ព្រលឹមឡើងមិនទាន់ផង បុរសនេះដើរទៅតៀមស្រា ដាក់អស់ កន្លះលីត្របាត់ទៅហើយ ជាប្រភេទស្រា-ស ផលិតក្នុងភូមិ ធ្វើឱ្យក្លិន អាការសាហាវភាយចេញពីមាត់។ ទោះយ៉ាងណា ក៏គាត់នៅតែ អាចផ្តល់បទសម្ភាសន៍បាន ដោយត្អូញត្អែរថា ព្រោះតែប្រពន្ធដេក ឱបប្រុសថ្មី ទើបគាត់ពិបាកចិត្តពេក ក៏ដេកឱបដបស្រារាល់យប់…។
លោកញ៉េប ប៊ុនធឿន អាយុ៣៩ឆ្នាំ រស់នៅ ភូមិស្នោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ បាន រៀបរាប់ថា លោកជាកូនច្បងក្នុងចំណោមបងប្អូន ៧នាក់ ម្តាយស្លាប់ នៅតែឪពុក ឈ្មោះមាស សារឿន អាយុ៨០ឆ្នាំ។ ជាមួយទឹកមុខក្រៀមក្រំ តែក៏មិនស្រវឹងធ្លាក់ភ្នែកនោះ ទោះជាអស់ស្រាកន្លះលីត្រទាំង ព្រលឹមអុរ បុរសនេះ ប្រាប់ត្រង់ៗថា មួយជាតិនេះ គាត់មានប្រពន្ធតែម្នាក់គត់ ឈ្មោះសេក អាន់ អាយុ៣៣ឆ្នាំ លុះប្រពន្ធរត់ចោល លោកនៅតែមិនដាច់អាល័យ សុខចិត្តដេកឱបដបស្រា ជំនួសខ្លួននាង។ ប្រពន្ធនោះ មានស្រុកកំណើតនៅភូមិព្រៃផ្គាំ ឃុំព្រៃផ្គាំ ស្រុកអង្គរបុរី ខេត្តតាកែវ។ បន្ទាប់ពីរៀបការរួចមក គាត់បាននាំប្រពន្ធនោះ មករួមរស់នៅខាងស្រុកកំណើត គាត់ជិតកំពង់ទូក ដែលដឹកទំនិញចេញចូលពីប្រទេសវៀតណាម មកកម្ពុជា។ ពួកគាត់គ្មានដីស្រែចម្ការ សម្រាប់បង្កបង្កើតផលដូចគេទេ ប៉ុន្តែ ដោយសារ ផ្ទះនៅក្បែរកំពង់កាណូត ក៏នាំគ្នាចាប់មុខរបរលើកដាក់ ជញ្ជូនទំនិញ ចេញពីទូកដាក់ឡាន ដោយប្រើកម្លាំង សុទ្ធសាធ ដែលជួនកាលត្រូវជញ្ជូនឥដ្ឋ ឬក្បឿងរាប់ ម៉ឺនដុំ ពីទូកវៀតណាម ដាក់រថយន្តខ្មែរ ដើម្បីបាន កម្រៃចិញ្ចឹមជីវិត។ ទោះជាធ្វើកម្មករលីសែងនឿយហត់ យ៉ាងណា ក៏ប្តីប្រពន្ធគាត់នៅតែអាចបង្កើតកូនបាន ៦នាក់ (ប្រុស៣ ស្រី៣) មិនឯកោនោះទេ។
លោកញ៉េប ប៊ុនធឿន បន្តទៀតថា លុះឆ្លងមកដល់ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រពន្ធគាត់ត្រូវចេញដើរតាម ឡានដឹកជញ្ជូនឥដ្ឋ ក្បឿង បាត់ៗពីផ្ទះ ទុកឱ្យគាត់នៅរកស៊ីជិតៗ និងឃ្វាលកូនតូចៗផង។ លុះប្រពន្ធដើរតាម ឡានយូរៗទៅ ស្រាប់តែបែកគំនិតផិតប្តី ជួនកាលដេកជាមួយកម្មករដូចគ្នា ជួនកាលដេកជាមួយតៃកុងឡាន ក៏មាន គឺនាងផ្លាស់ប្តូរប្រុសរាប់មិនអស់។ រឿងប្រពន្ធផិតក្បត់នេះ មុនដំបូងគាត់មិនជឿទេ លុះមិត្តភក្តិខ្សឹប ប្រាប់ក៏ធ្វើការតាមដាន ដោយធ្លាប់ទៅទាន់ប្រពន្ធកំពុងដេកថ្ងូរឱ្យរហ៊ឹះ! ពីក្រោមទ្រូងបុរសម្នាក់ជាកម្មករជញ្ជូន ឥដ្ឋ។ ពេលនាងមកដល់ផ្ទះ លោកមិនហ៊ានប្រើអំពើហិង្សាអ្វីទេ គ្រាន់តែស្តីប្រដៅនាងឱ្យកែខ្លួនតែប៉ុណ្ណោះ ព្រោះកូនធំៗអស់ហើយ វាខ្មាសកូន។
លោកញ៉េប ប៊ុនធឿន បន្តទាំងមួហ្មងថា គាត់ស្តីបន្ទោសកាន់តែខ្លាំង ប្រពន្ធផិតកាន់តែញឹកដែរ ធ្វើឱ្យ គាត់តុកស៊ិកពេក ក៏យកស្រាធ្វើមិត្តបន្លប់ភាពទុក្ខព្រួយ។ ទីបំផុត ប្រពន្ធនោះ និងបុរសជាសហាយ ឈ្មោះ ភាព ដែលគាត់តាមទាន់នោះ បានពង្រត់គ្នាទៅនៅផ្ទះបុរសនោះ ដោយមិនខ្វល់ពីប្តីនិងកូន។ គាត់ពិបាកចិត្តណាស់ មិនដាច់អាល័យពីប្រពន្ធទេ អ៊ីចឹងមិនដឹងធ្វើម៉េច ទាល់តែដេកឱបដបស្រា ទើបរសាយទុក្ខខ្លះ ហើយ បើមិនបានស្រាចូលពោះ ពេលព្រឹកកន្លះលីត្រ ល្ងាចកន្លះលីត្រ គាត់នៅមិនសុខទេ។ គាត់មិនត្រូវការស្រាបៀរទេ ព្រោះវាអស់លុយច្រើន គឺចូលចិត្តតែស្រាស ដាក់ទៅវាក្តៅពោះ ភ្លេចអ្វីៗ ទាំងអស់។ គាត់គិតថា បើប្រពន្ធនោះ ត្រូវសហាយបោះបង់ចោល ហើយ រត់មកសុំទោសប្តី គាត់នឹងទទួលដោយដៃទាំងពីរ អត់គិតពីកំហុស របស់នាងទេ បើនាងមកកាន់តែឆាប់ កាន់តែល្អ។
បន្ទាប់ពីសុំបទសម្ភាសន៍បុរសជាប្តីរួចមក អ្នកយកព័ត៌មានយើង ខំបើកម៉ូតូស្កាត់ទៅជួបនាងសេក អាន់ អាយុ៣៣ឆ្នាំ និងរកទាល់តែ ឃើញ ខណៈដែលនាងកំពុងនៅក្នុងផ្ទះ ជាមួយប្រុសថ្មី។ ប៉ុន្តែ នៅពេល ដឹងថា ជាអ្នកកាសែត មកសាកសួរពីរឿងនាងរត់ចោលប្តី ស្រាប់តែនាង គេចទៅក្រោយផ្ទះបាត់ សូម្បីតែសំណួរមួយឃ្លា ក៏មិនឆ្លើយផង។ ទោះយ៉ាងណា អ្នកជិតខាងបានប្រាប់ជំនួសថា មូលហេតុ ដែលនាំឱ្យនាង សេក អាន់ ចុះចោលប្តី មកពីប្តីនោះ ពូកែប្រចណ្ឌពេក ហើយចូលចិត្ត ប្រើអំពើហិង្សាពេលស្រវឹងម្តងៗ។ ចំណែកលោកភាព ជាពោះម៉ាយលែង ប្រពន្ធ៣នាក់ទៅហើយ បានយកនាងអាន់ ជាប្រពន្ធទី៤ ពុំដឹងជាយកជាប់ រហូតឬយ៉ាងណាទេ បើម្នាក់ៗ សុទ្ធតែជើងហក់លោតដូចគ្នាយ៉ាងនេះ។
លោកគុណ ធ្នូ អាយុ៣១ឆ្នាំ ជាប្អូនថ្លៃលោកធឿន លោកយាយ អែម លន អាយុ៦៦ឆ្នាំ និងនាងរៀម តិ អាយុ៣០ឆ្នាំ ជាអ្នកជិតខាង បានឱ្យដឹងស្របគ្នាថា លោកញ៉េប ប៊ុនធឿន ពីមុនមិនសូវអីទេ លុះប្រពន្ធផិត ប្រដៅមិនស្តាប់ គាត់ឈឺចិត្ត ពេក ក៏ផឹកមិនឈប់ បើអស់ស្រា ដេកឱបដបស្រាតែម្តង។ ពួកគាត់យល់ថា កំហុសនេះកើតឡើងពីភាគី ប្រពន្ធច្រើនជាង ព្រោះខ្លួនជាស្រីមានកូនធំៗអស់ទៅហើយ ធ្វើមារយាទថោកបែបនេះ បើប៉ះប្តីក្រៅពីលោក ធឿន ម៉្លេះសម នាងជួបគ្រោះថ្នាក់ដេកពេទ្យបាត់ទៅហើយ។ នាងរត់តាមបុរសឈ្មោះភាព ប្រពន្ធរាប់មិន អស់នោះ ក៏មិនបានយូរអង្វែងដែរ គង់តែស្តាយក្រោយ វិលរកទ្រនំវិញមិនខាន។
គួរបញ្ជាក់ថា បុរសមួយចំនួន ទោះជាប្រពន្ធផិតក្បត់រត់ចោល ក៏មិនព្រមរកគូថ្មីទៀតទេ ព្រោះតែចិត្តស្មោះតែ ប្រពន្ធកំហូចមួយហ្នឹង។ ករណីលោកប៊ុនធឿន សុខចិត្តដេកឱបដបស្រារង់ចាំប្រពន្ធវិលវិញនេះ អាចថាមកពី នាងសេក អាន់ មានចំណុចទាក់ទាញប្រុសត្រង់កន្លែងសម្ងាត់ ឬថា មានប្រជ្រុយស្វាក់ប្រុសតែម្តង ព្រោះបើ ប្រុសណាបានខ្លួននាង ក៏ញៀនញ៉ាមពិបាកបំភ្លេច។ លុះត្រាតែនាងរត់ចោលប្រុស ទើបប្រុសថ្មីនោះ រកគូទៀត ដូច្នេះ
អាចសន្និដ្ឋានបានថា កាលណានាងម្នាក់នេះលេងល្បែងស្នេហ៍ឆ្អែតឆ្អន់ ច្បាស់ជារត់ចោលលោកភាព មករកប្តីនិងកូនវិញមិនខាន ព្រោះដឹងថា ប្តីនេះមិនដាច់ចិត្តពីនាង”៕