Sunday, December 22, 2024
Homeព័ត៌មានជាតិវាយ​គូរ​ទំនាស់​គេច​ខ្លួន​ជា​ច្រើន​ឆ្នាំ ​ត្រឡប់​មក​វិញ​ ជាប់​ខ្នោះ​

វាយ​គូរ​ទំនាស់​គេច​ខ្លួន​ជា​ច្រើន​ឆ្នាំ ​ត្រឡប់​មក​វិញ​ ជាប់​ខ្នោះ​

ខេត្ដកណ្ដាលៈ បុរសម្នាក់បានធ្វើសកម្មភាពវាយគូរទំនាស់បណ្ដាលឲ្យរងរបួសលើរាងកាយ រួចគេចខ្លួនចេញពីលំនៅដ្ឋានអស់រយៈពេលជាច្រើនឆ្នាំនឹកស្មានថា រួចផុតពីទោសទណ្ឌត្រឡប់ចូលលំនៅដ្ឋានវិញ ក៏ត្រូវបានសមត្ថកិច្ចប៉ូលិសមូលដ្ឋានចាប់ខ្លួនកាលពីរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ដោយអនុវត្ដតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្ដកណ្ដាល ។

ជនត្រូវចោទមានឈ្មោះ រិន រ៉េត ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិជៃធំ ឃុំជៃធំ ស្រុកខ្សាច់កណ្ដាល ខេត្ដកណ្ដាល ត្រូវបានសមត្ថកិច្ចប៉ូលិសចុះអនុវត្ដដីកាបង្គាប់ឲ្យចាប់ខ្លួននៅលំនៅដ្ឋាន ។ ដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៨៩១ ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១១ ដោយលោក ផូង វណ្ណ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ដកណ្ដាល ។ លោក ផូង វណ្ណ បានសម្រេចចោទប្រកាន់ឈ្មោះ រិន រ៉េត ពីបទបង្ករបួសស្នាមដោយចេតនា ដែលបានប្រព្រឹត្ដនៅភូមិជៃធំ ឃុំជៃធំ ស្រុកខ្សាច់កណ្ដាល ខេត្ដកណ្ដាល កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៨ ។

ប៉ូលិសព្រហ្មទណ្ឌស្រុកខ្សាច់កណ្ដាលបានរំឮកថា កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៨ កន្លងទៅជាងរយៈពេល៨ឆ្នាំ ជនត្រូវចោទខាងលើនេះបានធ្វើសកម្មភាពវាយគូរទំនាស់ក្នុងជំលោះពាក្យសំដី បណ្ដាលឲ្យជនរងគ្រោះរងរបួសលើរាងកាយ ។

ក្រោយពីធ្វើសកម្មភាពរួចជននេះបានគេចខ្លួនចេញពីលំនៅដ្ឋានដោយពុំដឹងថាទៅទីណានោះទេ រហូតអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះទើបជនត្រូវចោទត្រឡប់ចូលលំនៅដ្ឋានវិញ ខណៈដែលសមត្ថកិច្ចមានដីកាបង្គាប់ឲ្យចាប់ខ្លួននៅដៃ ក៏ចុះអនុវត្ដចាប់ខ្លួនជនត្រូវចោទខាងលើនេះតែម្ដង ៕

សិលា

 

 

RELATED ARTICLES