេះ កូនៗរបស់គាត់ជាមួយប្តីមុនមិនជំទាស់ទេ តែ កូនៗរបស់ប្តីខ្លះស្រប ខ្លះជំទាស់ សូម្បីតែកូនស្រីទី៣ របស់ប្តីក៏មិនពេញចិត្តគាត់ជាម៉ែចុងដែរ ក៏ផ្ទុះជម្លោះ រហូតគាត់នៅជាមួយលែងបាន ក៏នាំប្តីរសាត់អណ្តែត ដើរស៊ីឈ្នួលគេរហូតមកទើរនៅភូមិនេះវិញ ដោយសង់ខ្ទមនៅ ឈប់ទីពឹងកូន។
អ្នកស្រីជ័យ សាវ៉ុន បន្តថា ប្តីចាស់នេះស្រលាញ់ គាត់ខ្លាំងណាស់ បែកមួយយប់ស្ទើរមិនបានផង ព្រោះតា នៅខ្លាំងមិនចាញ់កំលោះនោះទេ។ មុនដំបូង ដោយមានជម្លោះជាមួយកូនស្រីទី៣នោះ គាត់សុំបែក ពីប្តីវិញដែរ តែតាមិនព្រមបែក ក៏ស៊ូតែឱបបង្វេច តាមគាត់ឱ្យតត្រុក ធ្វើឱ្យគាត់អាណិតមិនដាច់ចិត្តលាគ្នាទេ និងនៅតែបន្តរុញក្បូនស្នេហ៍ឱ្យរសាត់ទៅមុខ តាមយថាកម្មទៅចុះ។
លោកខឹម រ៉ន អាយុ៣៧ឆ្នាំ ជាកូនរបស់តា បានឱ្យដឹងថា លោកមិនជំទាស់នឹងរឿងឪពុកយកប្រពន្ធ ក្រោយនេះទេ ដើម្បីបានថែទាំគ្នានាវ័យចុងក្រោយ ប៉ុន្តែបងៗរបស់លោកខ្លះមិនពេញចិត្តទេ ព្រោះចង់ឱ្យ ឪទៅនៅវត្ត។
លោកយាយធឹម ថៃ អាយុ៥៤ឆ្នាំ កញ្ញាពេជ្រ ស្រីលក្ខណ៍ អាយុ១៦ឆ្នាំ នាងយេន បុប្ផា អាយុ៣០ ឆ្នាំ ជាអ្នកជិតខាង បានឱ្យដឹងស្របគ្នាថា ករណីតា ម៉ាង យកប្រពន្ធទី២នេះ ពិតជាយ៉ាប់ណាស់ ព្រោះកាលនៅជាមួយកូន មិនពិបាករកស៊ីអ្វីឡើយ លុះបានប្រពន្ធក្មេង ក៏ដើរស៊ីឈ្នួលគេមិនឈប់។
គួរបញ្ជាក់ថា នេះហើយហៅថា “ចំណងលោកិយ” ឬ “វាលវដ្តសង្សារ” បើចំណងនេះទាក់ជាប់ខ្លួន មនុស្សណាហើយ នឹងវេទនាមិនខាន ព្រោះកាមតណ្ហា នាំមនុស្សឱ្យវង្វេង ទោះជានឿយហត់យ៉ាងណា ឱ្យតែបាននៅក្បែរតណ្ហា ក៏សុខចិត្តដែរ…”៕