Sunday, January 19, 2025
Homeសង្គម និងជីវិតប្រុសព្រានរំលោភកូនស្រី ម៉ែទុកពេល២ថ្ងៃឱ្យសុំទោស មិនព្រមជាប់ខ្នោះ

ប្រុសព្រានរំលោភកូនស្រី ម៉ែទុកពេល២ថ្ងៃឱ្យសុំទោស មិនព្រមជាប់ខ្នោះ

ខេត្តព្រះសីហនុ ៖ យុវជនកំហូចម្នាក់ បានលួងលោមនារីវ័យក្មេងម្នាក់ជិះម៉ូតូដើរលេង រួចក៏ដឹកបង្ហួសចូលទៅកន្លែងស្ងាត់ប៉ុនប៉ងចាប់រំលោភដល់ទៅ២ដង តែមិនសម្រេច លុះនារីរងគ្រោះទម្លាយរឿងរ៉ាវប្រាប់ឪពុកម្តាយ ក៏ត្រូវឪពុកម្តាយខាងស្រីទុកឱកាសឱ្យ២ថ្ងៃ ដើម្បីចូលមក សុំទោសដែរ ប៉ុន្តែប្រុសព្រានមិនព្រមចូលខ្លួន ទើបធ្វើឱ្យឪពុកម្តាយខាងស្រីខឹង ប្តឹងប៉ូលិសចាប់ខ្លួនយកមកចាត់ការតាមច្បាប់។

ករណីប្រុសព្រានប៉ុនប៉ងរំលោភស្រីក្មេងនេះ បានកើតឡើងតាំងពីវេលាម៉ោង៨ និង២០នាទីយប់ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្លូវបូរីគុជអាស៊ី ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ក្រោយមកដោយសារតែខាងប្រុសមិនព្រមចូលខ្លួនសុំទោសខាងស្រី ទើបត្រូវឪពុកម្តាយខាងស្រី ប្តឹងសមត្ថកិច្ចឱ្យចុះចាប់ខ្លួនជនសង្ស័យបាន កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះលឹម វ៉ាត អាយុ២៣ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅក្រុមទី២៣ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ចំណែកនារីរងគ្រោះ មានឈ្មោះម.ម.ន.ន អាយុ២២ឆ្នាំ ជាបុគ្គលិកសណ្ឋាគារមួយកន្លែងក្នុងក្រុងព្រះសីហនុ និងមានលំនៅក្នុងភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

លោកវរសេនីយ៍ទោ ភុល ភស្តា អធិការនគរបាលក្រុងព្រះសីហនុ បានបញ្ជាក់ប្រាប់ថា ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចក្រុងព្រះសីហនុ ឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់អាណាព្យាបាលខាងស្រី ដែលបានប្តឹងចោទប្រកាន់ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈកូនស្រីរបស់គាត់ តែមិនបានសម្រេច។

លោកអធិការនគរបាលក្រុង បានបន្ថែមថា ជនសង្ស័យឈ្មោះលឹម វ៉ាត បានស្គាល់គ្នាជាមួយនារីរងគ្រោះមួយរយៈមកហើយ លុះមកដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅ ជនសង្ស័យបានបបួលនារីរងគ្រោះជិះម៉ូតូដើលេងរកំសាន្ត រហូតដល់វេលាម៉ោង៨ និង២០នាទីយប់ ថ្ងៃដដែល ជនសង្ស័យក៏បានដឹកនារីរងគ្រោះចូលទៅក្នុងតំបន់បុរីគុជអាស៊ី ដែលជាកន្លែងស្ងាត់ លុះទៅដល់ជនសង្ស័យ ក៏បានចាប់បង្ខំរំលោភនារីរងគ្រោះតែម្តង តែត្រូវនាងរើបម្រះ និងទះកំផ្លៀងជនសង្ស័យ១ដៃ ហើយរត់ចេញមកក្រៅ។ ស្រាប់តែភ្លាមនោះ ជនសង្ស័យបានរត់ដេញ តាមចាប់នារីរងគ្រោះម្តងទៀត ប៉ុន្តែត្រូវនាងរើបំរាស់យ៉ាងខ្លាំង ហើយខ្វាចមុខ ធ្វើឱ្យជនសង្ស័យនៅតែមិនអាចចាប់រំលោភនារីរងគ្រោះបានដដែល និងបានសម្រេចចិត្តជូននារីរងគ្រោះត្រឡប់ទៅផ្ទះវិញ។

លោកអធិការ បានឱ្យដឹងទៀតថា លុះពេលទៅដល់ផ្ទះ នារីរងគ្រោះបានរៀបរាប់រឿងហេតុដែលកើតឡើង ឱ្យឪពុកម្តាយបានដឹង ទើបឪពុកម្តាយនារីរងគ្រោះ បានសម្រេចចិត្តទុកពេលឱ្យជនសង្ស័យចំនួន២ថ្ងៃ ដើម្បីចូលខ្លួនមកសុំទោស ចំពោះកំហុសឆ្គងរបស់ខ្លួន ដែលបានប្រព្រឹត្តមកលើកូនស្រីពួកគាត់ ប៉ុន្តែជនសង្ស័យឈ្មោះលឹម វ៉ាត នៅតែមិនចូលខ្លួន ទើបឪពុកម្តាយខាងស្រី សម្រេចចិត្តប្តឹងឱ្យសមត្ថកិច្ច ចាត់ការតាមច្បាប់តែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះលឹម វ៉ាត បានឆ្លើយសារភាពថា រូបគេពិតជាបានប្រព្រឹត្តដូចអ្វីដែលឪពុកម្តាយខាងស្រីប្តឹងចោទប្រកាន់មែន។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES