Sunday, December 22, 2024
Homeព័ត៌មានជាតិករណី​ឆេះ​រថយន្ត​ក្រុង​រិទ្ធិ​មុនី ស្លាប់​ស្ត្រី ម្នាក់​ទៀត

ករណី​ឆេះ​រថយន្ត​ក្រុង​រិទ្ធិ​មុនី ស្លាប់​ស្ត្រី ម្នាក់​ទៀត

ខេត្តបាត់ដំបង ៖ ករណីរថយន្តក្រុងរបស់ ក្រុមហ៊ុនរិទ្ធិមុនី ដែលបានឆាបឆេះយ៉ាងសន្ធោសន្ធៅ កាលពីយប់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៦ កន្លងទៅ បណ្តាលឱ្យបុរសជាអ្នកដំណើរម្នាក់ ស្លាប់យ៉ាងអាណោចអាធ័មក្នុងរថយន្តនោះ ពេលនេះអ្នកស្លាប់បានកើនថែមម្នាក់ទៀតហើយ ខណៈដែលក្រុមគ្រួសារជនរងគ្រោះនៅមិនទាន់ ទទួលបានដំណោះស្រាយណាមួយជាមួយភាគី ក្រុមហ៊ុនរថយន្តក្រុងដឹកអ្នកដំណើរមួយនេះ នៅឡើយ។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង១០និង ២០នាទីយប់ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៦ មានហេតុការណ៍ ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបាន កើតមានឡើង នៅចំណុចក្រុម៨ ភូមិសាលា បាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ដោយ រថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ ៣ភ១៨៨០ ជារថយន្តក្រុងដឹកអ្នកដំណើររបស់ក្រុមហ៊ុន រិទ្ធិមុនី ដឹកអ្នកដំណើរពីក្រុងប៉ោយប៉ែត ឆ្ពោះ ចូលរាជធានីភ្នំពេញ បានឆាបឆេះឡើងយ៉ាង សន្ធោសន្ធៅ និងបណ្តាលឱ្យបុរសម្នាក់ស្លាប់ ភ្លាមៗនៅនឹងកន្លែង ចំណែកមនុស្សប្រុសស្រី ៤នាក់ទៀត ទទួលរងរបួសធ្ងន់។

ជនរងគ្រោះដែលឆេះស្លាប់ក្នុងរថយន្ត នៅកន្លែងកើតហេតុនោះ មានឈ្មោះឡុង ខេ ភេទប្រុស អាយុ៤២ឆ្នាំ មានលំនៅក្នុងក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវភ្លើង ឆេះខ្លោចរហូតមើលសពលែងស្គាល់ទៅហើយ។ ចំណែកជនរងគ្រោះដែលរងរបួសធ្ងន់ និងបាន ដាច់ខ្យល់ស្លាប់ក្នុងមន្ទីរពេទ្យ កាលពីល្ងាចថ្ងៃទី ១០ សីហា មានឈ្មោះជិន សុកេន ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅខេត្តកំពង់ចាម។

ដោយឡែកជនរងគ្រោះដែលរងរបួសធ្ងន់ នោះ រួមមាន ទី១ឈ្មោះមុន្នី បុប្ជា ភេទស្រី អាយុ៣ឆ្នាំ ត្រូចជាកូនស្រីរបស់ស្ត្រីឈ្មោះជិន សុកេន ទី២ឈ្មោះឈឿន ស៊ីណា ភេទស្រី អាយុ២៨ឆ្នាំ រស់នៅខេត្តបន្ទាយមានជ័យ និង ទី៤ឈ្មោះអោ រក្សា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅខេត្តពោធិ៍សាត់។ ជនរងគ្រោះទាំង៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យអេមឺរចិនស៊ី ក្រុងបាត់ដំបង និងកំពុងស្ថិតក្នុងអាការធ្ងន់ធ្ងរ  មិនដឹងថា មានវាសនាយ៉ាងណានៅឡើយដូច គ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ គេឃើញមានផ្សែង បានហុយចេញ និងឆាបឆេះយ៉ាងលឿនចេញ ពីខាងតៃកុងរថយន្ត តែមិនដឹងថាមកពីមូលហេតុអ្វីឱ្យច្បាស់លាស់នោះទេ ខណៈដែលភាគី ក្រុមហ៊ុនអះអាងថា មកពីឆ្លងប្រព័ន្ធភ្លើងក្នុង រថយន្ត ប៉ុន្តែអ្នកដំណើរមួយចំនួន អះអាងថា មកពីអ្នកបើកបររថយន្តជក់បារី រួចបោះកន្ទុយបារីក្នុងរថយន្ត ទើបបណ្តាលឱ្យមានការឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅតែម្តង។

ប្រភពដដែលបន្តថា នៅពេលដែលកើត មានហេតុការណ៍ភ្លើងឆេះក្នុងរថយន្តនេះ អ្នក បើកបរថយន្តបានស្រែកឆោឡោថា ភ្លើងឆេះ ហើយ និងឱ្យគ្រប់គ្នានៅលើរថយន្តរត់ចុះក្រោម ប៉ុន្តែដោយទំនងជាភ័យស្លន់ស្លោខ្លាំងពេក ទើប អ្នកបើកបរម្តងចុចបើកទ្វាររថយន្ត ម្តងចុចបិទ  ទើបធ្វើឱ្យជនរងគ្រាះខ្លះរត់ចេញមិនទាន់ ក៏ ត្រូវភ្លើងឆេះរងរបួសធ្ងន់ស្រាល និងបណ្តាលឱ្យ បុរសម្នាក់ ឆេះខ្លោចស្លាប់ក្នុងរថយន្តតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបាន ចុះជួយអន្តរាគមន៍ភ្លាមៗ ដោយជួយបាញ់ទឹក ពន្លត់រថយន្តដែលឆាបឆេះ និងប្រញាប់ទាក់ទង ហៅរថយន្តសង្គ្រោះមកដឹកបញ្ជូនជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះជីវិត។ ចំណែក ក្រុមគ្រួសារជនរងគ្រោះបានស្នើដល់គ្រប់ស្ថាប័ន ពាក់ព័ន្ធជួយរកយុត្តិធម៌ជូនជនរងគ្រោះ និង ទាមទារឱ្យខាងក្រុមហ៊ុនដឹកអ្នកដំណើររិទ្ធិមុនី ទទួលខុសត្រូវទាំងស្រុងចំពោះហេតុការណ៍ខាង លើនេះ

ដោយ ៖ សុខ ផានិត

RELATED ARTICLES