ភ្នំពេញ ៖ ស្ត្រីម្នាក់ បានខ្ចីប្រាក់គេចំនួនជិត៤ម៉ឺនដុល្លារ លុះម្ចាស់ប្រាក់ទារវិញ ក៏ស្រាប់តែស្ត្រីរូបនោះបែកគំនិតចេញសែកស្អុយ (អត់មានទឹកលុយ) ទៅឱ្យម្ចាស់បំណុល យកទៅបើកនៅធនាគារ លុះទៅដល់ក៏ត្រូវខាងធនាគារអះអាងថា ជាសែកស្អុយ ទើបម្ចាស់បំណុលសម្រេចដាក់ ពាក្យប្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួនស្ត្រីសង្ស័យ បញ្ជូនទៅតុលាការ ស្រាប់តែត្រូវចៅក្រមស៊ើបសួរសម្រេចដោះលែងឱ្យត្រឡប់ទៅផ្ទះវិញ។
ស្ត្រីដែលចេញសែកស្អុយ រហូតត្រូវម្ចាស់បំណុលប្តឹងប៉ូលិសចាប់ខ្លួននេះ មានឈ្មោះផេង មុំ អាយុ៤២ឆ្នាំ។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ស្ត្រីឈ្មោះផេង មុំ ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឃាត់ខ្លួនកាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨ ពីបទចេញសែកស្អុយជិត៤ម៉ឺនដុល្លារ។
សមត្ថកិច្ចបានបង្ហើបឱ្យដឹងពីដើមចមនៃរឿងហេតុខាងលើនេះថា ដំបូងឡើយស្ត្រីជាប់សង្ស័យ បានខ្ចីប្រាក់ពីដើមបណ្តឹងចំនួន៣៧០០០ដុល្លារ ដើម្បីយកទៅលោះប្លង់ដីពីធនាគារមួយ ប៉ុន្តែលុយនោះមិនបានយកទៅលោះប្លង់ទេ។ លុះក្រោយមក ដើមបណ្តឹងទារប្រាក់វិញ ស្រាប់តែ ស្ត្រីសង្ស័យបានចេញសែកស្អុយឱ្យដើមបណ្តឹងតែម្តង។ បន្ទាប់មកនៅពេលដើមបណ្តឹងយកសែកនោះ ទៅបើកលុយនៅធនាគារ ទើបដឹងថា ជាសែកគ្មានសាច់ប្រាក់ ទើបដើមបណ្តឹងប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួនតែម្តងទៅ។
ក្រោយឃាត់ខ្លួនស្ត្រីសង្ស័យខាងលើសួរនាំរួចមក នៅល្ងាចថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨ សមត្ថកិច្ចបានបញ្ជូនស្ត្រីសង្ស័យទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ដោយសំណុំរឿងនេះ បានស្ថិតក្នុងដៃលោកស្រី ស៊ឺ វណ្ណនី ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ ដោយបានចោទប្រកាន់ស្ត្រីជនសង្ស័យពីបទចេញសែកគ្មានសាច់ប្រាក់ រួចបញ្ជូនសំណុំរឿងនេះទៅលោកសេង លាង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី។ ប៉ុន្តែនៅល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ លោកចៅក្រម បានសម្រេចឱ្យទៅ ផ្ទះវិញតែដាក់ឱ្យជាប់កាតព្វកិច្ចស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ៕