ភ្នំពេញ ៖ កំលោះវ័យក្មេងម្នាក់នេះ បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីរូបគេដែលទើបនឹងមានអាយុ២០ឆ្នាំប៉ុណ្ណោះ បានសម្រេចចិត្តដឹកដៃកូនក្រមុំអាយុ៥០ឆ្នាំ ចូលរោងការតាមប្រពៃណី ដោយមិនខ្វល់ខ្វាយទៅនឹងពាក្យសម្តីរិះគន់ សើចចំអកអ្វីទាំងអស់ និងថែមទាំងបានអះអាងថា ចំណងស្នេហ៍នេះផ្តើមចេញពីសេចក្តីស្នេហាបរិសុទ្ធ ហេតុនេះទោះជាលំបាកយ៉ាងណា ក៏ត្រូវតែដើរទៅមុខជាមួយគ្នារហូត។
គូស្វាមីភរិយាខុសវ័យខាងលើនេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថាខាងកូនកំលោះ មានអាយុ២០ឆ្នាំ។ ចំណែកខាងកូនក្រមុំ មានវ័យអាយុ៥០ឆ្នាំទៅហើយ ហើយអ្នកទាំងពីរបានដឹកដៃគ្នាចូលរោងការ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅ។
យោងតាមគណនីហ្វេសប៊ុក ភាគីកូនកំលោះដែលមានឈ្មោះ Hour Jing បានបង្ហោះសារមួយកាលពីពេលថ្មីថា “ខ្សែជីវិតយើងម្នាក់ៗ រឿងគូស្រករ មើលមិនដឹងមែន តែពេលនេះហើយ គឺដូចជាលើរូបនេះ តែមិនសំខាន់ឱ្យតែយល់អ្វីថា ក្តីស្រលាញ់ និងសុខ ក្តីលំបាកជាមួយគ្នានេះ ហើយបានហៅថាក្តីស្រលាញ់ពិតរបស់យើងទោះលំបាកតែត្រូវដើរជាមួយគ្នាទៅមុខរហូតទៅ…”។
ម្ចាស់គណនីខាងលើ បានបន្តថា “សុំអរគុណបងប្អូនទាំងអស់ ដែលបានចូលរួមក្នុងពិធីមង្គលការរបស់ខ្ញុំបាទ ខ្ញុំសូមឱ្យសុខសប្បាយ និងមានក្តីសុខទាំងអស់គ្នាផងដែរ…”។
តាមការបញ្ជាក់ពីភាគីបុរសជាកូនកំលោះ បានឱ្យដឹងថា ប្រពន្ធថ្មោងថ្មីរបស់លោកមានវ័យ៥០ឆ្នាំគត់ និងជាអាណិកជនរស់នៅប្រទេសញូវហ្សេឡែនដ៍។ លោកថា ពួកលោកបានទាក់ទងស្នេហាជាមួយគ្នា អស់រយៈពេលជាង១ឆ្នាំមកហើយ ដោយចិត្តនឹងចិត្ត ហើយគ្មានអ្នកណាមួយបង្ខំឡើយ គឺចេញពីបេះដូងដ៏បរិសុទ្ធរៀងៗខ្លួន។ លោកបានបន្តថា មានមិត្តជាច្រើននាក់បានឆាត មកសួរលោកថា តើសម្រេចចិត្តច្បាស់ហើយឬនៅ? បើច្បាស់យកទៅអាយុគ្រាន់តែជាតួលេខប៉ុណ្ណោះ។
កូនកំលោះរូបនេះ បានបញ្ជាក់ថា នេះជាជម្រើសរបស់លោក ព្រោះវាជានិស្ស័យ ហើយចំពោះរឿងអាយុនោះ លោកមិនគិតទេ សំខាន់គឺការយល់ចិត្តនិងស្រឡាញ់គ្នា ទើបជាកត្តាចម្បងសម្រាប់ជីវិត្តប្តីប្រពន្ធរបស់លោក។
គួរបញ្ជាក់ថា កូនកំលោះរូបនេះ ធ្លាប់បានប្រឡូកនៅក្នុងវិស័យសិល្បៈភាពយន្តផងដែរ គ្រាន់តែមិនទាន់ល្បីប៉ុណ្ណោះ។ ប៉ុន្តែពេលនេះ តាមរយៈមង្គលការខុសវ័យនេះ បានធ្វើឱ្យលោកល្បីឈ្មោះជាងក្នុងការសម្តែងភាពយន្ត ដែលលោកប្រឹងប្រឡូកអស់ពេលជាច្រើនឆ្នាំទៅទៀត។
ជុំវិញរឿងរ៉ាវខាងលើ គេឃើញអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមួយចំនួនតូច បានធ្វើការរិះគន់និងសើចពេបជ្រាយ ប៉ុន្តែផ្ទុយទៅវិញ មួយចំនួនធំ បានពោលសរសើរ និងលើកទឹកចិត្តគូស្វាមីភរិយាខាងលើ ព្រមទាំងជូនពរឱ្យចំណងស្នេហ៍នេះឋិតថេររហូតតទៅទៀតផង៕