Saturday, January 18, 2025
Homeសង្គម និងជីវិតសួរត្រឹមត្រូវ ឆ្លើយមកឌឺ កាប់១ដាវរយះកំភួនដៃ

សួរត្រឹមត្រូវ ឆ្លើយមកឌឺ កាប់១ដាវរយះកំភួនដៃ

ខេត្តកណ្តាល ៖ យុវជនម្នាក់ ទើបនឹងត្រឡប់មកពីធ្វើការនៅភ្នំពេញ ក៏ស្រែកសួរមិត្តភក្តិម្នាក់ រឿងជល់មាន់ ស្រាប់តែយុវជនម្នាក់ទៀត ដែលនៅក្បែរនោះ បែរជាឆ្លើយជំនួស ក្នុងន័យឌឺដង ទើបធ្វើឱ្យផ្ទុះជាទំនាស់តឹងសរសៃកដាក់គ្នា និងឈានដល់ការប្រើអំពើហិង្សា ទាញដាវកាប់ ទៅលើគូទំនាស់ បណ្តាលឱ្យរយះកំភួនដៃរងរបួសធ្ងន់ កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ នៅចំណុចភូមិលើ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល។

ជនរងគ្រោះមានឈ្មោះយឹម ម៉ារុត អាយុ២២ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកជនសង្ស័យមានឈ្មោះលី លុច អាយុ២១ឆ្នាំ មុខរបរបុគ្គលិកសណ្ឋាគារនៅភ្នំពេញ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើជាមួយគ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យបានជិះម៉ូតូចេញពីកន្លែងធ្វើការនៅភ្នំពេញសំដៅទៅផ្ទះ លុះពេលជិះមកដល់ចំណុចផ្ទះរបស់ឈ្មោះច្រិច ភេទស្រី បានជួបនឹងឈ្មោះស្វិត ភេទប្រុស ហើយបានស្រែកសួរថា ថ្ងៃនេះអត់ជល់មាន់ទេអី? ពេល នោះជនរងគ្រោះឈ្មោះយឹម ម៉ារុត នៅទីនោះដែរ ក៏បានឆ្លើយថា ជល់មាន់ក្បាលឯងស្អីថ្មើរនឹង! លឺដូចនេះជនសង្ស័យខឹង ក៏បានជិះម៉ូតូទៅយកដាវនៅផ្ទះ រួចក៏ជិះត្រឡប់មកវិញ បានជួបជនរងគ្រោះក៏កើតមានមានទំនាស់ពាក្យសម្តីគ្នាទៅវិញទៅមក ហើយភ្លាមនោះជនសង្ស័យបានស្ទុះទៅកាប់ជនរងគ្រោះចំកំភួនដៃខាងឆ្វេងបណ្តាលឱ្យដាច់ហូរឈាម រងរបួសធ្ងន់ និងត្រូវក្រុមគ្រួសារដឹកទៅព្យាបាលនៅមន្ទីរពេទ្យឯកជនក្នុងឃុំអរិយក្សត្រ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យ ព្រមទាំងដកហូតវត្ថុតាង ដាវ១ដើម ធ្វើពីដែកពណ៍ខ្មៅ ដងរុំស្កុត ពណ៍ក្រហម ប្រវែង០,៦៦ម៉ែត្រ។

ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅចាត់ការតាមនីតិវិធី៕

RELATED ARTICLES