ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសឱ្យដឹងថា នៅយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨នេះ អាជ្ញាធររាជធានីភ្នំពេញសម្រេច បិទមិនឱ្យមានការធ្វើដំណើរឆ្លងកាត់ផ្លូវឆេកូ បុកទៅរង្វង់មូលនាងគង្ហីង ជាច្រើនម៉ោង ដើម្បីទុកលទ្ធភាពឱ្យក្រុមអ្នកជំនាញបច្ចេកទេសតំឡើង គ្រោងដែកកាត់ទទឹងផ្លូវ ស្ពានថ្មើរជើងលើអាកាស។
បន្ទាប់ពីដំណើរការសាងសង់អស់រយៈពេលប្រមាណជា៦ខែរួចមក ស្ពានថ្មើរជើងលើអាកាសនៅរង្វង់មូលនាងគង្ហីង នឹងចាប់ផ្តើមដំឡើង គ្រោងដែកកាត់ទទឹងផ្លូវ នៅយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨នេះហើយ។ ដើម្បីរក្សាសុវត្ថិភាពដល់អ្នកដំណើរ សាលារាជធានីភ្នំពេញ នឹងបិទកំណាត់ផ្លូវឆេកូ ឬផ្លូវលេខ១៦៩ ពោលគឺផ្លូវបុកពីសាលាបាក់ទូកឆ្ពោះទៅរង្វង់នាងគង្ហីង ក្នុងពេលដំឡើងគ្រោងដែកកាត់ទទឹងផ្លូវមួយនេះ។
យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ថា ការបិទចរាចរលើវិថីឆេកូ ឬផ្លូវលេខ១៦៩ នឹងធ្វើឡើងនៅម៉ោង៩យប់ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ រហូតដល់ម៉ោង៥ទៀបភ្លឺ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨។
ក្នុងពេលដំណើរការដ្ឋានដំឡើងគ្រោងដែកកាត់ទទឹងផ្លូវនេះ សាលារាជធានីភ្នំពេញ បានស្នើសូមប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់ទីតាំងការដ្ឋាននៅវេលាយប់នេះ មេត្តាយោគយល់អធ្យាស្រ័យ និងពង្វាងចរាចរដោយសេចក្តីអនុគ្រោះ។
សូមបញ្ជាក់ថាស្ពានអាកាសថ្មើរជើងនៅស្តុបនាងគង្ហីង ត្រូវបានចាប់ផ្តើមដំណើរការសាងសង់កាលពីអំឡុងខែតុលា ឆ្នាំ២០១៧មកម៉្លេះ។ ស្ពាននេះសាងសង់ក្រោមកិច្ចសហប្រតិបត្តិការរវាងសាលារាជធានីភ្នំពេញ និងក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយចំណាយ ថវិកាប្រមាណ ៣លានដុល្លារអាមេរិក។ ស្ពាននេះសាងសង់ឡើងដើម្បីសម្រួលការធ្វើដំណើរឆ្លងកាត់បណ្តាផ្លូវនានានៅជុំវិញរង្វង់មូលនាងគង្ហីង តែម្តង។ ផ្លូវនេះត្រូវបានចាក់សសរស្ពានចំនួន៦កន្លែងនៅជុំវិញរង្វង់មូល។ ក្រោយសាងសង់ស្ពានអាកាសថ្មើរជើងនេះ នឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ ក៏ដូចជាបង្កើនសុវត្ថិភាពដល់អ្នកថ្មើរជើងផងដែរ៕