Sunday, January 19, 2025
Homeសង្គម និងជីវិតកូនក្រមុំកូនកម្លោះ កំពុងរីករាយទទួលភ្ញៀវយ៉ាងសប្បាយ ស្រាប់តែរថយន្ត២គ្រឿងបុកគ្នា ជ្រុលចូលរោងការ ស្លាប់ម្នាក់

កូនក្រមុំកូនកម្លោះ កំពុងរីករាយទទួលភ្ញៀវយ៉ាងសប្បាយ ស្រាប់តែរថយន្ត២គ្រឿងបុកគ្នា ជ្រុលចូលរោងការ ស្លាប់ម្នាក់

ខេត្តកណ្តាល ៖ រថយន្តចំនួន២គ្រឿង បានបើកបុកគ្នាយ៉ាងពេញទំហឹង បណ្តាលឱ្យអ្នកបើកបរថយន្តម្នាក់កៀបស្លាប់ក្នុងរថយន្តយ៉ាងអាណោចអាធ័ម ចំណែករថយន្ត១គ្រឿងទៀតបានរេចង្កូតបុកចូលរោងការ បណ្តាលឱ្យបុរសម្នាក់ដែលកំពុងឈរទទួលភ្ញៀវមុខរោងការទទួលរងរបួសធ្ងន់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៥ និង៥០នាទីល្ងាច ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ២១ ស្ថិតក្នុងភូមិឫស្សីដាច់ ឃុំព្រែកអំបិល ស្រុកស្អាង។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត១គ្រឿងម៉ាកវីស្តូ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AE-8952 បើកបរដោយឈ្មោះលឿង ថៃឡឺយ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាម មានលំនៅឃុំខាន់អាង ស្រុកអាន់ភូ ខេត្តអាងយ៉ាង ប្រទេសវៀតណាម បានធ្វើដំណើរក្នុងទិសដៅពីត្បូងមកជើង។ លុះពេលមកដល់ចំណុចកើតហេតុខាងលើ ក៏បានរេចង្កូតទៅបុករថយន្តធំ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-5568 បើកបរដោយឈ្មោះណុល ម៉េងហុង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរបើកបររថយន្ត រួមដំណើរជាមួយឈ្មោះគា ឆាង ភេទប្រុស អាយុ១៩ឆ្នាំ ជាព្រូរថយន្ត មានទីលំនៅភូមិព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ ខណៈដែលរថយន្តហ៊ីយ៉ាន់ដាយកំពុងបើកបញ្ច្រាសទិសគ្នា ពីជើងមកត្បូង បណ្តាលឱ្យអ្នកបើកបររថយន្តម៉ាកវីស្តូ គៀបស្លាប់ភ្លាមៗនៅក្នុងរថយន្ត និងធ្វើឱ្យរថយន្តធំជ្រុលទៅបុកឈ្មោះម៉ាន់ ម៉ុន ភេទប្រុស អាយុ៦៥ឆ្នាំ មុខរបរកសិករ មានលំនៅភូមិឫស្សីដាច់ ឃុំព្រែកអំបិល ស្រុកស្អាង ដែលកំពុងឈរទទួលភ្ញៀវមុខរោងការនៅលើចិញ្ចើមផ្លូវខាងកើត រងរបួសធ្ងន់ និងបង្កឱ្យមានការខូចខាតម៉ាស៊ីនថតវីដេអូ ភ្លើង LED កៅអីកាត់សក់ ជើងថតវីដេអូមួយចំនួនទៀត។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យទីកន្លែងកើតហេតុ និងធ្វើការវាស់វែង រួចអូសយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធី ។

ចំណែកជនរងគ្រោះដែលទទួលរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសាដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតរាជធានីភ្នំពេញ។ រីឯសាកសពបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំពោះអ្នកបើករថយន្តធំ ត្រូវបានសមត្ថកិច្ច នាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុលស្អាង ។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះបង្កឡើងដោយអ្នកបើកបររថយន្តធុនតូចវីស្តូបើកចូលចំណែកផ្លូវរបស់រថយន្តធុនធំ ដោយការធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្ន ចំណែកអ្នកបើកបររថយន្តធំ បើកក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ទើបបង្កឱ្យមានគ្រោះថ្នាក់កើតឡើង៕

RELATED ARTICLES