ភ្នំពេញ ៖ ស្ត្រីម្នាក់បានកើតមានទំនាស់ពាក្យសម្តីជាមួយនឹងប្តីតិចតួច ស្រាប់តែដាច់ចិត្តគិតខ្លី ចងកសម្លាប់ខ្លួននៅក្នុងផ្ទះបាយ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ នៅចំណុចផ្ទះរបស់ស្ត្រីរងគ្រោះ ស្ថិតក្នុងបុរី ឡាយ គង់ ផ្ទះលេខ 13JEo ផ្លូវលេខ ០៩ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។
ស្ត្រីរងគ្រោះដែលចងកធ្វើអត្តឃាត មានឈ្មោះប៉ុស ស្រីពាង អាយុ៣២ឆ្នាំ ស្នាក់នៅក្នុងបុរី ឡាយគង់ ទីតាំងកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិស្ទឹងជ្រៅ ឃុំដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល មានប្តីឈ្មោះទួ សៅលី អាយុ៣៣ឆ្នាំ មុខរបរលក់ប្រេងម៉ាស៊ីន ស្នាក់នៅផ្ទះកើតហេតុខាងលើជាមួយគ្នា និងមានស្រុកកំណើតស្រុកបាទី ខេត្តតាកែវ ព្រមទាំងមានកូនស្រីម្នាក់ឈ្មោះស្រីពេជ្រ អាយុ២ឆ្នាំ។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនកើតហេតុ មានបងប្អូនខាងស្ត្រីរងគ្រោះ បានទូរស័ព្ទទៅរកស្ត្រីរងគ្រោះជាច្រើនដង ប៉ុន្តែគ្មានអ្នកលើក លុះក្រោយមកក៏មានអ្នកចុចទទួល តែបែរជាឮសំឡងកូនក្មេង (កូនស្រីរបស់ស្ត្រីរងគ្រោះ) និយាយ តែនិយាយមិនច្បាស់សោះ ទើបមានការសង្ស័យ ក៏ទូរស័ព្ទឱ្យមិត្តភក្តិរបស់ស្ត្រីរងគ្រោះម្នាក់ដែលនៅភ្នំពេញ ឱ្យជួយទូរសព្ទ័ទៅប្រាប់បុរសជាប្តីនៅកន្លែងធ្វើការឱ្យទៅជួយ មើលប្រពន្ធនៅផ្ទះផង។ ស្រាប់តែពេលបុរសជាប្តីបានមកដល់ផ្ទះ ក៏ប្រទះឃើញប្រពន្ធបានចងកសម្លាប់ខ្លួនជាប់នឹងចម្រឹងដែកបង្អួចផ្ទះបាយស្លាប់បាត់ទៅហើយ។
តាមសម្តីបុរសជាប្តី ស្ត្រីរងគ្រោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ប្តីប្រពន្ធគាត់ បានកើតមានទំនាស់ពាក្យសម្តីនឹងគ្នាតិចតួចប៉ុណ្ណោះ ពោលគឺមិនមានជំលោះអ្វីធំដុំនោះទេ។ ប៉ុន្តែប្តីប្រពន្ធរបស់គាត់នេះ បានយកគ្នាជាប្តីប្រពន្ធដោយចិត្តឯង ហេតុនេះ ក្រុមគ្រួសារ និងបងប្អូនទាំង សងខាង សុទ្ធតែមិនពេញចិត្តដូចគ្នា។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះទៅកន្លែងកើតហេតុ រួចទំនាក់ទំនងហៅខាងជំនាញកោសល្យវិច្ច័យខណ្ឌដង្កោ ចុះទៅពិនិត្យសព លុះខាងសមត្ថកិច្ចជំនាញចុះទៅដល់កន្លែងកើតហេតុពិនិត្យឃើញថា សពមានសភាពខុសប្រក្រតី ហេតុនេះទើបខាងបងប្អូនស្ត្រីរងគ្រោះមិនអស់ចិត្ត បានទាមទារឱ្យសមត្ថកិច្ចជួយរកយុត្តិធម៌ ដោយសង្ស័យថា នេះជាករណីឃាតកម្ម។
ក្រោយមកសមត្ថកិច្ចគ្រប់ជំនាញដែលពាក់ព័ន្ធ ព្រមទាំងមន្ត្រីពេទ្យតុលាការ បានចុះមកធ្វើការពិនិត្យយ៉ាងល្អិតល្អន់ ដើម្បីក្រុមគ្រួសារ ស្ត្រីរងគ្រោះអស់ចិត្ត រហូតទាល់តែម៉ោង១រំលងអធ្រាត្រទើបបញ្ចប់ និងត្រូវសមត្ថកិច្ច បញ្ជាក់ប្រាប់ថា ស្ត្រីរងគ្រោះខាងលើពិតជាបានចងកសម្លាប់ខ្លួនឯងប្រាកដមែន ពោលគឺមិនពាក់ព័ន្ធទៅនឹងករណីឃាតកម្មអ្វីនោះទេ។
សាកសពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារដឹកទៅកាន់ស្រុកកំណើតឯខេត្តកណ្តាល ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕