Saturday, January 18, 2025
Homeសង្គម និងជីវិតស៊ីដាច់លុយស្រ្តី៣នាក់ កក់ទិញដី 5050$ ជាប់ខ្នោះ

ស៊ីដាច់លុយស្រ្តី៣នាក់ កក់ទិញដី 5050$ ជាប់ខ្នោះ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានស្ត្រី៣នាក់ ប្រគល់ប្រាក់ឱ្យចំនួន៥០៥០ដុល្លារ ដើម្បីយកទៅកក់ថ្លៃទិញដី ស្រាប់តែបែកគំនិតស៊ីដាច់បាត់ ទីបំផុត ក៏ត្រូវជនរងគ្រោះឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់ កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ នៅចំណុចក្រុម៥ ភូមិទួលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។

ជនសង្ស័យខាងលើ មានឈ្មោះឯម តុលា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតតប្រាកដ ស្នាក់នៅផ្ទះជួល ក្រុម៥ ភូមិទួលគោក សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ។ ចំណែកជនរងគ្រោះមាន៣នាក់ ទី១-ឈ្មោះសំ សារ៉ាត ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ មានលំនៅផ្ទះជួល ក្រុម៥ ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ (អស់ប្រាក់ចំនួន២០០០ដុល្លារ)។ ទី២-ឈ្មោះហេង ម៉ានីល ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវ (អស់ប្រាក់ចំនួន២០០០ដុល្លារ)។ និងទី៣-ឈ្មោះតាំង គឹមរុណ ភេទស្រី អាយុ៤៦ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ (អស់ប្រាក់ចំនួន១០៥០ដុល្លារ)។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅថ្ងៃមិនចាំ ខែ១១ ឆ្នាំ២០១៧ វេលាម៉ោង២រសៀល នៅចំណុចផ្ទះជួល ផ្លូវលំក្រុមទី៥ ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ មានករណីឆបោកប្រាក់ចំនួន៥០៥០ដុល្លារ តែជនរងគ្រោះពុំបានដាក់ពាក្យបណ្តឹងនោះទេ រហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង៦ល្ងាច ជនរងគ្រោះចំនួន៣នាក់ បាននាំជនសង្ស័យឈ្មោះឯម តុលា មកប្រគល់ឱ្យសមត្ថកិច្ចតែម្តង។

សមត្ថកិច្ច បន្តថា នៅថ្ងៃខែឆ្នាំខាងលើ ជនរងគ្រោះទាំង៣នាក់ បានយកប្រាក់ដុល្លារសរុបចំនួន៥០៥០ដុល្លារឱ្យទៅឈ្មោះឯម តុលា ដើម្បីយកទៅកក់ថ្លៃទិញដីនៅចំណុចតំបន់សេដ្ឋកិច្ច (OCIC) ស្ថិតនៅខណ្ឌជ្រោយចង្វារ។ ប៉ុន្តែតាំងពីពេលនោះមក ជនសង្ស័យឈ្មោះឯម តុលា បានគេចខ្លួនរហូត។ លុះមកដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ ជនរងគ្រោះទាំង៣នាក់ ក៏បានទៅឃាត់ខ្លួនជនសង្ស័យ យកមកប្រគល់ឱ្យប៉ុស្តិ៍ នគរបាលរដ្ឋបាលទួលសង្កែ១ ចាត់ការតាមនីតិវិធីតែម្តង។

សម្ភារៈដកហូតរួមមាន ម៉ូតូ១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1AV-5956។
ក្រោយឃាត់ខ្លួនជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅផ្នែកជំនាញខណ្ឌដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងតាមនីតិវិធី៕

RELATED ARTICLES