ខេត្តកណ្តាល ៖ បុរសម្នាក់ត្រូវបានគេអះអាងថា ជាមនុស្សមានសតិមិប្រក្រតី ក្រោយពីផឹកស្រាស្រវឹងជោកជាំ ឃើញបុរសជាអ្នកភូមិ ម្នាក់ផឹកស្រាស្រវឹងដូចគ្នាដើរកាត់មុខផ្ទះ ក៏ទាញដំបងឬស្សីទៅវាយសំពងទៅលើជនរងគ្រោះ បណ្តាលឱ្យរយះក្បាលហូរឈាមស្រោចខ្លួន កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ នៅភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង។
បុរសរងគ្រោះដែលនៅសុខៗត្រូវគេវាយសំពង១ដំបងឬស្សី បណ្តាលឱ្យបែកក្បាល មានឈ្មោះនុំ ផាន អាយុ៣៩ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ (មានស្នាមរយះក្បាលខាងឆ្វេង១កន្លែង និងកំពុងព្យាបាលនៅមណ្ឌសុខភាពឃុំតាលន់។ ចំណែកជនសង្ស័យ ឈ្មោះស៊ឹម ចន្ថា អាយុ៤៦ឆ្នាំ (ជាជនមានសតិមិនប្រក្រតី ដោយមិនអាចយកចម្លើយបាន)។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះនុំ ផាន មានសភាពស្រវឹងស្រាកំពុងដើរត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ លុះពេលដើរទៅដល់មុខផ្ទះរបស់ជនបង្កឈ្មោះស៊ឹម ចន្ថា ពេលនោះជានបង្កដែលកំពុងស្ថិតក្នុងសភាពស្រវឹងស្រាដូចគ្នា បានស្ទុះទៅទាញដំបងឫស្សីវាយក្បាលជនរងគ្រោះយ៉ាងពេញទំហឹង បណ្តាលឱ្យរយះហូរឈាមតែម្តង។
ប្រភពដដែលបន្តថា បន្ទាប់ពីត្រូវជនបង្កវាយរយះក្បាលហើយ ជនរងគ្រោះបានដើរទៅដេកលើអង្រឹងក្រោមផ្ទះរបស់ខ្លួន ដោយមិនបានទៅមន្ទីរពេទ្យដើម្បីព្យាបាលឡើយ។ រហូតដល់ម៉ោង២រសៀលថ្ងៃដដែល ទើបសមត្ថកិច្ចនគរបាលប៉ុស្តិ៍តាលន់ ទទួលបានព័ត៌មានខាងលើ ក៏ចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ រួចបញ្ជូនជនរងគ្រោះមកពេទ្យឃុំតាលន់ ដើម្បីព្យាបាលរបួសស្នាម។
ចំណែកជនសង្ស័យបានឃាត់ខ្លួនមកដល់ប៉ុស្តិ៍តាលន់ដើម្បីបន្តអនុវត្តតាមនីតិវិធី៕