Saturday, January 18, 2025
Homeសង្គម និងជីវិតខឹងប្រពន្ធសុំលុយខ្លាំងពេក ទាញដុំថ្មវ៉ៃបែកក្បាលស្លាប់

ខឹងប្រពន្ធសុំលុយខ្លាំងពេក ទាញដុំថ្មវ៉ៃបែកក្បាលស្លាប់

ខេត្តកំពង់ធំ ៖ បុរសជាប្តីចិត្តកំណាចម្នាក់ ព្រោះតែខឹងនឹងប្រពន្ធសុំលុយញយដងពេក ក៏ទាញដុំថ្ម វាយសំពងចំក្បាលប្រពន្ធ បណ្តាលឱ្យរងរបួសធ្ងន់រហូតដល់ស្លាប់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ នៅចំណុចភូមិត្រណាល ឃុំជ្រលង ស្រុកបារាយណ៍។

ជនដៃដល់ជាប្តីដែលវាយប្រពន្ធនឹងដុំថ្ម បណ្តាលឱ្យបែកក្បាលស្លាប់ មានឈ្មោះស ស៊ត អាយុ៤៧ឆ្នាំ មុខរបរកសិករ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះវុធ មី អាយុ៤៥ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីសាច់ញាតិស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ ស្ត្រីរងគ្រោះជាប្រពន្ធ បានសុំលុយពីប្តី តែប្តីប្រាប់ថាគ្មានទេ ពេលនោះក៏កើតមានទំនាស់ពាក្យសំដីតឹងសរសៃកដាក់គ្នា រហូតដល់បុរសជាប្តីទប់កំហឹងមិនបាន ក៏ស្ទុះទៅទាញដុំថ្មវាយត្រូវចំក្បាលប្រពន្ធ បណ្តាលឱ្យរបួសធ្ងន់ តែមិនបានទៅមន្ទីពេទ្យព្យាបាលភ្លាមៗនោះទេ។

ក្រោយកើតហេតុ នៅវេលាម៉ោង៧ព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ ដោយស្ថានភាពស្ត្រីរងគ្រោះជាប្រពន្ធ មានសភាពធ្ងន់ធ្ងរពេក ទើបសាច់ញាតិខាងប្រពន្ទ បានដឹកបញ្ជូនស្ត្រីរងគ្រោះ ទៅសង្គ្រោះនៅមន្ទរីពេទ្យបង្អែកខេត្តកំពង់ធំ។ រហូតមកដល់វេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃដដែល ដោយសារតែស្ថានភាពរបួសធ្ងន់ខ្លាំងពេក ទើបស្ត្រីរងគ្រោះបានដាច់ខ្យល់ស្លាប់ នៅនឹងមន្ទីរពេទ្យខេត្តកំពង់ធំតែម្តង។

លោកវរសេនីយ៍ឯក សួង ថេន អធិការនគរបាលស្រុកបារាយណ៍ បានឱ្យដឹងថា ករណីខាងលើនេះ ផ្តើមចេញពីមូលហេតុទំនាស់ពាក្យសំដីគ្នា រវាងប្តីប្រពន្ធ។ យ៉ាងណាក្តី ក្រោយកើតហេតុ សមត្ថកិច្ចបានចាប់ឃាត់ខ្លួនជនបង្កជាប្តីនាំយកទៅសាកសួរ នៅអធិការដ្ឋាននគរបាល ស្រុកបារាយណ៍។

នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់ជាប្តី បានឆ្លើយសារភាពថា ខ្លួនពិតជាបានវាយប្រពន្ធនឹងដុំថ្មចំក្បាលប្រាកដមែន មូលហេតុដោយសារតែខ្លួនបានផឹកស្រាស្រវឹងខ្លាំងពេក ណាមួយខឹងរឿងប្រពន្ធតាមសុំលុយមិនឈប់ និយាយមិនចេះស្តាប់គ្នា ទើបជ្រុលដៃទាញដុំថ្មវ៉ៃតែម្តង។

ជនដៃដល់ជាប្តី ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES