Monday, November 25, 2024
Homeសេដ្ឋកិច្ចជាតិទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​កើន​ឡើង​ជាង​៧ពាន់​លាន​ដុល្លារ​ក្នុង​៧ខែ​ឆ្នាំ​នេះ

ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​កើន​ឡើង​ជាង​៧ពាន់​លាន​ដុល្លារ​ក្នុង​៧ខែ​ឆ្នាំ​នេះ

ភ្នំពេញ ៖ ទុនវិនិយោគក្នុងវិស័យសំណង់ និងអចលនទ្រព្យរយៈពេល៧ខែឆ្នាំនេះ មានទំហំទឹកប្រាក់៧១០៨ដុល្លារអាមេរិក កើនឡើង៧១៩.៣៩ភាគរយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានទំហំទឹកប្រាក់ត្រឹមតែ ៨៩៩លានដុល្លារអាមេរិកប៉ុណ្ណោះ។

លោកឡៅ ទិព្វសីហាអនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៦ សីហានេះថា គិតត្រឹមរយៈពេល៧ខែឆ្នាំនេះ ក្រសួងបានងនុម័តគំរោងចំនួន១៥០០នៅទូទាំងប្រទេស ដែលមានផ្ទៃក្រឡាសំណង់សរុបជាង១១លានម៉ែត្រការ៉េ និងមានទឹកប្រាក់សរុប៧១០៨លានដុល្លារអាមេរិក ខណៈរយៈពេលដូចគ្នាកាលពីឆ្នាំមុនមានគំរោងចំនួន១០៨៣គំរោង និងមានផ្ទៃក្រឡាសំណង់សរុបទំហំ២.៧លានម៉ែត្រការ៉េប៉ុណ្ណោះត្រូវបានអនុម័ត។

8

លោកបន្តថា “ការកើនឡើងនូវការវិនិយោគក្នុងវិស័យសំណង់ និងអចលនវត្ថុឆ្នាំនេះ ដោយសារការសាងសង់អាគារស្នាក់នៅរួម ភូមិគ្រឹះ ផ្ទះល្វែង អាគារការិយាល័យ ផ្សារទំនើប មជ្ឈមណ្ឌលពាណិជ្ជកម្ម និងឧស្សាហកម្មកើនឡើង និងម្យ៉ាងទៀតដោយសារកំនើនសេដ្ឋកិច្ចកម្ពុជាមានស្ថិរភាព ការធានាបាននូវសន្តិសុខ ស្ថិរភា ពនយោបាយ ការកើនឡើងនូវកម្រិតប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ការជឿជាក់លើគុណភាព និងសុវត្ថិភាពរបស់អាគារជាដើម”។លោកបន្តថា “តំលៃកំលាំងពលកម្ម និងធនធានមនុស្សក្នុងវិស័យនេះមានភាពសមល្មម នឹងការអភិវឌ្ឍន៍ក្នុងវិស័យនេះ ក៏សុទ្ឋតែជាកត្តារួមចំណែកជំរុញកំនើនវិនិយោគក្នុងវិស័យនេះផងដែរ”។

តំលៃដីធ្លីទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា ក៏បានរួមចំណែកនិងទាក់ទាញអ្នកវិនិយោគចូលមកវិនិយោគក្នុងវិស័យនេះផងដែរ។

លោកឡៅ ទិព្វសីហាបានបន្តថា “លោកគិតថាវិស័យនេះកំពុងនាំមុខវិស័យស្នូលបីទៀត ដូចជាវិស័យវាយណភ័ណ្ឌ វិស័យកសិកម្ម និងវិស័យទេសចរណ៍ ក្នុងការជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ”។លោកបន្តថា “វិស័យនេះនឹងនៅតែជាជន្ទល់យ៉ាងសំខាន់ ក្នុងការជំរុញកំនើន និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ”។

ប្រធានសមាគមអ្នកវាយតំលៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកគីម ហ៊ាងហាក់មន្ទិលអំពីកំណើននៃការវិនិយោគនេះ ដោយលោកបានលើកជាសំណួរថា តើគំរោងជាង៧ពាន់លានដុល្លារអាមេរិកផ្អែកទៅលើអ្វី ប្រសិនជាលុយចូលមកក្នុងវិស័យនេះពិតប្រាកដជារឿងអបអរសាទរ ប៉ុន្តែសំណួរគឺថា តើគំរោងណាមួយដែលមិនជំពាក់ប្រាក់របស់ធនាគារ និងម្ចាស់គំរោងនិមួយៗមានប្រាក់សម្រាប់សាងសង់គ្រប់ឬចាំលក់គំរោងហើយ យកលុយពីអតិថិជនទៅសាងសង់?។

លោកបន្តថា មានម្ចាស់គំរោងមួយចំនួនបាននិយាយថាពួកគេមានលុយ៥លានដុល្លារ ពួកគេសាងសង់អស់តែ១៥លានដុល្លារ ប៉ុន្តែពួកគេរំពឹងលក់គំរោងរបស់ខ្លួនបាន៥០លានដុល្លារ ហើយក៏ប្រកាសគំរោងរបស់ខ្លួនតំលៃ៥០លានដុល្លារ ប៉ុន្តែពេលពិនិត្យទឹកប្រាក់មែនទែន ម្ចាស់គំរោងនោះមានទឹកប្រាក់តែ២.៥លានដុល្លារប៉ុណ្ណោះ ហើយទឹកប្រាក់២.៥០លានដុល្លារទៀត ជាទឹកប្រាក់កម្ចីពីធនាគារ។

ដោយ ៖ គង់ លាងហួរ

RELATED ARTICLES