ភ្នំពេញ ៖ បុរសម្នាក់ ធ្វើដំណើរមកពីខេត្តកំពង់ស្ពឺ បំណងមកលេងផ្ទះបងប្អូននៅភ្នំពេញ លុះកើតមានអាការៈមិនសូវស្រួលខ្លួន ក៏ឈៀងចូលរកសេវាកោសជប់សិន ស្រាប់តែកោសជប់រួច រាប់លុយបាត់អស់៦០០ដុល្លារ ក៏ប្តឹងសមត្ថកិច្ចចាប់ទាំងម្ចាស់ហាង និងនារីកោសជប់ដៃឆើតម្នាក់ មកសួរនាំ និងចាត់ការតាមច្បាប់។
ករណីនារីកោសជប់ស៊ីដាច់លុយភ្ញៀវនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចហាង កោសជប់ម៉ាស្សាមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវ១០១៩ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
បុរសរងគ្រោះ ដែលចូលរកសេវាកោជប់មួយភ្លែត អស់ប្រាក់ដល់ទៅ៦០០ដុល្លារ មានឈ្មោះសុខ ឈឿន អាយុ៤៩ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិបន្ទាយរកា ឃុំក្រាំដីវាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ចំណែកជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះកង វុធ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរម្ចាស់ហាងម៉ាស្សា ស្នាក់នៅហាងម៉ាស្សាខាងលើ និងទី២-ឈ្មោះលន់ សុភី ភេទស្រី អាយុ៣២ឆ្នាំ មុខរបរម៉ាស្សាកោសជប់ ស្នាក់នៅហាងម៉ាស្សា ទីតាំងកើតហេតុខាងលើ។
តាមសម្តីបុរសរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គាត់បានធ្វើដំណើរមកពីខេត្តកំពង់ស្ពឺ បំណងមកលេងផ្ទះបងប្អូន នៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ លុះមកដល់ភ្នំពេញ ដោយកើតមានអាការៈមិនសូវស្រួលខ្លួន ទើបគាត់បានចូលទៅកន្លែងម៉ាស្សាកោសជប់ នៅចំណុចកើតហេតុខាងលើ ដើម្បីកោសជប់សម្រួលសរសៃចេញម្តង។
បុរសរងគ្រោះបន្តថា លុះពេលកំពុងកោសខ្យល់ គាត់បានប្រទះឃើញមនុស្សស្រីម្នាក់ មិនស្គាល់អត្តសញ្ញាណ កំពុងឈរក្បែរខោរបស់គាត់ដែលដាក់ព្យួរនៅក្បែរទ្វារជាប់ជញ្ជាំង លុះឃើញគាត់សម្លឹងមើល មនុស្សស្រីនោះ ក៏ចាកចេញទៅវិញបាត់យ៉ាងលឿន។ ដោយមានការសង្ស័យ ទើបគាត់បានក្រោកដើរទៅមើលលុយក្នុងហោប៉ៅខាងក្រោយ ក៏ឃើញហោប៉ៅចំហឡេវ លុះឆែកមើល ទើបដឹងថា បាត់លុយពិតប្រាកដ ចំនួន៦០០ដុល្លារ តែបែរជាឃើញសល់តែលុយក្រដាសសែន ប្រភេទ១០០ដុល្លារ ចំនួន៦ស្លឹកទៅវិញ ទើបកើតមានការផ្អើលឆោឡោឡើងតែម្តង។
ក្រោយកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ដើម្បីសុំជួយអន្តរាគមន៍ បន្ទាប់មកសមត្ថកិច្ចបានចុះ ដល់ចំណុចកើតហេតុ និងបាននាំខ្លួនជនសង្ស័យទាំង២នាក់ខាងលើ យកមកសាសួរនៅប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី។ ចំណែកស្ត្រីម្នាក់ជាជនដៃដល់គេចខ្លួនបាត់ ហើយជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕