ខេត្តកំពង់ចាម ៖ ស្ត្រីមេម៉ាយវ័យក្មេងម្នាក់ ត្រូវប្រុសព្រានម្នាក់ជាមនុស្សធ្លាប់ស្គាល់គ្នា បានល្បួងបោកបញ្ឆោតថាមិត្តភក្តិស្រីម្នាក់ ហៅទៅផឹកស៊ី នៅក្នុងឱកាសថ្ងៃចូលឆ្នាំថ្ងៃបង្ហើយ លុះនារីរងគ្រោះយល់ព្រមឡើងជិះម៉ូតូទៅជាមួយ ក៏ត្រូវប្រុសព្រានជើងល្អ ដឹកបង្ហួសចូលទៅក្នុងព្រៃស្ងាត់ រួចធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈរហូតដល់បានសម្រេច។
ករណីស្ត្រីមេម៉ាយចាញ់ល្បិចប្រុសព្រាន ជិះម៉ូតូដឹកចូលព្រៃចាប់រំលោភសេពសន្ថវៈខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ នៅចំណុចផ្លូវលំខាងត្បូងផ្លូវជាតិលេខ៧ ចម្ងាយប្រមាណ៣០០ម៉ែត្រ ស្ថិតក្នុងភូមិផ្កាយព្រឹក ឃុំមៀន ស្រុកព្រៃឈរ។
ជនសង្ស័យល្មោភកាមដែលចាប់រំលោភស្ត្រីមេម៉ាយ មានឈ្មោះខេន ប៊ុណ្ណា អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិផ្កាយ ព្រឹក ឃុំមៀន ស្រុកព្រៃឈរ។ ចំណែកស្ត្រីរងគ្រោះ មានឈ្មោះគ.ធ អាយុ២៣ឆ្នាំ ជាស្ត្រីមេម៉ាយ មានលំនៅក្នុងភូមូកិកោះ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ។
តាមប្រភពពីសីមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញបានទទួលបណ្តឹងពីស្ត្រីរងគ្រោះថា កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ ជនសង្ស័យឈ្មោះខេន ប៊ុណ្ណា បានជិះម៉ូតូ១គ្រឿងម៉ាក ហុងដា ឌ្រីម សេ១២៥ មកដល់ផ្ទះរបស់នាង រួចហើយបាននិយាយភូតកុហកនាងថា មិត្តភក្តិរបស់នាងបានប្រើឱ្យមកឌុបនាងយកទៅផឹកនៅផ្ទះមិត្តភក្តិ ក្នុងភូមិកកោះ ដើម្បីជាការអបអរសាទរថ្ងៃចូលឆ្នាំថ្មីថ្ងៃចុងក្រោយ។
ស្ត្រីរងគ្រោះបន្តថា ពេលនោះនាងក៏ឡើងជិះម៉ូតូទៅជាមួយជនសង្ស័យ ស្រាប់តែពេលនោះជនសង្ស័យឈ្មោះខេន ប៊ុណ្ណា បានព្យាយាមបើកម៉ូតូយ៉ាងលឿន ទោះបីជានាងហៅឱ្យឈប់ ក៏មិនជនសង្ស័យមិនព្រមឈប់សោះឡើយ។ ទីបំផុត ជនសង្ស័យក៏ជិះម៉ូតូដឹកនាងបត់ចូលតាម ផ្លូវលំខាងត្បូងផ្លូវជាតិលេខ៧ ចម្ងាយប្រហែល៣០០ម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រភូមិផ្កាយព្រឹក ស្រាប់តែជនសង្ស័យខាងលើ បានឈប់ម៉ូតូ រួចធ្វើសកម្មភាពចាប់នាងបង្ខំរំលោភសេពសន្ថវៈរហូតបានសម្រេចតែម្តង។
ក្រោយទទួលបានពាក្យបណ្តឹងពីស្ត្រីរងគ្រោះខាងលើ សមត្ថកិច្ចជំនាញ បានចុះធ្វើការស្រាវជ្រាវ រួចឃាត់ខ្លួនឈ្មោះខេន ប៊ុណ្ណា មកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកព្រៃឈរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបាននាំស្ត្រីរងគ្រោះទៅរួមភេទនៅចំណុចខាងលើប្រាកដមែន។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕