ខេត្តកំពង់ស្ពឺ ៖ បុរសជាឪពុកចុងល្មោភ តណ្ហាម្នាក់ បានធ្វើសកម្មភាពលូកលេងប្រដាប់ភេទកូនស្រី ខណៈដែលនាងកំពុងដេកលង់លក់ លុះស្ត្រីជាប្រពន្ធតាមទាន់ ស្រែកឃាត់ស្រាប់តែប្តីកំណាចច្រឡោតខឹងស្ទុះទៅចាប់បោចសក់ ប្រពន្ធវាយដំ បណ្តាលឱ្យរងរបួស ទីបំផុតស្ត្រីជាប្រពន្ធ ទ្រាំលែងបាន ក៏ដាក់ពាក្យប្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួនប្តីកំណាចល្មោភកាមយកទៅចាត់ការតាមច្បាប់។
ករណីឪពុកចុងបៀតបៀនកេរ្តិ៍ខ្មាសកូនស្រី ត្រូវប្រពន្ធតាមទាន់ បែរជាជះកំហឹងចាប់ប្រពន្ធ វ៉ៃបោចសក់ បានកើតឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចភូមិ ព្រៃស្រូល ឃុំពោធិ៍អង្ក្រង ស្រុកបសេដ្ឋ។
បុរសល្មោភកាមដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះឆាយ លក្ខិណា អាយុ៣១ឆ្នាំ មុខរបរកសិករ មានប្រពន្ធត្រូវជាម្តាយបង្កើតរបស់ក្មេងស្រីរងគ្រោះ។ ចំណែកក្មេងស្រីរងគ្រោះ ទើបនឹងមានអាយុ៦ឆ្នាំប៉ុណ្ណោះ សព្វថ្ងៃស្នាក់នៅផ្ទះជុំគ្នា។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨ ជនសង្ស័យឈ្មោះឆាយ លក្ខិណា ឆ្លៀតពេលដែលកូនស្រី (ក្មេងស្រីរងគ្រោះ) ដេកលង់លក់ ក៏ធ្វើសកម្មភាពចូលទៅលូកស្ទាបប្រដាប់ភេទកូនស្រី ស្រាប់តែភ្លាមនោះ ត្រូវស្ត្រីជាប្រពន្ធ (ម្តាយបង្កើតក្មេងស្រីរងគ្រោះ) បានចូលមកដល់ ប្រទះឃើញទាន់ ទើបស្រែកឃាត់ និងបានស្តី បន្ទោសឱ្យប្តី២-៣ម៉ាត់ ស្រាប់តែប្តីកំណាច បានស្ទុះទៅចាប់បោចសក់ស្ត្រីរងគ្រោះជាប្រពន្ធ រួចវាយដំ បណ្តាលឱ្យរងរបួសតែម្តង។
ក្រោយកើតហេតុភ្លាមៗ ដោយសារតែស្ត្រីជាប្រពន្ធទ្រាំនឹងទង្វើដ៏ថោកទាបរបស់ប្តី តទៅទៀតលែងបានក៏រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍ ចាប់ខ្លួនជនសង្ស័យ យកទៅសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕