ខេត្តកំពត ៖ ក្មេងស្រី២នាក់ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា កំពុងនៅចាំផ្ទះតែ២នាក់ ខណៈឪពុកម្តាយរវល់ចេញទៅធ្វើចម្ការអស់ ស្រាប់តែត្រូវប្រុសព្រានល្មោភកាមម្នាក់ បានចូលមកធ្វើសកម្មភាពចាប់រំលោភក្មេងស្រីរងគ្រោះទាំង២នាក់ជាបន្តបន្ទាប់ ដោយចាប់រំលោភក្មេងស្រីទី១ បានសម្រេចហើយ ក៏បន្តទៅរំលោភក្មេងស្រីម្នាក់ទៀត តែមិនទាន់បានសម្រេចផង ក៏ត្រូវម្តាយឪពុកក្មេងស្រីរងគ្រោះមកទាន់ ចាប់ក្របួចជាប់ យកទៅប្រគល់ឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់។
ករណីប្រុសព្រានរំលោភកូនស្រីគេ២នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចភូមិអូរស្លែង ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច។
ជនល្មោភកាមដែលចាប់រំលោភក្មេងស្រី និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះបេង រឹម អាយុ៣៧ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះទាំង២នាក់ រួមមាន ទី១-ឈ្មោះជ.ច.ន អាយុ១២ឆ្នាំ (រំលោភបានសម្រេច) និងទី២-ឈ្មោះ ជ.ច.ន អាយុ១២ឆ្នាំដូចគ្នា (រំលោភមិនបានសម្រេច)។ ក្មេងស្រីរងគ្រោះទាំង២នាក់ ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា និងមានលំនៅក្នុងភូមិជាមួយជនសង្ស័យដែរ (ផ្ទះក្បែរគ្នា)។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ឪពុកម្តាយក្មេងស្រីរងគ្រោះទាំង២នាក់ បាននាំគ្នាចេញទៅធ្វើចម្ការអស់ ដោយទុកឱ្យក្មេងស្រីទាំង២នាក់ ដែលត្រូវជាបងប្អូនជីដូនមួយនឹងគ្នានៅចាំផ្ទះ។ លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ក៏លេចមុខ ជនសង្ស័យចូលមកសួរនាំរកឪពុកម្តាយក្មេងស្រីរងគ្រោះ លុះពួកនាងប្រាប់ថា ឪពុកម្តាយមិននៅ រវល់ចេញទៅចម្ការអស់ហើយ ក៏ធ្វើឱ្យជនសង្ស័យឃើញឱកាសស្ងាត់ល្អ ក៏ធ្វើសកម្មភាពចាប់រំលោភក្មេងស្រីរងគ្រោះទី១ រហូតដល់បានសម្រេចតែម្តង។
ប្រភពដដែលបន្តថា បន្ទាប់ពីរំលោភក្មេងស្រីរងគ្រោះទី១ បំពេញតណ្ហារួចហើយ ជនសង្ស័យក៏បែកគំនិតចាប់រំលោភក្មេងស្រីរងគ្រោះទី២បន្តទៀត ប៉ុន្តែខណៈដែលកំពុងធ្វើសកម្មភាពមិនទាន់បានសម្រេចផង ក៏ត្រូវម្តាយឪពុករបស់ក្មេងស្រីរងគ្រោះត្រឡប់មកផ្ទះវិញ ប្រទះឃើញ ទាន់ ក៏ចាប់ឃាត់ខ្លួនជនសង្ស័យយកទៅប្រគល់ឱ្យសមត្ថកិច្ចតែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនល្មោភកាមឈ្មោះបេង រឹម បានឆ្លើយសារភាពថា រូបគេពិតជាបានប្រព្រឹត្តសកម្មភាពចាប់រំលោភក្មេងស្រីរងគ្រោះទាំង២នាក់ខាងលើប្រាកដមែន តែបានសម្រេចតែម្នាក់ប៉ុណ្ណោះ ចំណែកម្នាក់ទៀតមិនបានសម្រេចនោះទេ ព្រោះត្រូវម្តាយឪពុកនាងតាមទាន់។
បច្ចុប្បន្ន ជនសង្ស័យល្មោភកាមខាងលើ ត្រូវបានសមត្ថកិច្ច រៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕