Saturday, January 18, 2025
Homeសង្គម និងជីវិតកោសខ្យល់រួច បបួលគ្នាផឹក យប់ឡើងដេកស្លាប់

កោសខ្យល់រួច បបួលគ្នាផឹក យប់ឡើងដេកស្លាប់

ខេត្តកណ្តាល ៖ បុរសជាកម្មករសំណង់ម្នាក់ ក្រោយពីកោសខ្យល់រួច ក៏បានទិញស្រាបៀរមកអង្គុយផឹកជាមួយសាច់ញាតិ រហូតដល់ស្រវឹង ក៏ចូលទៅប្រះខ្លួនដេក ស្រាប់តែព្រឹកឡើង មិនឃើញក្រោកចូលទៅដាស់ទើបដឹងថា ជនរងគ្រោះ បានដេកស្លាប់រឹងស្តូកទៅហើយ បង្កឱ្យ មានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦និង៤០នាទីព្រឹក ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ នៅចំណុចភូមិក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល។

បុរសរងគ្រោះដែលដេកស្លាប់ មានឈ្មោះខុត ពិសិដ្ឋ អាយុ២៤ឆ្នាំ មុខរបរកម្មករសំណង់ មានលំនៅក្នុងភូមិរកាកោងទី១ ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានមកស្នាក់នៅធ្វើជាកម្មករសំណង់នៅផ្ទះម្តាយមីង ឈ្មោះហ៊ុន សុផល អាយុ៣៩ឆ្នាំ នៅភូមិឃុំកើតហេតុរយៈពេលជាងមួយខែមកហើយ រហូតមកដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨ ជនរងគ្រោះមិនស្រួលខ្លួន ងងឹតមុខបានឱ្យម្តាយមីងកោសខ្យល់ឱ្យបន្តមកទៀត នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង៦ព្រលប់ ក្រោយពេលត្រឡប់ មកពីរធ្វើការងារសំណង់វិញ ជនរងគ្រោះបានទិញស្រាបៀរផឹកជាមួយបងប្អូន រហូតដល់ម៉ោង១០យប់ថ្ងៃដដែល បន្ទាប់ពីផឹកស្រវឹងធ្លាក់ភ្នែករៀងខ្លួន ជនរងគ្រោះបានចូលដេកជាមួយប្អូនជីដូនមួយឈ្មោះខុម ផានិត អាយុ១៨ឆ្នាំ បាត់ទៅ។

ប្រភពដដែលបន្តថា រហូតមកដល់វេលាម៉ោង៦និង៤០នាទីព្រឹក ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ក្រោយពេលភ្ញាក់ពីដំណេកនៅមិនទាន់ឃើញជនរងគ្រោះក្រោកទៀត ទើបឈ្មោះខុម ផានិត បានដាស់ជនរងគ្រោះមិនភ្ញាក់ ទើបស្រែកហៅម្តាយមកមើល ស្រាប់តែឃើញជនរងគ្រោះ ស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារអាការៈខ្យល់គរ។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES