Saturday, January 18, 2025
Homeសង្គម និងជីវិតកុហកប្រពន្ធថា ជូនម៉ែទៅកោះកុង បែរជាសម្ងំរៀបការស្រីក្មេង

កុហកប្រពន្ធថា ជូនម៉ែទៅកោះកុង បែរជាសម្ងំរៀបការស្រីក្មេង

ខេត្តកោះកុង ៖ បុរសជាប្តីកំហូចម្នាក់ បានកុហកប្រពន្ធថា ជូនម៉ែទៅលេងកោះកុង នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ប៉ុន្តែតាមការពិត បែរជាលួចលាក់ទៅសម្ងំរៀបការជាមួយនឹងស្រីក្មេងទៅវិញ លុះបែកធ្លាយរឿងរ៉ាវដឹងដល់សាច់ញាតិប្រពន្ធដើម ប្តឹងសុំអន្តរាគមន៍ពីសមត្ថកិច្ចមូលដ្ឋាន ក៏ត្រូវសមត្ថកិច្ចចុះទៅផ្អាកមង្គលការ រួចនាំទាំងកូនកំលោះ និងកូនក្រមុំ មកសាកសួរនៅប៉ុស្តិ៍ ថែមទាំងត្រូវបានសាច់ញាតិស្ត្រីជាប្រពន្ធ ថតរូបភាព និងវីដេអូ បង្ហោះរូបផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨។

បុរសដែលត្រូវបានស្ត្រីជាប្រពន្ធចោទប្រកាន់ថាបាន ទៅលួចលាក់រៀបការប្រពន្ធថ្មីនោះ មានឈ្មោះប៊ិន យ៉ា។ ចំណែកភាគីកូនក្រមុំ មានឈ្មោះសុខ ភារី។

យោងតាមគណនីហ្វេសប៊ុកឈ្មោះ Oun Linlin កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ បានបង្ហោះរូបភាពចំនួន៩សន្លឹក ព្រមទាំងវីដេអូឃ្លីប១ រួចសរសេរសារថា “បងប្អូនជួយមើល មីស្រីយកប្តីគេ ទាំងដឹងថាគេមានប្រពន្ធហើយ វានៅតែហ៊ានយកប្តីគេទៅរៀបការបំពេញមុខ មាត់វាទៀត… ហើយប្តីនឹងកុហកថា ទៅកោះកុងជូនម៉ែទៅ តាមពិតទៅលួចការស្រីថ្មីសោះ លួចទៅការស្រីថ្មីខ្លាំងត្រង់មីនឹងដឹងហើយនៅតែរឹង លើកមុនទៅដល់ផ្ទះវាម្តងហើយ នៅហ៊ានទៀតមីនេះ បងស្រីខ្ញុំពិការរាល់ថ្ងៃដោយសារនរណា មិនដោយសារមនុស្សប្រុសដែលមិនចេះគិតនឹង ទេអី ម៉ែក្មេកនឹងក៏ចឹងដែរ ផ្សំគំនិតជាមួយកូនប្រុសឱ្យទៅយកប្រពន្ធថ្មីទៀត… ហើយមីស្រីថោកទាបយកប្តីគេ ហើយនឹងប្រុសថ្លៃថ្នូរលួចទៅ ការប្រពន្ធទាំងប្រពន្ធឈឺហើយមានកូនបីនាក់នៅជ្រងោៗ ហ៊ានលួចទៅការប្រពន្ធទាំងមិនទាន់លែងគ្នា ជួយ share ផងបងប្អូនឱ្យវាល្បីផង…”។

ដោយឡែក ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Pheakdey Chan បានបង្ហោះសារមួយដែរថា “សាហាវណាស់ ខ្ញុំសូមសរសើរអ្នកហ៊ានធ្វើបែបនេះ ទាំងប្រពន្ធនៅមិនទាន់លែងគ្នាផង។ តើអ្នកអត់ចេះគិតអីតិចម៉ងឬអី? គ្រួសារខ្ញុំមិនដែលធ្វើអាក្រក់ដល់អ្នកទេ? មានតែជួយរកការងារ ល្អឱ្យអ្នកធ្វើហើយមានមុខមានមាត់ដូចសព្វថ្ងែនេះ…”។

យ៉ាងណា ប្រភពពីសាច់ញាតិស្ត្រីជាប្រពន្ធដើមបានអះអាងថា អាពាហ៍ពិពាហ៍ រវាងកូនក្រមុំឈ្មោះសុខ ភារី និងកូនកំលោះ ដែលមានកូនបីនាក់ ឈ្មោះប៊ិន យ៉ាត ដែលភូតប្រពន្ធថា នាំម្តាយទៅលេងកោះកុងនោះ បានត្រូវរំសាយវិញ បន្ទាប់ពីខាងប្រពន្ធដើមនិងក្រុមគ្រួសារទៅ តាមទាន់ ប្តឹងសមត្ថកិច្ចឱ្យនាំមកសួរនាំនៅប៉ុស្តិ៍រដ្ឋបាល។

ក្រោយរឿងរ៉ាវខាងលើបានបែកធ្លាយពេញក្នុងបណ្តាញសង្គមហ្វេសប៊ុក គេឃើញអ្នកលេងហ្វេសប៊ុកជាច្រើនបានខឹងសម្បា និងធ្វើការរិះគន់ធ្ងន់ៗទៅលើភាគីបុរសជាកូនកំលោះ ព្រមទាំងភាគីនារីជាកូនក្រមុំផងដែរ។

ឆ្លើយតបទៅនឹងការរិះគន់ពីសំណាក់អ្នកលេងហ្វេសប៊ុកខាងលើ គេឃើញម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ដែលអះអាងថា ជាសាមីខ្លួនកូនក្រមុំ បានចូលទៅខមិនតបវិញ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ ថា “បងប្អូនកុំយល់ថាខ្ញុំថោក ខ្ញុំមិនមែនថោកទេ ហើយក៏មិនមែនស្រីយកប្តីគេដែរ បងប្អូនគិតមើលទៅ គ្មានមនុស្សឯណាចង់ធ្វើថោក ចង់ធ្វើជាស្រីយកប្តីគេនោះទេ បងប្អូនគិតមើលទៅហើយគិតដោយមានហេតុផល ខ្ញុំឈឺណាស់ពេលដែលថាខ្ញុំជាស្រីថោក ជាស្រីយកប្តីគេ គិតមើលទៅថា ខ្ញុំរងពីការបងប្អូនជេរស្តីប្រមាថ មើលងាយមើលថោក ថាខ្ញុំជាស្រីយកប្តីគេ ហ្នឹងសមអត់ បើខ្ញុំធ្វើចឹង ព្រោះខ្ញុំមានប៉ាម៉ាក់គេទទួលស្គាល់ខ្ញុំ ហើយដឹងលឺបងប្អូនកុំជេរស្តីប្រមាថមើលងាយមនុស្សដូចគ្នាអី ដឹងដែរថាមនុស្សគ្រប់រូប វាមិនសូវខុសគ្នាប៉ុន្មាននោះទេ កើតមកម៉ាជាតិធាតុម៉ាចានដូចតែគ្នាហ្នឹង មិនថាអ្នកមាន ឫអ្នកក្រនោះទេ ជុះអាចម៍មកស្អុយដូចតែគ្នា ហ្នឹង កុំអាងតែមានអំណាចគាបសង្កត់អ្នកដទៃ ជេរស្តីប្រមាថមើលងាយ ឃើញគេមិនមាត់ មិនថាមិននិយាយ កុំគិតថាគេហ្នឹងអន់ អ្នកដែលដៀលគេ ជេរគេ ប្រមាថគេ កុំគិតថាគេហ្នឹងមិនចេះឈឺ កុំគិតថាគេហ្នឹងជាសត្វក្របី ស៊ីភក់ជ្រាំ ស៊ីតែអាចម៍ ក្រមែនតែមិនមែនថោកដូចអ្នកឯង និយាយនោះទេ…”។

ជុំវិញរឿងរ៉ាវដ៏ចម្រូងចម្រាស់ខាងលើនេះ “នគរធំ” នៅមិនទាន់អាចទាក់ទងសុំការបំភ្លឺពីភាគីបុរសជាប្តីី រួមនឹងសាមីខ្លួននារីជាកូនក្រមុំ បាននៅឡើយទេ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES