Sunday, January 19, 2025
Homeព័ត៌មានជាតិសូមប្រុងប្រយ័ត្ន!!! ម៉ែយំដួលសន្លប់ ស្តាយកូនស្រីអាយុ១ខួប ស្លាប់ដោយសារស្លាក់ទឹកកក

សូមប្រុងប្រយ័ត្ន!!! ម៉ែយំដួលសន្លប់ ស្តាយកូនស្រីអាយុ១ខួប ស្លាប់ដោយសារស្លាក់ទឹកកក

ខេត្តបន្ទាយមានជ័យ ៖ ជារឿងគួរឱ្យសោកសង្រេងមួយ សម្រាប់ក្រុមគ្រួសារមួយនេះ ខណៈដែលក្មេងស្រីតូចម្នាក់ត្រូវម្តាយទុកឱ្យឪពុក ជាអ្នកមើលថែ ព្រោះរវល់ចេញទៅធ្វើការងារ លុះក្មេងស្រីតូចយកទឹកកកមួយកូនដុំមកបៀមជាប់ក្នុងមាត់ រួចរត់លេង ស្រាប់តែអកុសល រអិលជើងដួលផ្ងារក្រោយ បណ្តាលឱ្យស្លាក់ទឹកកកក្នុងបំពង់ខ្យល់ ជួយសង្គ្រោះមិនទាន់ ដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើង កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ នៅក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

ក្មេងស្រីរងគ្រោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា មានអាយុជាង១ខួប កំពុងពេញស្រលាញ់។

យោងតាមគណនីហ្វេសប៊ុកម្តាយមីងរបស់ក្មេងស្រីរងគ្រោះ ដែលមានឈ្មោះ Aya Bé Alòne បានបង្ហោះសារទុក្ខសោកមួយ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ថា “អត់ឈឺអីសោះ ទឹកកកដុំតូចមួយ សម្លាប់ក្មួយមួយប៉ព្រិចភ្នែក គ្មានឈាម គ្មានសំលេងយំ ពេទ្យជួយមិនបាន ស្លាប់ភ្លាម ធ្វើបុណ្យភ្លាម បញ្ចុះភ្លាមៗ ស្លុតពេកហើយ លឿនណាស់ តែប៉ុន្មានម៉ោងសោះ បែករហូត អ្នកមានកូនតូចៗ ត្រឹមតែមួយនាទីក៏មានវិប្បដិសារីបានដែរ ប្រយ័ត្នកូនៗផង នឹកណាស់…”។

គណនីហ្វេសប៊ុកខាងលើ បន្ថែមថា “ក្មួយស្រីខ្ញុំស្លាប់ហើយ បញ្ចុះបន្តិចទៀតនេះនៅវត្តត្រាច សូមក្មួយស្រីទៅឱ្យបានសុខ កើតជាតិណាៗ សូមឱ្យក្មួយអាយុវែង…” “មិនដឹងវាភ្ញាក់ឡើងវាយំមេចទៅ យប់មិញយល់សប្តិឃើញងូតទឹកឱ្យវា អ្នកផ្ទះឃើញមកវិញ ឥឡូវកំពុងរៀបបាយសម្លរ និងពូនផ្នូរឱ្យវា ភ្លាមៗពេកហើយ វាអត់ឈឺអីសោះ វាស្លាក់ទឹកកក យកវាទៅពេទ្យភ្លាមៗ គេថាវាទៅហើយ ណាមិនស្លុត លោកអើយ…”។

ចំណែកម្ចាស់គណនីហ្វេសប៊ុក Sony Phor ដែលត្រូវជាសាច់ញាតិរបស់ក្មេងស្រីរងគ្រោះខាងលើដែរនោះ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ក៏បានបង្ហោះសារទុក្ខសោកមួយផងដែរថា “ទើបនឹងកើតសោះ ទៅលឿនពេកហើយ ជីវិតអើយជីវិត កើតមកហើយចាំបាច់តាមប្រល័យគ្នាធ្វើអី ក្មួយខ្ញុំនៅតូចណាស់ មិនទាន់នឹងចេះហៅម៉ាក់ផង យកគ្នាទៅបាត់ មិនអាណិតចិត្តជាម្តាយសោះ ជូនពរក្មួយទៅឱ្យសប្បាយ កុំវង្វេងណា មិនដឹងពេលទៅបាត់ យ៉ាងណា បារម្ភចំពោះម្តាយមិនដឹងពិបាកចិត្តយ៉ាងណា…”។

តាមប្រភពពីសាច់ញាតិរបស់ក្មេងស្រីរងគ្រោះខាងលើ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ក្មេងស្រីរងគ្រោះនៅជាមួយឪពុក ខណៈដែលម្តាយរវល់ចេញទៅធ្វើការងារ។ លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ក្មេងស្រីរងគ្រោះបានយកទឹកកកមួយកូនដុំមកបៀមក្នុងមាត់ ចំណែកឪពុកក៏មិនបានចាប់អារម្មណ៍ដែរ លុះពេលកំពុងរត់លេង ស្រាប់តែក្មេងស្រីរងគ្រោះបានរអិលជើងដួលផ្ងារក្រោយ ធ្វើឱ្យទឹកកកមួយដុំនោះ បានធ្លាក់ចូលទៅក្នុងបំពង់ខ្យល់ បណ្តាលឱ្យក្មេងស្រីរងគ្រោះស្លាក់ស្លាប់ភ្លាមៗមួយរំពេច ទោះជាក្រុមគ្រួសារបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗយ៉ាងណាក្តី ក៏គ្រូពេទ្យមិនអាចជួយសង្គ្រោះជីវិតក្មេងស្រីតូចរូបនេះ បានទាន់ពេលវេលាឡើយ។

ប្រភពខាងលើបញ្ជាក់ថា ក្រោយពីទទួលបានដំណឹងថា កូនស្រីដ៏គួរឱ្យស្រលាញ់ស្មើនឹងកែវភ្នែករបស់ខ្លួនបានស្លាក់ទឹកកកស្លាប់ ស្ត្រីជាម្តាយបានប្រញាប់ត្រឡប់មកផ្ទះវិញមើលកូនស្រី លុះគ្រាន់តែឃើញមុខកូនស្រីភ្លាម ស្ត្រីជាម្តាយក៏បានដួលសន្លប់បាត់ស្មារតី និងត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់ម្នាក់ទៀត រហូតដល់គ្រូពេទ្យបានជួយសង្គ្រោះវិលមករកភាពប្រក្រតី ទើបវិលត្រឡប់មកធ្វើបុណ្យសពឱ្យកូនស្រីវិញ។

ក្រោយការបង្ហោះចែកចាយនូវរឿងរ៉ាវទុក្ខសោក ក្មេងស្រីស្លាក់ទឹកកកស្លាប់ខាងលើនេះរួចមក គេឃើញអ្នកលេងហ្វេសប៊ុកជាច្រើន បាននាំគ្នាចែករំលែក និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសព ព្រមទាំងជួយបន់ស្រន់ឱ្យវិញ្ញាណក្ខន្ធក្មេងស្រីរងគ្រោះខាងលើ បានទៅដល់សុគតិភព និងបានយោនកំណើតជាថ្មី កុំឱ្យជួបរឿងអភ័ព្វបែបនេះទៀត។

យ៉ាងណាក្តី ករណីខាងលើនេះ ក៏ជាមេរៀនមួយសម្រាប់អាណាព្យាបាលទូទៅ ត្រូវបង្កើនការប្រុងប្រយ័ត្ន យកចិត្តទុកដាក់មើលថែរក្សាកូនតូច ឱ្យបានដិតដល់ ពិសេសការពារកុំឱ្យក្មេងតូចៗបៀមលេងវត្ថុផ្សេងៗ ដែលអាចនាំដល់គ្រោះថ្នាក់ជាយថាហេតុ ជាក់ស្តែងករណីខាងលើ ជាឧទាហរណ៍ជាក់ស្តែងស្រាប់៕

RELATED ARTICLES