Sunday, January 19, 2025
Homeសង្គម និងជីវិតអាណិតណាស់!!! ក្មេងប្រុសបម្រើផ្ទះលោកធំ រងទារុណកម្មវ៉ៃដំរាល់ថ្ងៃ

អាណិតណាស់!!! ក្មេងប្រុសបម្រើផ្ទះលោកធំ រងទារុណកម្មវ៉ៃដំរាល់ថ្ងៃ

ភ្នំពេញ ៖ ក្មេងប្រុស២នាក់ ត្រូវជាបងប្អូនបង្កើតនឹងគ្នា បានចូលមកធ្វើការបម្រើនៅក្នុងផ្ទះលោកធំម្នាក់ និងត្រូវបានលោកធំរូបនោះ ប្រើអំពើហ្សិវាយាដំ ធ្វើទារុណកម្មជារៀងរាល់ថ្ងៃ រហូតដល់ទ្រាំលែងបាន ក៏ដាច់ចិត្តនាំបងប្អូនរត់ចេញពីផ្ទះលោកធំ មកប្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

ករណីក្មេងប្រុស២នាក់រត់គេចពីការធ្វើទារុណកម្ម មកសុំជំនួយពីសមត្ថកិច្ចនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

ក្មេងប្រុសទាំង២នាក់បងប្អូន ដែលរត់ចេញពីផ្ទះលោកធំនេះ រួមមានក្មេងប្រុសបង មានឈ្មោះវី អាយុ១០ឆ្នាំ ចំណែកក្មេងប្រុសប្អូន មានឈ្មោះវង្ស អាយុ៦ឆ្នាំ មានឪពុកម្តាយ និងស្រុកកំណើតនៅឯខេត្តតាកែវ។ ចំណែកផ្ទះដែលក្មេងប្រុសទាំង២នាក់ ចូលទៅធ្វើការបម្រើ និងបានរត់ចេញមកនោះ គឺជាភូមិគ្រឹះរបស់លោកកាន់ ម៉ន មានងារជាឯកឧត្តម និងជាអតីតមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច។

លោកអ៊ុង រ៉ូន ចៅសង្កាត់រងទី១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ បានបញ្ជាក់ប្រាប់ថា កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ មានក្មេងប្រុសពីរនាក់បងប្អូនបង្កើត ដែលមានអាយុក្រោម១០ឆ្នាំ បានរត់ចេញពីភូមិគ្រឹះឯកឧត្តម កាន់ ម៉ន អតីតសមាជិកសភាគណបក្សហ៊្វុនស៊ិនប៉ិច ដែលមានទីតាំងនៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ ក្នុងសភាពភ័យខ្លាច និងសុំឱ្យអាជ្ញាធរជួយអន្តរាគមន៍ដល់ពួកគេ ឱ្យរួចផុតពីការធ្វើទារុណកម្មពីម្ចាស់ភូមិគ្រឹះខាងលើ។

លោកអ៊ុង រ៉ូន បានបន្តថា ក្មេងប្រុសទាំងពីរនាក់មានអារម្មណ៍ភ័យខ្លាច ហើយបានបញ្ជាក់ថា រូបគេមានឈ្មោះវី ចំណែកប្អូនរបស់គេមានឈ្មោះវង្ស ហើយម្តាយឪពុកពួកគេនៅឯខេត្តតាកែវឯណោះ។ នៅចំពោះមុខអាជ្ញាធរក្មេងប្រុសទាំងពីរនាក់បងប្អូន បាននិយាយថា ពួកគេត្រូវបានម្ចាស់ភូមិគ្រឹះប្រើឱ្យសែងកំណាត់ដើមដូងឡើងបេះផ្លែស្វាយ និងមើលមាន់ ហើយនៅពេលដែលពួកគេធ្វើឱ្យម្ចាស់ផ្ទះទាស់ចិត្ត គឺតែងត្រូវម្ចាស់ផ្ទះវាយធ្វើបាបរាល់ថ្ងៃ រហូតដល់ពួកគេទ្រាំមិនបានក៏នាំគ្នារត់ចេញពីភូមិគ្រឹះនេះតែម្តង ខណៈដែលម្ចាស់ផ្ទះភ្លេចខ្លួន។

បន្ទាប់ពីត្រូវបានបញ្ជូនមកកាន់សាលាសង្កាត់និរោធរួចមក លោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ បានឱ្យមន្ត្រីជំនាញការិយាល័យសង្គមកិច្ចខណ្ឌ ចុះទៅសហការជាមួយមន្ទីរសង្គមកិច្ច នាំយកក្មេងប្រុសទាំងពីរទៅមើលថែជាបណ្តោះអាសន្នសិន។ ដោយ ឡែកម្ចាស់ភូមិគ្រឹះ ត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចកំពុងពិនិត្យធ្វើការស្រាវជ្រាវ ដើម្បីអនុវត្តតាមនីតិវិធី។

តាមការបង្ហើបប្រាប់ពីអាជ្ញាធរមូលដ្ឋាន ម្ចាស់ភូមិគ្រឹះខាងលើនេះ កាលពីប៉ុន្មានឆ្នាំមុន ធ្លាប់បានធ្វើទារុណកម្មមកលើកុមារតូចៗម្តងរួចមកហើយ។

ជុំវិញករណីខាងលើនេះ នគរធំ នៅមិនទាន់អាចទាក់ទងសុំការបំភ្លឺពីលោកកាន់ ម៉ន ជាម្ចាស់ភូមិគ្រឹះ ដែលទទួលរងការចោទប្រកាន់ពីក្មេងប្រុសរងគ្រោះទាំង២នាក់បងប្អូន បាននៅឡើយទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES